ក្រុង​ប៉ារីស៖ ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ចាប់​​មាន​ដង្ហើម​ដក​វិញ​ហើយ សម្រាប់​យុទ្ធនាការ​នៅ Euro 2020 របស់​ខ្លួន បន្ទាប់​ពី​បាន​វាយ​បក​យក​ឈ្នះ ៤-២ លើ​​ក្រុម​ម្ចាស់​ជើងឯក​ចាស់​ព័រទុយហ្គាល់ អំឡុង​ការ​ប្រកួត​នាក្រុង​មុយនិច កាល​ពី​ថ្ងៃ​សៅរ៍ ទោះបី​ជា​តារា​ឆ្នើម​​ Cristiano Ronaldo កំពុង​កៀក​នឹង​ការ​ធ្វើ​បាន​កំណត់ត្រា​ក្នុង​នាម​ជា​​អ្នក​ស៊ុត​គ្រាប់​បាល់​ជម្រើស​ជាតិ​បាន​ច្រើ​ន​ជាង​គេ​ក៏​ដោយ ខណៈ​ក្រុម​ជើងឯក​ពិភព​លោក​បារាំង សំណាង​ល្អ​ ដែល​បាន ១ ពិន្ទុ​ពី​ហុងគ្រី​។

ក្រុម​ឥន្ទ្រី​ដែក​ដឹង​ថា បរាជ័យ​ដោយសារ​ព័រទុយ​ហ្គាល់​ក្នុង​ការ​ប្រកួត​នៅ​ឯ​កីឡដ្ឋាន Allianz Arena នឹង​នាំ​ឱ្យ​ពួក​គេ​នៅ​លើ​មាត់​ជ្រោះ​នៃ​ការ​ធ្លាក់​ចេញ​ពី​ពូល F បន្ទាប់​ពី​ធ្លាប់​មាន​ប្រវត្តិ​ក្នុង​ការ​ឆ្លង​មិន​ផុត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ហ្នឹង​ម្ដង​ហើយ​កាល​ពី​ World Cup 2018​។

ក្រុម​ការពារ​ជើងឯក​ព័រទុយហ្គាល់ ត្រូវ​បាន​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ជាមួយ​នឹង​ជ័យជម្នះ ហើយ​ក្ដី​សង្ឃឹម​ផ្ដើម​មាន​កាន់​តែ​ខ្ពស់​នៅ​ពេល​មាន​ឱកាស​នាំ​មុខ​នៅ​នាទីទី​១៥ ពី​ការ​ស៊ុត​បាល់​ស្រួលៗ​របស់​កីឡាករ Ronaldo ក្រោយ​ Diogo Jota បញ្ជូន​​ឱ្យ។

វា​ជា​កំណត់ត្រា​របស់​កីឡាករ​​វ័យ ៣៦ ​ឆ្នាំ​ ដែល​រក​គ្រាប់​បាល់ ១០២ ​គ្រាប់ ក្នុង​យុទ្ធនាការ​នៃ​ការ​ប្រកួត​ប្រជែង​ជើងឯក​អឺរ៉ុប​ជុំ​ចុង​ក្រោយ​នេះ ហើយ​ក៏​ជា​គ្រាប់​ទី ១០៧ ពី​ការ​ចូល​លេង​លើក​ទី​១៧៧ ឱ្យ​ក្រុម​ជម្រើស​ជាតិ​របស់​រូប​គេ​ផង​ដែរ​។ ១ គ្រាប់​នោះ​ នាំ​ឱ្យ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Juventus រូប​នេះ នៅ​ខ្វះ​តែ ២ គ្រាប់​ទៀត​ប៉ុណ្ណោះ នឹង​ស្មើ​កំណត់ត្រា​របស់​អតីត​កីឡាករ​ Ali Daei ដែល​ស៊ុត​បាន​ ១០៩ គ្រាប់ ឱ្យ​ក្រុម​អ៊ីរ៉ង់​។

តែ​ក្រុម​អាល្លឺម៉ង់ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ចាប់​ផ្ដើម​មាន​​ស្ថានការណ៍​ប្រសើរ​ឡើង​វិញ មុន​ចប់​វគ្គ​ទី១ ដោយសារ​ខ្សែ​ការពារ​របស់​ព័រទុយហ្គាល់ គឺ Ruben Dias និង Raphael Guerreiro ស្កាត់​បាល់​ប្លាត​ចូល​ទី​ខ្លួន​ឯង​ម្នាក់ ១ គ្រាប់​។

ចូល​ដល់​វគ្គ​ទី២ ប្រមាណ​ជា​ ៦ ​នាទី ខ្សែបម្រើ Robin Gosens បញ្ជូន​កាត់​ចូល​ឱ្យ​ Kai Havertz ស៊ុត​បន្ថែម​ការ​នាំ​មុខ ៣-១ ហើយ​បន្ទាប់​មក​នៅ​នាទីទី​៦០ ក៏​តែត​បញ្ចូល​ទី​គ្រាប់​ទី៤ ឱ្យ​អាល្លឺម៉ង់​ដោយ​ខ្លួន​ឯង មុន​នឹង Jota កាត់​បន្ថយ​ការ​នាំមុខ​ឱ្យ​ក្រុម​ព័រទុយហ្គាល់​មក​ត្រឹម ៤-២​ នៅ​នាទីទី​៦៧ ដែល​វា​ជា​លទ្ធផល​ផ្លូវការ​តែ​ម្ដង​។

បរាជ័យ​នេះ កំពុង​ធ្វើ​ឱ្យ​ក្រុម ​«The Navigators» (ក្រុម​អ្នក​រុករក) ប្រឈម​នឹង​ហានិភ័យ​ក្នុង​ការ​មិន​បាន​ឆ្លង​ទៅ​ជុំ​បន្ត រី​ឯ​ក្រុម​ឥន្រ្ទី​ដែក ឥឡូវ​នេះ ហាក់​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​ក្នុង​វគ្គ​ចាញ់​ធ្លាក់​។

«​យើង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទទួល​នូវ​អារម្មណ៍​រីករាយ​តិចតួច​»​។ នេះ​ជា​សម្ដី​ខ្លីៗ​​ខ្សែ​បម្រើ​ប្រយុទ្ធ​ Thomas Mueller របស់​ក្រុម​អាល្លឺម៉ង់​។

១ គូ​ទៀត ក្នុង​ពូល D នេះ​ដែរ ក្រុម​មាន់​គក​បារាំង ដែល​មុន​ព្រឹត្តិការណ៍​ចាប់​ផ្ដើម ត្រូវ​បាន​ចាត់​ទុក​ជា​ក្រុម​មាន​សិទ្ធិ​ខ្ពស់ ក្នុង​ការ​ឈ្នះ​ពាន បែរ​ជា​លេង​ស្មើ​ជាមួយ​ក្រុម​មិន​សូវ​ខ្លាំង​ហុងគ្រី ១-១ ពី​ការ​ប្រកួត ដែល​ធ្វើ​ឡើង នា​ក្រុង​ប៊ុយ​ដាប៉ែស។

នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ជិត ៥៦ ០០០ នាក់ ក្នុង​កីឡដ្ឋាន Puskas Arena ដែល​ជា​ទី​កន្លែង​គ្មាន​​​ការ​កំណត់​ចំនួន​អ្នក​ចូល​ទស្សនា​​តែ ១ គត់ សម្រាប់​ព្រឹត្តិការណ៍ Euro 2020 កីឡាករ​ Attila Fiola ជួយ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​នាំ​មុខ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ក្នុង​ម៉ោង​បន្ថែម​មាន​របួស​នៃ​វគ្គ​ទី១​។

ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Antoine Griezmann ដែល​ជា​ម្ចាស់​ជយលាភី​ស្បែក​ជើង​មាស កាល​ពី Euro 2016 បាន​ជួយ​ឱ្យ​ក្រុម​បារាំង​តាម​ស្មើ ១-១ នៅ​នាទីទី​៦៦ ហើយ​លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​មាន់​គក​ គេច​ផុត​ពី​បរាជ័យ​ក្នុង​យុទ្ធនាការ​នេះ​ជា​​លើក​ដំបូង​គិត​តាំង​ពី​ឆ្នាំ​ ២០១៩ មក​។

ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ លោក Didier Deschamps គ្រូបង្វឹក​របស់​បារាំង​បាន​ថ្លែង​ថា​៖ «ពិន្ទុ​នេះ មិន​ជា​អ្វី ដែល​យើង​រំពឹង​ចង់​បាន​ពី​ការ​ប្រកួត​នេះ​នោះ​ឡើយ តែ​យើង​នឹង​ទទួល​យក​វា តាម​ស្ថាន​ភាព​ជាក់ស្ដែង​»​។

ក្រុម​បារាំង​ឈរ​លេខ ១ ក្នុង​ពូល ដោយ​មាន ៤ ពិន្ទុ ពោល​ គឺ​នាំ​មុខ​អាល្លឺម៉ង់ និង​ព័រទុយហ្គាល់ ១ ពិន្ទុ​ដូចគ្នា។ ចំណែក​ឯ​ហុងគ្រី​នៅ​បាត​ពូល ជាមួយ​​នឹង ១ ពិន្ទុ​៕ AFP/VN