ក្រុងសៀងហៃ: កីឡាករសញ្ជាតិប្រេស៊ីល Paulinho បានចាកចេញពីក្រុម Guangzhou FC ហើយ ដោយមានការព្រមព្រៀងទាំងសងខាង ដោយសារមិនមានការត្រឡប់មកចាប់ផ្ដើមឡើងវិញនូវការប្រកួតប្រជែង ក្នុងក្របខ័ណ្ឌ Super League (CSL) របស់ប្រទេសចិន ដោយសារតែវិបត្តិជំងឺកូវីដ ១៩។

អតីតខ្សែបម្រើឆ្នើមរបស់ក្រុមអ្នកមានបុណ្យ Barcelona រូបនេះ ដែលធ្លាប់ត្រូវបានចាត់ទុក្ខថា ជាកីឡករបរទេសដ៏ល្អបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ CSL បានសម្រេចចែកផ្លូវជាមួយក្លិប Guangzhou ដែលដឹកនាំដោយលោក Fabio Cannavaro បន្ទាប់ពីបង្ហាញខ្លួនបាន ១៧៦ការប្រកួត និងស៊ុតបញ្ចូលទី ៧៤ គ្រាប់ តាមរយៈការចូលរួមចំនួន ២ លើក។

កីឡាករវ័យ ៣២ឆ្នាំ មិនបានមកចូលរួមការចាប់ផ្ដើមរដូវកាល ក្នុងខែមេសា នោះទេ ដោយសារមិនអាចវិលត្រឡប់ពីប្រេស៊ីលមកវិញបាន ព្រោះតែមានលក្ខខណ្ឌចូលប្រទេសយ៉ាងតឹងរ៉ឹងរបស់ចិន ដែលធ្វើឱ្យគេនៅតែជាប់ ក្នុងប្រទេសកំណើតរបស់ខ្លួនឯង។

ក្នុងសេចក្ដីប្រកាសរបស់ខ្លួន កាលពីយប់ថ្ងៃអាទិត្យ ក្លិប Guangzhou FC បានឱ្យដឹងថា៖ «បន្ទាប់ពីមានការពិភាក្សាគ្នាយ៉ាងបើកចំហ ក្លិបរបស់យើង និងកីឡាករ Paulinho បានព្រមព្រៀងគ្នា ដើម្បីផ្ដាច់កុងត្រាជាផ្លូវការ នៅថ្ងៃនេះ»។

កីឡាករ Paulinho បានមកចូលរួមជាមួយ Guangzhou ដោយការចាកចេញពី Tottenham Hotspur ក្នុងឆ្នាំ ២០១៥ ហើយការបង្ហាញនូវទម្រង់លេងរបស់គេ នៅ CSL ធ្វើឱ្យគេទទួលបានតម្លៃខ្លួន ៤០ លានអឺរ៉ូ ($៤៧ លាន) ពេលក្រុម Barca ទិញយករូបគេ នៅ ២ ឆ្នាំបន្ទាប់។

រូបគេបានចំណាយពេល ១រដូវកាល ជាមួយក្រុមយក្ស នៅអេស្ប៉ាញ មុននឹងផ្លាស់ត្រឡប់មកក្រុម Guangzhou វិញ។ រូបគេបានរួមចំណែកជួយឱ្យក្រុមលំដាប់កំពូលរបស់ចិននេះ ឈ្នះពាន Champions League ប្រចាំតំបន់អាស៊ី ១ លើក ពានលីគកំពូល ៣ ដង និងពាន FA Cup ១ ដង។

បណ្ដាញសារព័ត៌មាន នៅប្រទេសចិន បានធ្វើការសរសើរយ៉ាងលើសលុបចំពោះកីឡាករ Paulinho ដោយវេបសាយព័ត៌មាន Soccer News បានផ្សាយថា រូបគេ គឺជាកីឡាករបរទេសគំរូ ហើយផ្លេតហ្វមសារព័ត៌មានអនឡាញ Tencent ឱ្យឈ្មោះកីឡាកររូបនេះថា ជាអត្តពលិកបាល់ទាត់បរទេសដ៏ឆ្នើមបំផុត ក្នុងប្រវត្តិសាស្ត្រ។

នេះជាការចាកចេញថ្មីក្រោយបំផុតពីសំណាក់កីឡារមានកេរ្តិ៍ល្បី ខណៈក្លិបនៅប្រទេសចិន ចាប់ផ្ដើមចំណាយលុយក្នុងវិស័យបាល់ទាត់នេះ មានការប្រិតប្រៀងជាងមុន។

មិត្តរួមជាតិប្រេស៊ីល Anderson Talisca, Hulk និង Alex Teixeira រួមជាមួយកីឡាករសញ្ជាតិអ៊ីតាលី Graziano Pelle, Stephan El Shaarawy និង Eder សុទ្ធតែបានលើកដៃលាក្លិបរបស់ចិនអស់ហើយ តាំងពីរដូវកាលមុន៕ AFP/VN