The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក សេង ប៊ុនសុង ត្រូវបានថ្នាក់ដឹកនាំ ប្រគល់ភារកិច្ចឱ្យ​ជួយ​ពង្រីក និង​ពង្រឹង​សក្តានុពល កីឡា​ MMA នៅកម្ពុជា




លោក សេង ប៊ុនសុង ត្រូវបានថ្នាក់ដឹកនាំ ប្រគល់ភារកិច្ចឱ្យ​ជួយ​ពង្រីក និង​ពង្រឹង​សក្តានុពល កីឡា​ MMA នៅកម្ពុជា

Content image - Phnom Penh Post
លោក សេង ប៊ុនសុង ពេលបង្ហាញ​ស្នៀត​ក្លេ​នៃប្រភេទកីឡា​គុនចម្រុះ MMA នាពេល​កន្លងមក ខណៈ​ពេលនេះ លោក​ត្រូវបាន​ប្រគល់តួនាទីជា​អ្នកគ្រប់​គ្រង​បច្ចេក​ទេស MMA នៅ​កម្ពុជា។ រូប​ថត សហការី

លោក សេង ប៊ុនសុង ត្រូវបានថ្នាក់ដឹកនាំ ប្រគល់ភារកិច្ចឱ្យ​ជួយ​ពង្រីក និង​ពង្រឹង​សក្តានុពល កីឡា​ MMA នៅកម្ពុជា

ភ្នំពេញ៖ គ្រូបង្វឹកកីឡាប្រភេទប្រយុទ្ធ ទើប​វិលមក​ពីសហរដ្ឋអាមេរិក មកចូលរួមក្នុងសកម្មភាពកីឡាប្រយុទ្ធ ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅ​កម្ពុជា លោក សេង ប៊ុនសុង ត្រូវបានថ្នាក់ដឹកនាំស្ថាប័នកីឡាប្រយុទ្ធគុនចម្រុះ MMA ទទួលស្វាគមន៍ និងប្រគល់តួនាទី​ជានាយកគ្រប់គ្រងបច្ចេកទេស ដើម្បីរៀបចំការ​ប្រកួត​កីឡា​គុនចម្រុះ នៅកម្ពុជា ឱ្យ​ឈាន​ទៅរកកម្រិត​ខ្ពស់ស្តង់ដារអន្តរជាតិ។

ជាមួយនឹងបទពិសោធ និងជំនាញជាគ្រូបង្វឹកកីឡាប្រយុទ្ធច្រើនប្រភេទនៅសហរដ្ឋអាមេរិកជាង ៣០ ឆ្នាំ លោកគ្រូ សេង ប៊ុនសុង ត្រូវបានចាត់​តាំង ឱ្យ​ទទួល​ភារកិច្ច​នេះ នៅ​ក្នុងអង្គ​ប្រជុំតាមហ្សូម កាលពីល្ងាចថ្ងៃអាទិត្យ ហើយ​លោក វ៉ាត់ ចំរើន ជាស្ថាបនិកគុនចម្រុះ MMA នៅកម្ពុជា ក៏​បានបង្ហាញ​ពីគោល​បំណង និង​ទស្សនៈវិស័យឆ្ពោះ​មុខ ​របស់ MMA ដើម្បី​ឱ្យ​អ្នក​អង្គ​ប្រជុំ បានស្តាប់ និង​យល់​ផងដែរ។

លោក វ៉ាត់ ចំរើន ​បាន​ថ្លែង​ថា ពីមុន មកដល់បច្ចុប្បន្ន កីឡាគុនចម្រុះនេះ ទោះជាមិនមែន នៅក្នុងកីឡាអូឡាំពិក ប៉ុន្តែជាកីឡាមានប្រិយភាពខ្លាំង ក្នុងស្រទាប់មហាជន នៅកម្ពុជា។ កន្លងមកនេះ យើងមានកម្រិតត្រឹមជាសមាគមនៅឡើយ ហើយបានដំណើរការជាលក្ខណៈស្ម័គ្រចិត្ត និងអាជីពក្នុងកម្រិត មិនទាន់កម្រិតខ្ពស់នៅឡើយ។

លោក វ៉ាត់ ចំរើន ក្នុងនាម​ជា​ប្រធានសមាគមកីឡាគុនចម្រុះ​កម្ពុជា បាន​បន្ថែម​ថា៖ «ថ្ងៃនេះ យើងសូមប្រកាសទទួលស្គាល់លោកបណ្ឌិត សេង ប៊ុនសុង ជា​គ្រូបង្វឹកលំដាប់អន្តរជាតិ ផ្នែកកីឡាប្រយុទ្ធច្រើនប្រភេទ ដើម្បីជួយ​អភិវឌ្ឃ និង​ធ្វើ​ឱ្យ​គុនចម្រុះ MMA នេះ ក្លាយទៅជាសហព័ន្ធ ដោយមានទស្សនៈវិស័យពង្រីកវិសាលភាពក្លិប និងរៀបចំការ​ប្រកួតលក្ខណៈខ្នាតធំមួយឆ្នាំ មានម្តង និងការប្រមូល​ផ្តុំហ្វឹកហាត់អ្នកស្ម័គ្រចិត្ត ដើម្បីឈានទៅដល់កម្រិតអាជីព ព្រោះបើគ្មានថ្នាល ឬអត្តពលិកស្ម័គ្រចិត្ត ពីដំបូង ក៏គ្មានអត្តពលិកអាជីពដែរ»។

អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា៖​ «ខ្ញុំទទួលស្គាល់ពីសមត្ថភាពជំនាញរបស់លោកគ្រូ សេង ប៊ុនសុង ដែលឥឡូវគាត់ មកនៅស្រុកកំណើត ដើម្បីជួយកីឡាប្រយុទ្ធ ហើយយើងកំពុងរៀបចំបង្កើតឱ្យ​បាននូវសហព័ន្ធ ពេញលេញមួយ មានទីតាំងហ្វឹកហាត់ ព្រមទាំងប្រកួតប្រចាំខែ ក្រោមឆត្ររបស់ឯកឧត្តម ស សុខា ដែលមានឯកឧត្តម សែម គន្ធា ព្រមទាំងគ្រូបង្វឹកក្នុងក្លិប និងថ្នាក់ដឹកនាំផ្សេងៗទៀត ដើម្បីទទួលបានជោគជ័យ ក្នុងសកម្មភាពចូលរួមកីឡាទាំងអស់គ្នា ព្រោះកីឡាឈានទៅល្អបាន គឺត្រូវមាន​ឆន្ទៈ ស្ម័គ្រចិត្ត ព្យាយាម និងគោរពតាមជំនាញ»។

ចំណែក​លោក សេង ប៊ុនសុង បានថ្លែងអំណរគុណ ទៅ​ដល់ថ្នាក់ដឹកនាំដែលបានប្រគល់ភារកិច្ចដ៏សំខាន់ និងស្របតាមឆន្ទៈ ចំណង់ចំណូល និងជំនាញរបស់លោកផ្ទាល់ ដែល​ធ្លាប់ជាគ្រូបង្វឹក នៅសហរដ្ឋអាមេរិកជាង ៣០ ឆ្នាំកន្លងមក។ «ខ្ញុំសប្បាយចិត្ត ព្រោះខ្ញុំវិលមកនៅមាតុភូមិកម្ពុជា ដើម្បីការងារកីឡានេះតែម្តង ហើយក្នុងឆាក​ជីវិត​ចាស់ចុងក្រោយនេះ ខ្ញុំចង់​ផ្តល់ចំណេះ​ជំនាញរបស់​ខ្ញុំ ជូនកូនខ្មែរជំនាន់ក្រោយ»។

ចំណែក​លោក ហ៊ុន ចាន់រាជ គ្រូបង្វឹក និងជាប្រតិភូទំនាក់ទំនង ស្វែងរកការប្រកួតឱ្យ MMA កម្ពុជា បាន​និយាយថា៖ ​«មានលោកគ្រូ សេង ប៊ុនសុង គឺ​ MMAកម្ពុជាយើង នឹងមានភាពរីកចម្រើនល្អបន្ថែមមួយកម្រិតទៀត ខណៈដែលបច្ចុប្បន្ន មានសិស្សក្នុងក្លិប កំពុងហ្វឹកហាត់ជាង ១០ នាក់ ហើយកន្លងមកមានការចង្អុលបង្ហាញពីឯកឧត្តម វ៉ាត់ ចំរើន ទើបដំណើរការបានសន្សឹមៗ ទៅតាមលទ្ធភាព»។

ជាមួយ​គ្នា​នេះ លោក សែម សុគន្ធា ​បាន​ថ្លែង​ថា៖ ​«តាមការ​គ្រោង យើងបានគិតគូ ដោយ​បាន​ត្រៀមដី និងទីតាំង សម្រាប់​សាងសង់រៀបចំរចនាសម្ព័ន្ធ តាមស្តង់ដារ ហើយអ្វីៗត្រៀមរួចជាបណ្តើរៗ ដើម្បីហ្វឹកហាត់រៀបចំប្រកួត ដែលមានលក្ខណៈទំនើប ទាន់សម័យ និង​លក្ខណៈអន្តរជាតិ ដែលមានការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋលេខាធិការ ស សុខា និងឯកឧត្តម វ៉ាត់ ចំរើន ដែលជាថ្នាក់ដឹកនាំជំនាញផ្នែកកីឡា»។

ចំណែក​លោក ស៊ន អេលីត បាន​និយាយថា៖ «កីឡាគុនចម្រុះ ជាប្រភេទកីឡាប្រយុទ្ធ ដែលថ្មី​សម្រាប់ខ្លួនខ្ញុំ ប៉ុន្តែខ្ញុំមានបទពិសោធនមូលសដ្ឋានគ្រឹះពីកីឡាតេក្វាន់ដូ ប្រដាល់សកល ប្រដាល់គុនខ្មែរ និងកីឡាវ៉ូវីណាម ផងដែរ ហើយ​ខ្ញុំជាគ្រូបង្វឹកម្នាក់ ដែលបច្ចុប្បន្ន មានកីឡាករល្អៗជាង ២០ នាក់ ដោយ​ខ្ញុំ​ប្តេជ្ញា​ថា នឹង​ជួយជំរុញពួកគេ​ឱ្យ​ហ្វឹកហាត់បន្ថែមនូវកីឡាគុនចម្រុះនេះ ដើម្បី​ចូលរួមជាមួយថ្នាក់ដឹកនាំកីឡាយើង យ៉ាងពេញចិត្តបំផុត»៕

អត្ថបទគួរចាប់អារម្មណ៍