ភ្នំពេញ៖ កីឡាការិនី​ស្នូក​ឃ័រ​ដ៏​ឆ្នើម​របស់​កម្ពុជា ​ស្រួង ភាវី​ ​បាន​រក​ឃើញ​ជោគ​ជ័យ​កាន់តែ​ធំ នៅ​ក្នុងអាជីព​របស់​ខ្លួន បន្ទាប់​ពី​លោក​​ស្រី បាន​ជម្នះ​ការ​ប្រកួត​យ៉ាង​តានតឹង ដើម្បី​​ឈ្នះ​ពាន​កម្រិត​ពិភពលោក ពី​ការ​ប្រកួត​ជើង​ឯក​កីឡា​ស្នូកឃ័រ​ការ៉ុម ​Blue One Resort LPBA Championship ​ផ្នែក​នារី​ នៅ​សាធារណ​រដ្ឋ​កូរ៉េ​ ដែលបាន​​បិទ​បញ្ចប់​ កាល​ពី​ថ្ងៃ​ទី​ ២១ ​ខែ ​មិថុនា​ ឆ្នាំ​ ២០២១​។​

ជ័យ​ជម្នះ​ដ៏​​អស្ចារ្យ​​របស់កីឡាការិនី ដែល​មានដើម​កំណើត នៅ​ខេត្តត្បូងឃ្មុំ ស្រួង ភាវី គឺ​បាន​កើត​មាន​ឡើង ​ក្រោមការ​ប្រកួត​យ៉ាង​លំបាក និងស្វិត​ស្វាញ​បំផុត ដោយ​បាន​ធ្វើ​ឡើង តាំងពី​ថ្ងៃទី​ ១៤ ខែមិថុនា។

យ៉ាង​ណា​ក៏​ដោយ តាម​រយៈការ​ប្រកួតប្រជែង​រវាងលំដាប់​ជើង​ខ្លាំង​សរុប​ចំនួន ៦៤ នាក់នោះ ស្រួង ភាវី នៅតែ​រក្សា​បាន​ភាព​ខ្លាំង ដោយ​បាន​ឆ្លង​ផុត​នៅរាល់​​ការ​ប្រកួត​វគ្គ​ជម្រុះ ដើម្បី​ឡើង​ទៅជួប​កីឡាការិនី​ជើង​ខ្លាំង មានបទពិសោធ​យូរឆ្នាំ ​Kim Gayoung នៅ​​វគ្គ​ផ្តាច់​ព្រ័ត្រ។

តាមរយៈការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដែល​ធ្វើ​ឡើង កាល​ពី​ថ្ងៃសៅរ៍ កន្លង​មកនេះ កីឡាការិនី​ជា​ម្ចាស់​ផ្ទះកូរ៉េ ​Kim Gayoung បានបើក​ការ​នាំ​មុខ​មុន​ ដោយ​យក​ឈ្នះ នៅ​សិត​ទី ​១​ ជា​ពិន្ទុ​ ១១-​៧ ប៉ុន្តែ​​ ​ស្រួង​ ភាវី បាន​វាយបក​យក​ឈ្នះវិញចំនួន ​​៣ សិត​ជាប់គ្នា​ ជាមួយ​ពិន្ទុ ​១១-​៤,​ ១១-​១០ និង ១១-៩​ ដើម្បី​គ្រង​ជើង​ឯក​ពាន​រង្វាន់​ Blue One Resort LPBA Championship ​ឆ្នាំ​ ២០២១​ នេះ ជា​លើ​ដំបូង អមជាមួយ​ប្រាក់រង្វាន់​ចំនួន ​២០ លានវ៉ុន ឬស្មើ​នឹង ១៧ ៦៥២.៤២ ដុល្លារ សម្រាប់ការ​ចូល​រួម​ជា​លើកដំបូង​របស់​លោកស្រី នៅ​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភព​លោក មួយនេះ។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ Blue One Resort LPBA Championship ​ឆ្នាំ ​២០២១ នេះ ស្រួង ភាវី មិនមែន​ប្រកួតតំណាង​ឱ្យ​ប្រទេស​កម្ពុជា​នោះ​ទេ គឺ​លោកស្រី​ប្រកួត​តំណាងឱ្យក្រុម​ហ៊ុន Blue One Resort ព្រោះ ភាវី បាន​ចុះ​កិច្ច​សន្យា​ប្រកួត​តំណាង​ក្រុមហ៊ុនមួយនេះ​ ​រយៈ​ពេល ​១ ឆ្នាំ​ ហើយ​បេក្ខភាព​ទាំង ​៦៤ ដែល​សុទ្ធតែ​ជើង​ខ្លាំង​កម្រិត​ភិភព​លោក ចូល​រួម​នៅ​ក្នុងការ​ប្រកួតនេះ ក៏​ត្រូវ​បានសម្រិតសម្រាំង​ដោយ​ក្រុម​ហ៊ុន Blue One Resort ផងដែរ។

ស្រួង ភាវី បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ តាមហ្វេសប៊ុក កាលពីព្រឹក​ថ្ងៃអង្គារ​ថា៖ ​«ការ​ប្រកួត​លើក​នេះ ខ្ញុំ​លេងតំណាង​ឱ្យក្រុម​ហ៊ុន Blue One Resort ហើយ​ការ​ប្រកួតនេះ ពិតជាមានភាពតានតឹង​ និង​​​មានការប្រកួតប្រជែងខ្លាំង បើធៀប​ទៅ​នឹង​ការ​ប្រកួត​ផ្សេងៗ​ នៅកូរ៉េ ដែល​ខ្ញុំ​ធ្លាប់បាន​ចូល​រួម​កន្លង​មក ដ្បិតអី​បេក្ខភាព ដែល​បាន​ចូល​រួម ក្នុង​ព្រឹត្តិ​ការណ៍នេះ គឺ​ត្រូវ​បាន​ជ្រើសរើស និងសម្រិតសម្រាំង សុទ្ធតែជាជើងខ្លាំង ទាំង​កីឡាការិនី​ក្នុងស្រុក និង​ក្រៅ​ស្រុក»។

យ៉ាង​ណា​ក៏​ដោយ ស្រួង ភាវី ​បានចាត់ទុក​ជ័យជម្នះនេះ ថា ជា​កាដូ ថ្មី សម្រាប់ប្រជាជន និង​ប្រទេស​កម្ពុជា។ ​«ខ្ញុំ​ពិតជា​មាន​មោទនភាពខ្លាំង ចំពោះការ​ឈ្នះ​ពានមួយ​នេះ ហើយខ្ញុំ​​បាន​ចាត់​ទុកសមិទ្ធផល ដែល​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​មួយ​នេះ ជាកាដូ​ថ្មី​មួយ​ទៀត​ សម្រាប់​ប្រទេស និងប្រជាជនកម្ពុជា រួម​ទាំង​អ្នក​គាំទ្រ​របស់​ខ្ញុំ នៅប្រទេសកូរ៉េ ដែល​ពួកគាត់​​មានការ​​ស្រឡាញ់​ និង​បាន​​ចាត់​ទុក​ខ្ញុំ​ ​ជា​នារី​ខ្លាំងផ្នែក​កីឡាស្នូកឃ័រ​នេះ តំណាង​ឱ្យប្រទេស​​កម្ពុជា»​។

ដោយ​មាន​ដើម​កំណើត នៅ​​​ក្រុង​សួង​ ខេត្ត​ត្បូង​ឃ្មុំ​ ស្រួង ភាវី ​បាន​ទៅ​រស់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​​តាម​​ស្វាមី​របស់​លោកស្រី អស់រយៈ​ពេល​ជាង​១០​ឆ្នាំមកហើយ ​ហើយ​សម្រាប់ការ​ទៅ​រស់​នៅ​ប្រទេស​ជឿនលឿន​មួយនេះ ភាវី បាន​ហ្វឹក​​ហាត់​លេង​កីឡា​ស្នូកឃ័រ​នេះ និង​ទទួល​បាន​លទ្ធ​ផល​​ល្អ​ជា​និច្ច។ ភាវី បាន​​ឈ្នះ​តំណែង​ជើង​ឯក​ការ​ប្រកួតកីឡាស្នូកឃ័រ នៅ​ប្រទេស​កូរ៉េ ជា​ច្រើនសម័យ​កាល ព្រមទាំង​ធ្លាប់ដណ្តើម​បាន​ពាន និងមេដាយ ជា​ច្រើន​ ពី​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរ​ជាតិ​ ក្នុង​នាមជាកីឡាការិនី​ស្នូកឃ័រ​តែ​ម្នាក់គត់​​របស់​​​កម្ពុជា​។

បន្ថែមទៅ​លើការ​រក​បាន​ភាព​ល្បីល្បាញ​តំណាង​ឱ្យ​កម្ពុជា​នេះ លោក​ស្រី ​ស្រួង​ ភាវី​ ធ្លាប់​ជួយ​ឧបត្ថម្ភ​ដល់​សហព័ន្ធ​កីឡាស្នូកឃ័រ​កម្ពុជា នូវ​ប្រាក់​ផ្ទាល់​​ខ្លួន ​​ប្រ​មាណ ​​៥​ ០០០ ​ដុល្លារ​ ដើម្បី​​បង្កើត​សហព័ន្ធ​​មួយនេះឡើង​វិញ ​កាល​ពី​ឆ្នាំ​ ២០១៧​ ក្រោម​ការ​ជួយ​ជ្រោម​​ជ្រែង​ពី​លោក ​ឡុង ​ឌី​ម៉ង់ ​អគ្គ​រាជ​ទូត​ប្រចាំ​ប្រទេស​កូ​រ៉េ​ខាង​ត្បូង ​និង​លោក​​ឧត្តម​សេនីយ៍​ឯក ​ហ៊ុន ម៉ាណែត​ ​ព្រម​ទាំង​​លោក ​វ៉ាត់ ​ចំរើន ប៉ុន្តែ​មក​ដល់​ឆ្នាំ ​២០២១ នេះ​ទៅ​ហើយ​ សហព័ន្ធ​នេះ គ្មាន​សកម្មភាព​អ្វី​គួរ​ឱ្យ​​កត់​សម្គាល់​ឡើយ​។​

សហព័ន្ធកីឡាស្នូកឃ័រកម្ពុជា ​ដែល​មាន​លោក ​ជុំ ​កុសល​ ជា​ប្រធាន​ លោក​ មួន ​ម៉ារ៉ា ​ជា​អគ្គ​លេខាធិការ ​​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ ​គ្មាន​ធ្វើ​សកម្មភាពអ្វី​នោះ​ទេ ​គឺ​ក្នុង​មួយ​អាណត្តិ ​សូម្បី​​តែ​ប្រ​ជុំ​គណៈកម្មការ​ប្រតិបត្តិ​ម្តង​ ក៏​គ្មាន​សោះ ​ចំណែក​ប្រាក់​ឧបត្ថម្ភ បាន​​ពី​លោក​ស្រី​ សួង​ ភាវី​ ចំនួន ​៥​ ០០០ ​ដុល្លារ​ និង​ប្រាក់​ឧបត្ថម្ភ​របស់​លោកឧត្តម​សេនីយ៍​ឯក ​ហ៊ុន ​ម៉ាណែត​ ចំនួន ​១០ ០០០ ​ដុល្លារ ​តាម​រយៈ​លោក ​ហេង ​សួ​ នៅមិន​ទាន់​ដឹង​ថា ​យក​ទៅ​ណា​ និង​ធ្វើ​សកម្មភាព​អ្វីឱ្យប្រាកដ​នោះ​ឡើយ​​៕