The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - នាយ​បេសកកម្ម​ថា ការ​ចូល​រួម​កីឡា​អូឡាំពិក​ ជា​កាតព្វកិច្ច​មិន​អាច​ខាន​បាន




នាយ​បេសកកម្ម​ថា ការ​ចូល​រួម​កីឡា​អូឡាំពិក​ ជា​កាតព្វកិច្ច​មិន​អាច​ខាន​បាន

Content image - Phnom Penh Post

នាយ​បេសកកម្ម​ថា ការ​ចូល​រួម​កីឡា​អូឡាំពិក​ ជា​កាតព្វកិច្ច​មិន​អាច​ខាន​បាន

ភ្នំពេញ៖ នាយ​បេសកកម្ម​កីឡា​អូឡាំ​ពិក​តំណាង​ឱ្យ​កម្ពុជា​លោក វ៉ាត់ ចំរើន បាន​អះអាង​ថា ការ​បញ្ជូន​ប្រតិភូ និង​ក្រុម​អត្តពលិក​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូក្យូ​ឆ្នាំ ​២០២០ ដែល​បាន​លើក​មក​ធ្វើ​នៅ​ឆ្នាំ​ ២០២១​ នេះ​ថា​ ជា​កាតព្វកិច្ច​មិន​អាច​ខក​បាន គឺ​យើង​ទៅ​ចូលរួម​ដើម្បី​សន្ដិភាព​ទៅ​ដើម្បី​លើក​ទឹកចិត្ត​ម្ចាស់​ផ្ទះ​ ទៅ​ដើម្បី​បំពេញ​កាតព្វកិច្ច​​ជា​សមាជិក​ចលនា​អូឡាំពិក​ពិភព​លោក។

លោក វ៉ាត់ ចំរើន ​បាន​ថ្លែង​ថា៖ «​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​​មាន​មោទនភាព គឺ​បេសកកម្ម​លើក​នេះ វា​ខុស​ពី​បេសកកម្ម​លើក​មុន​ៗ ហេតុ​នេះ​ទោះបី​ជា​មាន​ការ​​​បារម្ភ​ពី​គ្រួសារ ឬ​មិត្តភក្តិ​តែ​ប្រតិភូ​កីឡា​យើង​ទាំង​អស់​នៅ​តែ​មាន​​ឆន្ទៈ​មោះមុត​ក្នុង​ការ​ចូលរួម​ហើយ​ត្រូវ​ចូលរួម​ឱ្យ​បាន ដើម្បី​តំណាង​កម្ពុជា​ តំណាង​ទង់ជាតិ​កម្ពុជា​ក្នុង​ពិធី​បើក​កីឡា​អូឡាំពិក​ ៤ ឆ្នាំ​ម្ដង​ក្នុង​នាម​កម្ពុជា​ជា​សមាជិក​ចលនា​អូឡាំពិក​អន្ដរជាតិ​ដែល​មិន​អាច​លះបង់​ការ​ចូលរួម​នេះ​បាន​ឡើយ»។

«កម្ពុជា​បាន​ចូល​ជា​សមាជិក​គណៈកម្មាធិការ​អូឡាំពិក​អន្ដរជាតិ​ឡើង​វិញ​ បន្ទាប់​ពី​ថ្ងៃ​រំដោះ ៧ មករា គឺ​នៅ​ឆ្នាំ ១៩៩៤ ហើយ​យើង​បាន​ចូលរួម​ការ​ប្រកួត​កីឡា​​អូឡាំពិក ក្រោយ​ពី​សង្គ្រាម​ស៊ីវិល គឺ​នៅ​ឆ្នាំ ១៩៩៦ អ៊ីចឹង​តាំង​ឆ្នាំ​ ១៩៧២ រហូត​ដល់​ឆ្នាំ ១៩៩៦ ក្នុង​រង្វង់​នៃ​ប្រទេស​មាន​សង្គ្រាម​យើង​មិន​បាន​ចូលរួម​ទេ»។

លោក វ៉ាត់ ចំរើន បាន​បន្ត​ថា៖ «ប៉ុន្តែ​ឥឡូវ​នេះ គឺ​ប្រទេស​មាន​សុខ​សន្ដិភាព​ពេញ​លេញ​ហើយ​ប្រទេស​ជាតិ​ក៏​មាន​ការ​រីក​ចម្រើន អ៊ីចឹង​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ថែរក្សា​ការ​ចូលរួម​ក្នុង​នាម​សមាជិក​ និង​ជា​កាតព្វកិច្ច​ឱ្យ​បាន​ជា​រៀងរាល់​ឆ្នាំ​ បើ​ទោះបី​មាន​បញ្ហា​កើត​ឡើង​ក្នុង​ការ​រៀបចំ​អូឡាំពិក​ក៏​ដោយ ក៏​យើង​ត្រូវ​តែ​ចូលរួម​ដែរ ​ព្រោះ​យើង​ទាំង​អស់​គ្នា មាន​ស្មារតី​អូឡាំពិក​នៅ​ក្នុង​បេះដូង​យើង​ទាំង​អស់​គ្នា»។

ការ​លើក​ឡើង​បែប​នេះ​របស់​លោក វ៉ាត់ ចំរើន ត្រូវ​បាន​ធ្វើ​ឡើង នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​អង្គារ គឺ​មុន​ពេល​លោក​ត្រូវ​ដឹកនាំ​ប្រតិភូ និង​ក្រុម​អត្តពលិក​កម្ពុជា សរុប ​៨ ​នាក់ (អត្តពលិក ៣ នាក់) ហោះ​បោះ​ពួយ​ទៅ​កាន់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ការ​ប្រកួត​កីឡា​អូឡាំពិក ឆ្នាំ ២០២០ នេះ ដែល​ត្រូវ​ធ្វើ​ចាប់​ពី​ថ្ងៃទី ២៣ ខែ​កក្កដា ដល់​ថ្ងៃទី ​០៨ ខែ សីហា ឆ្នាំ ២០២១ ខាង​មុខ​។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន ​បន្ថែម​ថា៖ «ការ​ប្រកួត​ឈ្នះ​ចាញ់​ គឺ​ជា​រឿង​មួយ ចំណែក​ការ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក លោក Pierre De Coubertin បាន​ថ្លែង​ហើយ​ថា កីឡា​អូឡាំពិក​សំខាន់​ជាង​គេ គឺ​ការ​ចូលរួម ព្រោះ​​ជា​ការ​ដែល​ធ្វើ​ឱ្យ​ពិភព​លោក​មាន​មិត្តភាព សាមគ្គីភាព និង​សន្ដិភាព​ដោយ​កម្ពុជា​យើង​បាន​ដាក់​ទ្រឹស្ដី​ក្នុង​បាវចនា​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម​ឆ្នាំ ២០២៣ ថា កីឡា​រស់​ក្នុង​សន្ដិភាព អ៊ីចឹង​យើង​ទៅ​នេះ ទៅ​ដើម្បី​សន្ដិភាព​ទៅ​ដើម្បី​លើក​ទឹក​ចិត្ត​ម្ចាស់​ផ្ទះ ​ទៅ​ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​សមាជិក​ចលនា​អូឡាំពិក​ពិភព​លោក»។

អ្នក​ជំនាញ​កីឡា​រូប​នេះ ​បាន​បញ្ជាក់​ថា៖ «អ្វី​ដែល​យើង​ចង់​បាន​​ត្រឡប់​មក​វិញ គឺ​កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​ដែល​កីឡាករ​កីឡា​ការិនី​របស់​យើង​ខិតខំ​ប្រឹង​ក្នុង​ការ​ប្រកួត ហើយ​ប្រកួត​ដោយ​មោទនភាព​គោរព​គោលការណ៍ FairPlay គោរព​បទបញ្ជា​ការ​ប្រកួត និង​ប្រកួត​ដោយ​ក្រម​សីលធម៌​ល្អ»។

លោក​បន្ត​ថា​៖ «ទោះបី​កីឡាករ-កីឡាការិនី​របស់​យើង​មាន​ចំនួន​តិច​មែន​ ប៉ុន្ដែ​យើង​នឹង​នាំ​ត្រឡប់​មក​វិញ​នូវ​កិត្ដិយស​មិន​ឱ្យ​យើង​ពាក់ព័ន្ធ​ទៅ​នឹង​សារធាតុ​ដូប៉ា ឬ​រំលោភ​បទបញ្ជា​ការ​ប្រកួត​ទេ។​​នេះ​ហើយ​ជា​ការ​អបអរ​សាទរ​មួយ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ នាយក​រដ្ឋមន្ដ្រី​បាន​យក​ចិត្ត​ទុក​ដាក់​ណាស់​ ចំពោះ​វិស័យ​កីឡា»៕

អត្ថបទគួរចាប់អារម្មណ៍