ក្រុង​មុយនិច៖ គ្រូបង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​លោក Joachim Loew បាន​និយាយ​ក្នុង​​បំណង​ចង់​កាត់​បន្ថយ​អារម្មណ៍​ដែល​កំពុង​​រីករាយ​របស់​អ្នក​គាំទ្រ​នៅ​ក្នុង​ព្រឹត្តិការណ៍ Euro 2020 បន្ទាប់​ពី​​ជ័យជម្នះ​ដ៏​រំភើប​ ៤-២ លើ​ក្រុម​ព័រទុយហ្គាល់ បាន​ជួយ​ផ្ដល់​ឱកាស​ដ៏​ធំ​ឱ្យ​ក្រុម​របស់​គាត់់​ក្នុង​ការ​បាន​ឆ្លង​ទៅ​វគ្គ​ចាញ់​ធ្លាក់​។​

ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​បាន​ត្រឡប់​មក​ប្រសើរ​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស បន្ទាប់​ពី​ចាញ់​ក្នុង​ការ​ប្រកួត​បើក​ឆាក​ក្នុង​ពូល​ F ក្រោម​ថ្វី​ជើង​ក្រុម​ជើងឯក​ពិភព​លោក​បារាំង ដោយ​ការ​យក​ឈ្នះ​យ៉ាង​អស្ចារ្យ​លើ​ក្រុម​ជើង​ឯក​ចាស់​នៅ​តំបន់​អឺរ៉ុប​ កាល​ពី​ថ្ងៃ​សៅរ៍ ជាមួយ​​នឹង​ភាព​លេច​ធ្លោ​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​ Kai Havertz និង Robin Gosens​។

លទ្ធផល​ពី​ក្រុង​មុយនិច​នេះ បាន​ធ្វើ​ឱ្យ​ពូល​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ពូល​មរណៈ​កាន់​តែ​បើក​ទូលាយ​ឡើង តែ​អាល្លឺម៉ង់ ដើម្បី​ធានា​ថា នឹង​បាន​ឡើង​ទៅ​វគ្គ ១៦ ​ក្រុម​ចុង​ក្រោយ​យ៉ាង​ពិត​ប្រាកដ ចាំបាច់​ត្រូវ​តែ​ឈ្នះ​ហុងគ្រី ដែល​បង្កើត​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​រួច​ហើយ​ ដោយ​ការ​លេង​ស្មើ ១-១ ជាមួយ​ក្រុម​បារាំង​។​

«ហ្គេម​បន្ទាប់ ទំនង​​ជា​នឹង​តឹងតែង​ជាង​នេះ​ទៀត ព្រោះ​ក្រុម​ហុងគ្រី លេង​ការពារ​រហូត​ដល់​ទៅ ៨ ឬ ៩ នាក់​»​។ នេះ​ជា​ការ​លើក​ឡើង​ក្នុង​ន័យ​ព្រមាន​របស់​គ្រូបង្វឹក​ក្រុម​អាល្លឺម៉ង់ ​លោក​ Loew​។

កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ដង​វិថី​ នៅ​កណ្ដាល​ទីក្រុង​មុយនិច ណែន​ណាប់​តាន់​តាប់​ដោយ​អ្នក​គាំទ្រ​ដ៏​រីករាយ​សប្បាយ​​ចិត្ត ដែល​មក​ធ្វើ​ពិធី​ឆ្លង​ចំពោះ​ជ័យ​ជម្នះ​នោះ បន្ទាប់​ពី​ក្រុម​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទម្រង់​លេង​ដ៏​ល្អ​បំផុត​ ដែល​អាច​ជា​លើក​ដំបូង គិត​តាំង​ពី​ពួក​គេ​ធ្វើ​បែប​ហ្នឹង​ ពេល​ឈ្នះ​ពាន World Cup 2014 នៅ​ប្រេស៊ីល​។​​

តែ​អ្នក​ចាត់​ការ​ លោក Loew វ័យ ៦១ ឆ្នាំ ដែល​នេះ​ជាការ​ធ្វើ​តួនាទី​ចុង​ក្រោយ​របស់​លោក បាន​ព្យាយាម​និយាយ​សម្រាល​នូវ​ការ​រំពឹង​ទាំង​នោះ​។​

លោក​ Loew បាន​លើក​​បន្ថែម​ថា​៖ «​គ្មាន​អ្វី​ពិសេស​កើត​ឡើង​នោះ​ទេ។ យើង​គ្រាន់​តែ​ឈ្នះ​ការ​ប្រកួត​មួយ​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ កើត​មាន​នូវ​បញ្ហា​ប្រឈម​បន្ថែម​ទៀត ដែល​នឹង​កា្លយ​ដូច​ជា​ការ​តេស្ត​សាកល្បង​សម្រាប់​ពួក​យើង​»​។​

ការ​លើក​ឡើង​បែប​នេះ​ពី​លោក Loew ដោយសារ​ក្រុម​អាល្លឺម៉ង់​ធ្លាប់​ទទួល​បាន​បទពិសោធ​ជូរចត់​ កាល​ពី​នៅ World Cup 2018 ដែល​រៀបចំ​​ប្រទេស​​​រុស្ស៊ី ដោយ​ពេល​នោះ ក្រុម​របស់​លោក​ធ្លាក់​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​នេះ ក្នុង​នាម​ជាក្រុម​បាត​ពូល​។

ក្នុង​ព្រឹត្តិការណ៍​ នាពេល​នោះ ប្រកួត​ទី១ ក្រុម​អាល្លឺម៉ង់​បាន​ចាញ់​ក្រុម​ម៉ិកស៊ិក ១-០ ហើយ​បន្ទាប់​មក​ក្នុង​​ប្រកួត​ទី២ យក​ឈ្នះ​ស៊ុយអែត ២-១ តែ​​ហ្គេម​ទី៣ ​​បែរ​ជា​រង​បរាជ័យ​ទាំង​មិន​គួរ​ឱ្យ​ជឿ ដោយសារ​​ក្រុម​ទៅ​ពី​អាស៊ី​កូរ៉េ​ខាង​ត្បូង ២-០ ទៅ​វិញ៕ AFP/VN