ភ្នំពេញ៖ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រតិកម្ម និងចាត់ទុក​ការ​សម្រេច​លើក​ពេល​ការ​ប្រកួត​ដ៏ចម្រូងសម្រាស រវាង ម៉ឺន មេឃា និង ឃីម បូរ៉ា នៅ​លើ​សង្វៀន CNC ​ថា ជា​រឿង​ខុស ដែលបាន​បង្ហាញ​ពី​ភាពកម្សោយ​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ដោយ​នៅ​តែ​ទុក​ឱកាស​ឱ្យមន្រ្តី​បច្ចេក​ទេសខិលខូច​របស់​ខ្លួនមួយចំនួន ប្រព្រឹត្តនៅ​ទង្វើ​ខុស​ ទៅនឹង​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​បែប​នេះ។

ជាមួយ​​ភាព​អសកម្ម និងការ​អនុវត្តផ្ទុយ​ពី​បញ្ហា និង​ច្បាប់នៃ​ការ​ប្រកួត ដែល​បានកំណត់​ដោយ​​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ខ្លួនឯង​នេះ លោក​នាយក​រដ្ឋមន្រ្តី បាន​លើក​ឡើង​ថា តើ​យើង​ត្រូវ​ពង្រឹង​អាជ្ញា​កណ្តាល​កីឡា​ប្រដាល់ ឬ​ត្រូវ​បង្កើត​ក្បាច់​គុន​ថ្មី ​ដោយ​កំណត់​លក្ខខណ្ឌ​ប្រកួត​ថ្មី?។​

ជុំវិញ​នឹង​ភាពចម្រូងចម្រាស​នៃ​ការ​លើក​ពេល​ប្រកួត​រវាង ម៉ឺន មេឃា និង ឃីម បូរ៉ា កាលពី​ថ្ងៃសៅរ៍​កន្លងមកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​សរសេរ​បង្ហោះ​នៅ​លើ​ផេចហ្វេសប៊ុក​របស់​លោក កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា៖ ​«ដោយ​អត់​ទ្រាំ​មិន​បាន ខ្ញុំ​សូមចេញ​មក​និយាយ​ក្នុង​នាម​ជា​ពល​រដ្ឋ​ខ្មែរ​ម្នាក់ ដែល​ស្រឡាញ់​វិស័យ​កីឡា។ តើ​យើង​ត្រូវ​ពង្រឹង​អាជ្ញា​កណ្តាល​កីឡា​ប្រដាល់ ឬ​ត្រូវ​បង្កើត​ក្បាច់​គុន​ថ្មី ​ដោយ​កំណត់​លក្ខខណ្ឌ​ប្រកួត​ថ្មី​? ​វាយ​ខុស​ក្បួនហើយ ​មិន​ព្រម​ប្រកាស​លទ្ធផល​ និង​លើក​ពេល ​ទៅ​ប្រកួត​​នៅ​ពេល​ក្រោយ»។

​ប្រមុខ​ដឹកនាំ​ប្រទេស​រូបនេះ បាន​បន្ថែម​ថា៖​ «តើ​ឱ្យ​កីឡា​ប្រដាល់​យើង​ឈាន​ទៅ​មុខ​ម្តេច​បាន បើ​​សហ​ព័ន្ធ​កីឡា​ប្រដាល់​យើង ទុកឱកាស​ឱ្យ​អាជ្ញា​កណ្តាល​ធ្វើ​បែប​នេះ?​ តើ​មាន​ក្បួន​មក​ពី​ណា​ វាយ​ខុស​ក្បួន​ខ្នាត​ហើយ សម្រេច​លើក​ពេល​ទៅ​ប្រកួត​ពេល​ក្រោយ ​សូម្បី​តែ​បាល់​ទាត់ បើ​ទាត់​ខុស​ ត្រូវ​ពិន័យ​កាត​លឿង ឬ​កាត​ក្រហម ​ដោយដេញ​ចេញ​ ឬ​ពិន័យ​បាល់​ ១១ ​ម៉ែត្រ​ភ្លាមៗ ​ដោយមិន​ទុក​ពេល​ឱ្យ​តវ៉ា​នោះ​ទេ»។

លោកនាយករដ្ឋមន្រ្តី ​ហ៊ុន សែន បាន​បញ្ជាក់​តាម​រយៈសាសព្ទ​នោះ ជា​ចុង​ក្រោយ​ថា៖​ «ខ្ញុំ​មិន​បន្ទោស​កីឡាករ​ទេ ព្រោះ​ពួក​គាត់​ស្តាប់តាម​ការ​កាត់ក្តី​របស់​អាជ្ញា​កណ្តាល។ អ្វី​ដែល​ខ្ញុំ​សុំ គឺ​អាជ្ញា​កណ្តាល ​ត្រូវ​តែ​មាន​យុត្តិធម៌​ក្នុង​ខ្លួន»។

អាជ្ញា​កណ្តាល បាន​រាប់​ទៅ​លើ ឃីម បូរ៉ា ដែល​ដេក​សន្លប់ ក្រោយ ម៉ឺន មេឃា ចាប់​បោក​ផ្តួល​ដូច​ការ​ប្រកួត​កីឡាកាស។ រូប​ថត សហការី

គួររំឭក​ថា សម្រាប់​ការ​ប្រ​កួត ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ដណ្តើម​ខ្សែ​ក្រវាត់​​គោល​ជល់​ ​អម​ដោយ​ទឹក​ប្រាក់​ចំនួន ​៥​ ០០០ ​ដុល្លារ នៅ​លើ​សង្វៀន CNC កាលពី​ថ្ងៃសៅរ៍ កន្លង​មកនេះ កីឡាករ​ម៉ឺន​ មេឃា​ ដែល​ទំនង​ចាញ់​ប្រៀប​ពិន្ទុ ​ឃីម ​បូរ៉ា ​ទៅ​ហើយ​នោះ​ ​ចាប់​បោក ឃីម បូរ៉ា ដូចការ​ប្រកួត​កីឡាកាស ​បណ្តាល​ឱ្យ​ ​ឃីម ​បូរ៉ា ​សន្លប់​ធំ​​ នៅ​ក្នុងទឹក​ទី​៣។

ទង្វើ​របស់ ម៉ឺន មេឃា ត្រូវបាន​គេមើល​ឃើញ​ច្បាស់ថា បាន​ប្រព្រឹត្ត​ខុស និង​ល្មើស​ទៅនឹង​បទបញ្ជា និងច្បាប់នៃ​ការ​ប្រកួត​របស់សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ដែល​ត្រូវតែ​កំណត់​ឱ្យ​ចាញ់ ដោយ​ស្វ័យ​ប្រវត្តិ និង​ផ្តល់​ជ័យជម្នះ​ទៅ​ឱ្យកីឡាករ​រង​គ្រោះ ឃីម បូរ៉ា។ ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ គណៈកម្មការ​គ្រប់​គ្រង​ការ​ប្រកួតនេះ ​របស់សហព័ន្ធ បែរ​ជា​សម្រេច​មិន​ប្រកាស​លទ្ធផល ហើយ​លើក​ពេល​ការ​ប្រកួត​នេះ ទៅ​ធ្វើ​​ឡើង​វិញ នៅ ​២ សប្តាហ៍​ក្រោយទៀត ទៅ​វិញ។

ការ​សម្រេចនេះ បាន​ធ្វើ​ឱ្យ​មានការរិះ​គន់ និ​ង​ប្រតិកម្ម​យ៉ាង​ខ្លាំងពី​មហាជន និង​មជ្ឈ​ដ្ឋាន​​ទូទៅ នៅ​ក្នុង​ប្រទេស​កម្ពុជា ចំណែកលោក ​ហេង ​ប៊ុន​ឃីម​ ជា​គ្រូ​ធំក្រុម​​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ និង​ជា​ឪពុក​បង្កើត​របស់ ​ឃីម ​បូរ៉ា​ ក៏​បានសម្តែងការ​មិនពេញ​ចិត្ត​ទៅ​នឹង​ទង្វើ​នេះ​​ផងដែរ។

លោក​បាន​ប្រាប់​​ថា​៖ «​វា​គ្មាន​សំខាន់លើ​លុយ​រង្វាន់ ​ឬ​ខ្សែ​ក្រវាត់​នោះ​ទេ ប៉ុន្តែ​​អ្វី​ដែល​ខ្ញុំ​ព្រួយ​បារម្ភនោះ ​គឺខ្ញុំ​​ខ្លាច​កូន​មាន​​គ្រោះ​ថ្នាក់​ ក្លាយជាពិការ ​ឬ​បាក់​ក​ស្លាប់​ទៅ​វិញ​ទេ​ ព្រោះ​ទង្វើ​​នេះ​ មិន​មែន​ចិត្ត​ជា​អ្នក​កីឡាករ​ទេ»​។​​

ការ​ចាប់​បោក​ដូច​កីឡាកាស​របស់ ម៉ឺន មេឃា បណ្តាលឱ្យ ឃីម បូរ៉ា សន្លប់​ធំ​នេះ ​វា​ជា​ករណី​ថ្មី ដែល​មិន​ធ្លាប់​កើត​មាន នៅ​លើ​សង្វៀន​ប្រដាល់​គុនខ្មែរ កន្លង​មក​នោះ​ទេ ប៉ុន្តែ​ភាព​ចម្រូងចម្រាស ដែល​កើតចេញ​ពី​ការ​កាត់សេចក្តី បែប​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​របស់​មន្រ្តី​គណៈកម្មការ​សហព័ន្ធ​កីឡា​​ប្រដាល់គុនខ្មែរ វា​តែ​ងតែ​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់។

លោក ម៉ា ស៊ីថេត អ្នក​គ្រប់​គ្រង​កីឡា​នៅ​សង្វៀន CNC បាន​ប្រគល់​ខ្សែ​ក្រវាត់ និងពាន​លេខ​ ១ ទៅឱ្យ​កិឡាករ ឃីម បូរ៉ា ដើម្បីបញ្ចប់​ភាព​ចម្រូង​ចម្រាស នៅ​លើ​សង្វៀន​របស់​ខ្លួន។ រូប​ថត សហការី

បើ​ទោះបីជា​ថ្នាក់​ដឹក​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ធ្លាប់​បាន​បញ្ជាក់​អះអាង​ម្តង​ហើយ​ម្តង​ទៀត ទៅ​លើ​ការ​លុប​បំបាត់​ភាព​អសកម្ម និងភាព​មិន​ប្រក្រតី នៅ​ក្នុង​ចង្កោម​មន្រ្តី​ខិលខូច​របស់​ខ្លួនមួយចំនួនក្តី ប៉ុន្តែ​​ការ​ដាក់​ទណ្ឌកម្ម​​ទៅ​លើ​មន្រ្តី​ជា​អាជ្ញាកណ្តាល​ចៅ​ក្រម ដែល​ប្រព្រឹត្ត​​ខុស ពេល​ខ្លះ ត្រូវបានគេ​មើល​ឃើញ​ថា ធ្វើ​ឱ្យ​តែ​បានៗ យក​តែ​រួច​ខ្លួន និង​ដើម្បី​គេច​ឱ្យផុត​ពីការ​រិះ​គន់មួយ​គ្រាៗ​ប៉ុណ្ណោះ ដ្បិត​អី​ភាព​មិន​ប្រក្រតី នៅតែ​បន្តកើត​មាន​ឡើង គ្រាន់តែ​មាន​ចំនួន​ថយ​ចុះ​ជាង​ពេល​កន្លង​មក។

យ៉ាង​ណា​មិញ ចំពោះ​ភាព​ចម្រូងចម្រាស​លើ​ការ​ប្រកួត​រវាង ម៉ឺន មេឃា និង ឃីម បូរ៉ា នេះ លោក​ តែម ​ម៉ឺន ​ប្រធាន​សហព័ន្ធកីឡា​ប្រដាល់គុនខ្មែរ ក៏​បាន​ប្រតិកម្ម និងមិនគាំ​ទ្រ​ទៅ​លើ​ការ​ប្រព្រឹត្តខុស​របស់​កីឡាករ ម៉ឺន មេឃា ផងដែរ ដោយ​លោក​​បាន​ចាត់​ចែង​ឱ្យ​​គណៈ​កម្មការ​បច្ចេលទេស​ ប្រជុំ​វាយ​តម្លៃ​​ឡើង​វិញ ដើម្បី​រក​ឱ្យ​​ឃើញ​នៃ​បទ​ល្មើស​ និង​កំហុសថា ​ជា​​ចេតនា ​ឬ​អចេតនា។

លោក​ តែម​ ម៉ឺន​ បាន​​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​​ថា​៖ «​ក្នុង​នាម​ថ្នាក់​ដឹក​នាំ​សហព័ន្ធ ខ្ញុំ​មិន​គាំ​ទ្រ​កីឡាករ​ធ្វើ​ខុស​នោះ​ទេ​។ មួយ​វិញ​ទៀត​ការងារ​នេះ ​គឺ​មាន​ក្រុម​បច្ចេកទេស ​មិន​មែន​ប្រធាន​សហព័ន្ធ ​ទៅ​វិនិច្ឆ័យ​ផ្ទាល់​នោះ​ឡើយ​ ប៉ុន្តែ​នៅ​ពេល​កើតមាន​រឿង​ដូច្នេះ ​យើង​ត្រូវ​រួម​គ្នា​ពិនិត្យ​ និង​ប្រជុំ​សម្រេច​ជា​គោល​ការ​ណ៍ ​ទៅ​តាម​ច្បាប់​ ហើយ​​ក្នុង​នោះ​ក៏​មាន​ការ​ស្តាប់​នូវ​សំណូម​ពរ​របស់​ខាង​ទូរទស្សន៍ ​និង​ស្ពនស័រ ដើម្បី​យក​​មក​ពី​ចារណាដែរ​ថា ​តើ​គេ​ព្រម​ទទួល​យក​ការ​ប្រគល់​ខ្សែ​ក្រវាត់​ឱ្យ​​កីឡាករ ​ដោយ​គ្មាន​ការ​ប្រកួត​ទៀត ​ឬ​យ៉ាង​ណា?​ ឬ​គេ​ព្រម​ព្រៀង​គ្នា ដើម្បី​រក​ពេល​ប្រ​កួត​ឡើង​វិញ? អ៊ីចឹង​​យើង​ត្រូវ​ឆ្លង​កាត់​ការ​ប្រជុំ​វាយ​តម្លៃ​ឡើង​វិញ»​។​

យ៉ាង​ណា​ក៏​ដោយ នៅ​ក្រោយការ​ប្រជុំ​វាយ​តម្លៃ​ឡើង​វិញ ទៅ​លើ​ភាពចម្រូង​ចម្រាស​នៃ​ការ​ប្រកួត​រវាង ឃីម បូរ៉ា និង ម៉ឺន មេឃា ក្រោម​ការ​រិះ​គន់​ស្ទើរ​មួយចំហៀងប្រទេស​នេះ ពិសេស​ដោយមានការ​ចូល​រួម​រិះ​គន់ ដើម្បី​ស្ថាបនា​របស់​ព្រះមុខ​ដឹកនាំ​​ប្រទេស លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន នោះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយស្ថានីយទូរទស្សន៍ CNC បាន​សម្រេច មិនលើកពេលប្រកួតផ្តាច់ព្រ័ត្រនេះ​ទេ ដោយបាន​​សម្រេច​ប្រគល់​ជយ​លាភី​ឱ្យ​ទៅ ឃីម បូរ៉ា តែ​ម្តង ហើយ​ពិធី​ប្រគល់ខ្សែ​ក្រវាត់ និង​ប្រាក់រង្វាន់ ទើបតែ​ត្រូវ​បាន​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃចន្ទ​នេះ នៅស្ថានីយទូរទស្សន៍ CNC ផ្ទាល់​តែ​ម្តង។

តែ​ទោះបីជា​យ៉ាងណា គេ​នៅមិន​ទាន់ប្រាកដ​ថា ភាពអសកម្ម និង​ភាព​មិន​ប្រក្រតី នៅ​ក្នុង​វិស័យ​កីឡា​ប្រដាល់គុនខ្មែរ​នេះ នឹង​ត្រូវបញ្ចប់​​ត្រឹម​ពេលនេះ តាម​រយៈការ​កែ​ទម្រង់​ដ៏ពិតប្រាកដ ទៅតាមការ​ចង្អុលបង្ហាញ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ឬ​ក៏​ស្ងប់​ស្ងាត់​បាន​​តែ​មួយ​រយៈ រួចក៏​​ចាប់​​ផ្ទុះ​ឡើង​វិញជា​ថ្មី នៅ​ពេល​​ខាង​មុខ​ ដូច​គ្រា​កន្លង​មក​នោះ​ទេ៕