The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទោះ​កម្ពុជាមាន​​កម្រិតនៅឆ្ងាយ​ពី​អូឡាំពិក តែ​អ្នកជំនាញ​​ថា ការ​ប្រកួតកីឡាយើង​ត្រូវតែមានសង្ឃឹម




ទោះ​កម្ពុជាមាន​​កម្រិតនៅឆ្ងាយ​ពី​អូឡាំពិក តែ​អ្នកជំនាញ​​ថា ការ​ប្រកួតកីឡាយើង​ត្រូវតែមានសង្ឃឹម

Content image - Phnom Penh Post
លោក វ៉ាត់ ចំរើន ពេល​ដឹកនាំ​ប្រតិភូ​កីឡា​កម្ពុជា ចូល​ទៅ​កាន់​ព្រលានយន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃអង្គារ។ រូប​ថត NOCC

ទោះ​កម្ពុជាមាន​​កម្រិតនៅឆ្ងាយ​ពី​អូឡាំពិក តែ​អ្នកជំនាញ​​ថា ការ​ប្រកួតកីឡាយើង​ត្រូវតែមានសង្ឃឹម

ភ្នំពេញ៖ ប្រតិភូ និងក្រុម​អត្តពលិក​កម្ពុជា បានធ្វើ​ដំណើរ​ចាកចេញពី​មាតុ​ប្រទេស កាលពី​ព្រឹក​ថ្ងៃអង្គារ​នេះ ដោយ​ហោះបោះពួយ​ តាម​យន្ត​ហោះ ទៅ​កាន់​ទឹក​ដី​ប្រទេស​ជប៉ុន ដើម្បីចូល​រួមការ​ប្រកួត​កីឡា​អូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ​ ២០២០ នេះ ដែល​ត្រូវ​បាន​លើក​មក​ធ្វើ ចាប់ពីថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី ៨ ខែ សីហា ឆ្នាំ២០២១។

អ្នកជំនាញកីឡាករ លោក វ៉ាត់ ចំរើន ដែលជា​នាយកបេសកកម្ម​ដឹកនាំ​ប្រតិភូ​កម្ពុជា ទៅ​ចូល​រួមព្រឹត្តិការណ៍នេះ បាន​ដឹង​រួច​ទៅ​ហើយ​ថា កីឡាករ កីឡាការិនី​ទាំង​៣​នាក់របស់​កម្ពុជា ដែល​ទទួល​បានសិទ្ធិអនុគ្រោះ ទៅ​ចូល​រួម​ប្រកួតកីឡាំពិកនេះ មាន​សមត្ថភាព នៅ​ឆ្ងាយ​ពីកម្រិតអូឡាំពិក គឺ​មិនអាច​នឹង​ឈាន​ដល់ការ​ដណ្តើម​បានជយលាភី​ល្អទេ។ តែ​ទោះបីជា​យ៉ាង​ណា លោក​បានអះអាង​ថា ការ​ប្រកួតកីឡា យើងត្រូវតែមានសង្ឃឹមជានិច្ច។

លោក ​វ៉ាត់ ​ចំរើន ​បាន​​ថ្លែង​​ថា​៖ «​ទ្រឹស្តី​ក្នុង​កីឡា ​គឺ​មុះ​មុត​ ព្យាយាម​ និង​មាន​ទំនុក​ចិត្ត ​ព្រម​ទាំង​សង្ឃឹម​ជឿ​ជាក់ ​ដោយ​ឡែក​ក្នុង​អូឡាំពិក​ ជា​ការ​ប្រ​កួត​ប្រជែង​កម្រិត​ខ្ពស់​ណាស់ ​សូម្បី​តែ​បេក្ខភាព ​ក្នុង​គ្រប់​ប្រភេទ​កីឡា​នីមួយ​ៗ ​មុន​បាន​ឈ្មោះ​ចូល​រួមប្រ​កួត​​​ ​ត្រូវ​ឆ្លង​កាត់​ការ​ប្រកួត​ជម្រុះ​តាម​តំបន់​ តាម​ទ្វីប​ជា​មុនសិន»។

លោក​បន្ថែម​ថា៖​ «ប៉ុន្តែ​នយោបាយ​របស់​អូឡាំ​ពិក​អន្តរជាតិ ​បាន​ផ្តល់​ភាព​អនុ​គ្រោះ ​ជូនដល់​​អត្តពលិក​នៃ​ប្រទេស​ជា​សមាជិក​អូឡាំពិក​របស់​ខ្លួន ​ហើយ​កម្ពុជា ទទួលបាន​សិទ្ធិ​អនុគ្រោះ ទៅ​លើ​ប្រភេទ​កីឡា​ហែល​ទឹក​ និង​កីឡាអត្តពលកម្ម​ អ៊ីចឹង​​ជា​កាត្វកិច្ច យើង​​ត្រូវ​ចូល​រួម ​ដោយ​ខាន​មិន​បានឡើយ ​ចំណែក​​លទ្ធផល​យើង​មិន​អាច​និយាយ​ថា​ នឹង​ទទួល​បាន​កម្រិត​ណា​នោះ​ទេ​ ​ព្រោះ​វា​ផ្ទុយ​ពី​ទ្រឹស្តី​កីឡា ​ដែល​ត្រូវ​មាន​សង្ឃឹម​ជានិច្ច តែ​បើ​យើង​​និយាយ​ថា ​​គ្មាន​សង្ឃឹម ​នោះ​កីឡា​ករ ​នឹង​បាក់​ទឹក​ចិត្ត​»។

Content image - Phnom Penh Post
ក្រុមអត្តពលិកកម្ពុជា​ទាំង ​៣ នាក់ ដែល​ត្រូវ​ចូល​រួមការ​ប្រកួតកីឡាអូឡាំពិកនៅ​ប្រទេសជប៉ុន លើក​នេះ។ រូប​ថត NOCC

សម្រាប់ការ​ប្រកួតកីឡាអូឡាំពិកនេះ កីឡាករ​ហែលទឹក ​ហែម ​ប៊ុច និង​​​កីឡាការិនី ​ឃឿន ​ប៊ុនពេជ្រមរកត ​នឹង​ត្រូវ​ចូល​រួមប្រកួតលើវិញ្ញាសា​ហែល​សេរី ចម្ងាយ​ ៥០ ម៉ែត្រ​ដូចគ្នា ចំណែក​​កីឡាករអត្តពកម្ម ​ប៉ែន ​សុគង់​ នឹង​ត្រូវប្រកួត​រត់ល្បឿន ១០០ ម៉ែត្រ ខណៈការ​ប្រកួតនេះ លោក វ៉ាត់ ចំរើន រំពឹង​ថា ពួកគេ អាច​នឹងអាច​បំបែកឯតទគ្គកម្ម​ខ្លួនឯង។

អគ្គលេខាធិការ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា៖​ «ចំពោះរឿងដណ្តើមយកមេដាយ ឬក៏យកជយលាភី យើងឃើញថា សម្រាប់ក្រុមអត្តពលិក​យើង នៅឆ្ងាយពីកម្រិតអូឡាំពិកពិភពលោកនេះ តែយើងសង្ឃឹមថា ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាយើង នឹងអាចបំបែកឯតទគ្គកម្មខ្លួនឯង»។

នៅ​មុនការ​​ចេញ​ដំណើរ​​ ទៅ​ចូល​រួមការ​ប្រកួត​អូឡាំពិក នៅ​ជប៉ុន​នេះ លោក​បណ្ឌិត ​ថោង ​ខុន ​​បាន​រៀប​ចំ​កម្មវិធី​ជួប​សំណេះ​សំណាល ​​និង​លើក​ទឹក​ចិត្ត ដល់​ប្រតិភូកីឡា​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ ហើយ​ក្នុង​នាម​ជា​ប្រធាន NOCC លោក ថោន ខុន បាន​ឧបត្ថម្ភ​ថវិកា ដល់​ប្រតិភូ​ និង​អត្តពលិក ​ក្នុង​​ម្នាក់ៗ​ចំនួន ​​៦០០ ​ដុល្លារ​​៕

អត្ថបទគួរចាប់អារម្មណ៍