The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក វ៉ាត់ ចំរើន ថា IOC ​ទទួល​ស្គាល់​ Muaythai ត្រឹម​ជា​កីឡាមាន​ប្រជាប្រិយ មិន​មែន​ចាត់​ចូល​ជាហ្គេម នៅ​ក្នុង​​​កីឡា​អូឡាំពិកនោះទេ




លោក វ៉ាត់ ចំរើន ថា IOC ​ទទួល​ស្គាល់​ Muaythai ត្រឹម​ជា​កីឡាមាន​ប្រជាប្រិយ មិន​មែន​ចាត់​ចូល​ជាហ្គេម នៅ​ក្នុង​​​កីឡា​អូឡាំពិកនោះទេ

Content image - Phnom Penh Post
កីឡាករ​ថៃ បាន​ទាត់ទៅ​លើ ឡៅ ចន្រ្ទា ក្នុងការ​ប្រកួត​ប្រដាល់​គុនខ្មែរ នៅនលើទឹកដី​កម្ពុជា នាពេល​កន្លង​មក។ រូប​ថត ភ្នំពេញប៉ុស្តិ៍

លោក វ៉ាត់ ចំរើន ថា IOC ​ទទួល​ស្គាល់​ Muaythai ត្រឹម​ជា​កីឡាមាន​ប្រជាប្រិយ មិន​មែន​ចាត់​ចូល​ជាហ្គេម នៅ​ក្នុង​​​កីឡា​អូឡាំពិកនោះទេ

ភ្នំពេញ៖ គណៈ​កម្មការ​ប្រ​តិបត្តិ​នៃ​គណៈ​កម្មកាធិការ​អូឡាំពិក​អន្តរជាតិ (​IOC) ​បាន​ប្រកាស​ទទួល​ស្គាល់​កីឡា ​Muaythai​ និង​សហព័ន្ធ​អន្តរជាតិ ​នៃ​សមាគម​ Muay thai ​(IFMA) ​ជា​មួយ​នឹង​កីឡា​ជា​ច្រើន​ប្រ​ភេទ​ទៀត​ថា ​ជា​ប្រភេទ​កីឡា​ដែល​មាន​ប្រ​ជា​ប្រិយបំផុត ទៅ​តាម​ការ​ស្នើសុំ ក្នុង​នាមជា​បេក្ខភាព​សមាជិក​របស់ IOC​ ហើយ​​ការ​ប្រកាស​​នេះ ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​​កិច្ច​ប្រជុំ​​ លើក​ទី​១៣៨ របស់ ​IOC ​នា​​ទី​ក្រុង​តូក្យូ កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​​មុនពិធី​​​បើក​ការ​ប្រកួតកីឡាអូឡាំពិក ​​​ឆ្នាំ​២០២០ ជា​ផ្លូវ​ការ​។​

យ៉ាង​ណា​ក៏​ដោយ ចំពោះ​លទ្ធផល​នៃ​​កិច្ចប្រជុំ​ IOC ​នេះ ត្រូវ​បាន​​អ្នក​ជំនាញ​កីឡា​របស់​កម្ពុជា ​គឺ​លោក​ វ៉ាត់ ​ចំរើន ដែល​កំពុងស្ថិត​នៅក្រុង​តូក្យូ ប្រទេស​ជប៉ុន ស្រាប់នោះ ធ្វើ​ការ​​ពន្យល់​​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ តាម​តេឡេ​ក្រាម​ថា​ IOC ​​ទទួល​ស្គាល់​នេះ គឺ​ស្ថិត​នៅ​ក្នុង​កម្រិត​ជា​ប្រភេទ​កីឡា ដែល​មាន​ប្រជា​ប្រិយ មាន​ចលនា​សកម្ម​ ក្នុង​មហា​ជន ​ក្នុង​ដំណាក់​កាល​ទី​១​ ប៉ុន្តែ​មិន​មែន​ដាក់​ចូល​ឱ្យ​​ប្រកួត​ជា​កីឡា​​របស់​​អូឡាំពិក​អន្តរជាតិ នោះ​ទេ​។​

តាម​ប្រ​ភព​ជា​ច្រើន​ ដែល​បាន​ផ្សព្វ​ផ្សាយ​ តែ​មិន​ទាន់​បាន​ជ្រាប​ច្បាស់​ពី​ខ្លឹម​សារ​ ក្នុង​បច្ចេក​ទេស​កីឡា​របស់​​អូឡាំពិក​នេះ ​​បាន​​លើក​ឡើង ​នូវ​មតិ​ខុស​ ពី​ខ្លឹម​សារ​ពិត​។ ​ជា​មួយ​គ្នា​នេះ​ ពល​រដ្ឋ​កម្ពុជា​មួយចំនួន​ធំ​ ដែល​និយម​ចូល​ចិត្ត​ប្រ​ដាល់​គុន​ខ្មែរ មានការ​​មិន​សប្បាយ​ចិត្ត​ ព្រោះ​​ប្រវត្តិ​ និង​ផ្នត់​គំនិត​បង​ប្អូន​ខ្លះ ​នៅ​តែ​ជឿ​ថា​ កីឡា​ Muaythai ​មាន​ប្រ​ភព​មក​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ​។

​បន្ថែម​ពី​លើ​នេះ ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ថៃ ​The Nation​ កាលពី​ថ្ងៃ​ទី ​២១​ ខែ ​កក្កដា ​ឆ្នាំ​ ២០២១​ មាន​ខ្លឹមជា​រួម​​ថា​ ​​នា​ពេល​អនាគត ​លទ្ធភាព​នៃ​កីឡា Muaythai ​អាច​នឹង​មាន​វត្តមាន ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​នៃ​ព្រឹត្តិការណ៍​កីឡា​ពិភព​លោក​ ជា​មួយ​ព្រឹត្តិ​ការណ៍​​កីឡា​អូ​ឡាំ​ពិ​ក ​ផង​ដែរ​។

Content image - Phnom Penh Post
សកម្ម​ភាព​ប្រដាល់ Muaythai ដែល​ត្រូវបាន​រៀបចំ​ឱ្យ​ការ​ប្រកួត​កន្លងមក ខណៈប្រភេទ​កីឡា​មួយនេះ ទើបតែ​ត្រូវបាន IOC ទទួល​ស្គាល់ជា​ប្រភេទកីឡា​មាន​ប្រជា​ប្រិយ។ រូប​ថត សហការី

យ៉ាង​ណា​ក៏ដោយ លោក​ វ៉ាត់​ ចំរើន ​ជា​នាយ​បេសកកម្ម​ដឹក​នាំ​ប្រតិភូ​កីឡាកម្ពុជា ​ទៅ​ប្រកួត​កីឡាអូឡាំពិក នៅ​ទី​ក្រុង​តូក្យូ​ ឆ្នាំ ​២០២០ នេះ បាន​ពន្យល់​យ៉ាង​ច្បាស់​ថា​៖ «​IOC ​​មាន​សមាជិក​ចំនួន​ ២០៥ ​ប្រទេស​ ហើយ​ក្នុង​កិច្ច​ប្រជុំ ​សម្រេច​ទទួល​ស្គាល់​កីឡា​ Muaythai ​និង ​IFMA ​ព្រម​ទាំង​ប្រភេទ​កីឡា​ជា​ច្រើន​ទៀត​នោះ​ គឺ​ធ្វើ​ឡើង​ក្នុង​រង្វង់​គណៈ​កម្មាធិការ​ប្រ​តិបត្តិ ​ដែល​មាន​សមាជិក​​ត្រឹម ​១០៥ ​ប្រទេស ​ដោយ​បាន​សម្រេច​ទទួល​ស្គាល់​»​។​

លោក​បាន​​លម្អិត​ពី​លក្ខណៈ​បច្ចេកទេស​ថា​៖ «​IOC ​ទទួល​ស្គាល់​កីឡា​ Muaythai ​និង​IFMA​ ព្រម​ទាំង​ប្រភេទ​ជា​ច្រើន​ទៀតនេះ ​ក្នុង​កម្រិត​ជា​ប្រភេទ​កីឡា​ កំពុង​មាន​ប្រ​ជា​ប្រិយ ​មាន​ចលនា​សកម្ម គឺ​​មិន​មែន​ទទួល​ស្គាល់​ ជា​ប្រ​ភេទកីឡា​​ ត្រូវ​ដាក់​ឱ្យ​​លេង​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រកួត​ថ្នាក់​ពិភព​លោក​របស់​ហ្គេម​អូឡាំពិក​អន្តរជាតិ​ នោះ​ទេ»​។

ឆ្លើយ​តម​ទៅ​នឹង​ខ្លឹម​សារ​លម្អិត​នេះ​ អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា (NOCC) លោក ​វ៉ាត់​ ចំរើន បាន​​បញ្ជាក់​ថា​៖ «​ចំពោះ​របៀប​វារៈ​សំខាន់​ៗ ​នៃ​មហា​សន្និ​បាត នៅក្នុង​​គណៈ​កម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ លើក​ទី១៣៨ នោះ ​គឺ​ជា​ការ​បោះ​ឆ្នោត​ផ្លូវ​ការ ​ដើម្បី​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​ Muaythai ​និង​សហព័ន្ធ​អន្តរជាតិ​ នៃ​សមាគម​ IFMA ​គឺ​ក្នុង​ប្រទេស​តែ​ ១០៥​ ជា​សមាជិក ​ខណៈ​ដែល​ ១០០ ​ប្រទេស​ទៀត​ ក្នុង​នោះ​មាន​ NOCC យើង​ដែរ ​មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​ប្រជុំ​ ​បោះ​ឆ្នោត​ទេ»​។​

ជាមួយគ្នា​នេះ លោក​ សុខ​ អាង​ អគ្គ​លេខា​ធិ​ការ​កីឡា​គុន​ដាវ ​និង​ជា​មន្ត្រី​កីឡា ​ដែល​ជំនាញ​ច្បាប់​កីឡា​ បាន​​ប្រាប់​​ថា​ ប្រ​ភេទ​កីឡា ​ដែល​ត្រូវ​ IOC ទទួល​ស្គាល់​ ឃើញ​មាន​ប្រភេទ​កីឡា​ Muaythai ​(IFMA) ​ឃីក​បុកស៊ីង ​និង​ហ្សាម​បូ ​ប៉ុន្តែ​​លោក​​ថា​ វា​មាន​ដំណាក់​កាល​របស់​គេ ​ក្នុង​ការ​បញ្ជូល​ ជា​ប្រភេទ​កីឡា​ក្នុង​អូឡាំ​ពិក​ ទៅ​តាម​ធម្ម​នុញ្ញ​របស់​គេ​។​

Content image - Phnom Penh Post
លោក វ៉ាត់ ចំរើន ដែលកំពុង​ដឹកនាំ​ក្រុមប្រតិភូ​កីឡា​កម្ពុជា ចូល​រួម ការ​ប្រកួត​កីឡា​អូឡាំពិក នៅ​ប្រទេសជប៉ុន។ រូប​ថត សហការី

លោក​​បាន​​បន្ថែម​ថា​៖ «​ការ​ទទួល​ស្គាល់​​នេះ គេ​​មាន​ច្រើន​ដំណាក់​កាល ​ក្នុង​នោះ​ប្រ​ភេទ​កីឡា​ ដែល​បាន​ទទួល​ស្គាល់​ ក្នុង​អូឡាំពិក ​ឆ្នាំ​២០២០ ​នៅ​ក្រុង​តូក្យូ​ថ្មីៗ​នេះ​ នឹង​ត្រូវ​ឆ្លង​ទៅ​កិច្ច​ប្រជុំ​អូឡាំ​ពិក ​ឆ្នាំ​២០២៤​ ដើម្បី​ពិនិត្យ​លើ​បច្ចេកទេស​​បន្ថែម ​​ពីអ្នក​​ជំនាញ​​របស់​សហព័ន្ធ​អន្តរជាតិ ហើយ​បើ​​ពិនិត្យ​ឃើញ​ថា មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ ក្នុង​លក្ខខ័ណ្ឌ​ជា​ច្រើន​ទៀតហើយ​នោះ គឺ​​គេ​អាច​ដាក់​បញ្ជូល​ក្នុង​ហ្គេម​អូឡាំពិក​អន្តរជាតិ ​ក្នុង​កីឡា​អូ​ឡាំ​ពិក​ ឆ្នាំ​២០២៨​»។​

យ៉ាង​ណា​ក៏​ដោយ លោក​ តែម ​ម៉ឺន ​ ​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ហាក់​មិន​បាន​បង្ហាញការ​តូច​ចិត្ត ឬ​ភ្ញាក់​ផ្អើល ទៅនឹង​ដំណឹង​នេះ​ទេ ដោយ​លោក​​​បាន​ថ្លែង​​ថា​៖«​ការ​ទទួល​ស្គាល់​កីឡា​ Muaythai ​ជា​កិច្ច​ការ ​តាម​លក្ខខណ្ឌ​របស់​គេ អ៊ីចឹង​​យើង​មិន​អាច​មាន​មតិ ​ឬ​យោបល់​យ៉ាង​ណា​ទេ​ ចំណែក​មតិ​របស់​មហា​ជន ​ដែល​មាន​ការ​គាំ​ទ្រ ​ឬ​រិះ​គន់​ថា ​កីឡា​គុន​ខ្មែរ​ មិន​រីក​ចម្រើន​ដូច​គេ ​ក៏​​ជា​សិទ្ធិ​ឯក​ជន​របស់​គេដែរ ​ដែល​យើង ​គ្មាន​សិទ្ធិ​ ហាម​ឃាត់​គេ​បាន​ទេ»​។​

លោក​ តែម ម៉ឺន ដែល​ជា​អគ្គ​លេខាធិការរង ​NOCC ​ផង​នោះ បាន​បន្ថែម​ថា​៖ «​គ្រប់​ប្រភេទ​​កីឡា​ទាំង​អស់ ​នៅ​លើ​ពិភព​លោក​ សុទ្ធ​តែ​មាន​ការ​ប្រ​កួត​ប្រជែង ​ហើយ​លទ្ធផល ​វា​អាស្រ័យ​ទៅ​លើ​សមត្ថភាព ​និង​ធន​ធាន​តាម​ប្រទេស​រៀងៗ​ខ្លួន​ ពោលគឺ​​មិន​អាច​ចោទ ​ឬ​ទម្លាក់​កំហុស​ ទៅ​ខាង​ណា​បាន​ឡើយ»​​៕​

អត្ថបទគួរចាប់អារម្មណ៍