ភ្នំពេញ៖ កីឡាករ​ ឡៅ​ ចន្ទ្រា​ របស់​​ក្លិប​កីឡា​ប្រដាល់​បញ្ជាការ​ដ្ឋានទ័ព​ពិសេស​ បានផ្តួល​​អ្នក​ប្រយុទ្ធ ​ធឿន ​ធារ៉ា ​មក​ពី​សមាគម​ប្រ​ដាល់ក្រសួង​កសិកម្ម ​ដោយស្នៀត​ជង្គង់ ឱ្យ​សន្លប់នៅ​ត្រឹមទឹកទី ២​ ក្នុងនាមជា​គូ​ប្រកួត​ដណ្តើម​ប្រាក់លាន ទម្ងន់ ៧១ គីឡូក្រាម នៅ​លើ​សង្វៀន CNC កាល​ពី​ព្រលប់ ថ្ងៃសៅរ៍។

យ៉ាង​ណា​ក៏​ដោយ ​សម្រាប់​​ទិដ្ឋភាពការ​​ប្រ​កួត ដើម្បី​​យក​ប្រាក់លាន​ចំនួន ២ លាន​រៀលនេះ ត្រូវបាន​​គេ​មើល​ឃើញ​ថា ការ​ប្រកួត​របស់ ធឿន​ ធារ៉ា គឺ​​វ៉ៃ​មិនអស់​សមត្ថភាព ហើយបន្ទាប់ពី​រូបគេ បាន​ទទួល​រងការ​បុកជង្គង់​ផ្តួនៗបណ្តាលឱ្យដួល និង​ត្រូវបាន​​​លោក​អាជ្ញា​កណ្តាល​ អ៊ិន​ ខេមរិន្ទ រាប់នៅ​ក្នុងទឹក​ទី​ ២ នោះ លោក ខេមរិន្ទ ក៏​​បាន​ធ្វើការ​​ព្រមាន​ទៅលើ ធឿន ​ធារ៉ា ​ចំនួន​ពីរលើក​ឱ្យ​ខំ​ប្រឹង​ប្រកួត​វិញ​ផងដែរ តែ​​ក្រោយការ​ព្រមាន​លើក​ទី ២ ភ្លាម ធារ៉ា ត្រូវបាន ចន្ទ្រា ចូល​ចាប់ និងបុក​ជង្គង់ស្តាំ ចូល​ឆ្អឹងជំនីរ បណ្តាល​ឱ្យ​សន្លប់តែ​ម្តង។

​ការ​សន្លប់បែបងាយ​ពេក​របស់​ជើង​ខ្លាំង ធឿន ធារ៉ា ​បាន​ធ្វើ​ឱ្យ​អាជ្ញាកណ្តាល និង​ប្រធាន​គណៈ​វិនិច្ឆ័យ ធ្វើការ​ពិភាក្សា​គ្នា​ផងដែរ ប៉ុន្តែ​ក្រោយមក ​ក្រុម​គណៈ​កម្មការ​រៀបចំការ​ប្រកួតគូនេះ បាន​ត្រឹម​មើល​មុខគ្នា គ្មាន​វាចារ ​ហើយ​បាន​ឱ្យ​​ពិធី​ករ ​ប្រកាស​លទ្ធផល ដោយ​សម្រេច​ឱ្យ​​កីឡាករ ​ឡៅ ​ចន្ទ្រា​ ឈ្នះ​ជា​ផ្លូវ​ការ​តែ​ម្តង​។​

យ៉ាង​ណា​ក៏ដោយ ​ឡៅ​ ចន្ទ្រា​ បានអះអាង​ថា ធឿន ធារ៉ា បាន​សន្លប់ពិតប្រាកដ​មែន។ ចន្ទ្រា បាន​និយាយ​ថា៖ ​«ការ​​វ៉ៃ​ចូល​គោល​ដៅ ​ដោយ​ក្បាច់​ជង្គង់​ផ្ទួនៗ​របស់​ខ្ញុំ គឺ​​មាន​ត្រូវ​ទ្រូង ​ ពោះ​ និង​ឆ្អឹង​ជំនី​ខ្ចី ​ហើយ​ចំណុច​ទាំង​នេះ​ មិន​អាច​គេច​ពី​សន្លប់​បាន​ទេ​។​ ខ្ញុំ​មិន​ដឹង​ថា ​គាត់​យ៉ាង​ម៉ិច​​ទេ​ ប៉ុន្តែ​ការ​វ៉ៃ​ចូល​របស់​ខ្ញុំ​នោះ ​សន្លប់​ពិត​ប្រាកដមែន»​។

នៅ​ក្នុងអំឡុងពេល​កំពុង​ប្រកួត​នោះ ​មហា​ជន កំពុង​​ទស្សនាមួយចំនួន ​បាន​បញ្ចេញ​មតិ​ឱ្យ​​បណ្តេញ​ ធឿន ធារ៉ា ចុះ​ពីលើ​សង្វៀន តាំង​ពី​ទឹក​ទី ​១ ​ខណៈ​ដែល​ការ​ប្រ​កួត​ហាក់​ដូវ​វ៉ៃ​តែ​ខាង​ឡៅ​ ចន្ទ្រា នោះ​។ នៅ​ក្នុង​អំឡុង​ទឹក​ទី ២​ គឺ​មុន​នឹង​សន្លប់នោះ ​គេ​ឃើញ​ការ​វាយ​ចេញ​របស់ ​ឡៅ ​ចន្ទ្រា​ ចូល​គោល​ដៅ​ល្អ ហើយ​ ធឿន ​ធារ៉ា ​ហាក់​ដូច​វ៉ៃ​មិន​អស់​ពី​សមត្ថភាព​ ​ធ្វើ​ឱ្យ​​អាជ្ញា​កណ្តាល​លោក ​អ៊ិន ​ខេមរិន ​​បាន​ព្រមាន​ចង្អុល​មុខ​ ចំនួន​ពីរ​លើក​ ដើម្បី​ឱ្យ​​វ៉ៃ​អស់​ពី​សមត្ថភាព ​ប៉ុន្តែ​ភ្លាម​នោះ​ ត្រូវ​បាន​សន្លប់​យ៉ាង​លឿន។​

ចំណែក​ លោក ​ឡៅ ​ស៊ី​ណាត ​ជា​បង​ប្រុស ឡៅ ចន្ទ្រា បាន​​និយាយ​ថា៖​ «​ខ្ញុំ​មើល​ឃើញ​ថា​ ធឿន ​ធារ៉ា ​ត្រូវ​ជង្គង់​ធ្ងន់ៗ​ គឺ​សន្លប់​មែន​ ​ព្រោះ​ចំណុច​ទាំងថ​នោះ​ ចុក​ណាស់​ ប៉ុន្តែ​គេ​បើក​ឱ្យ​​វ៉ៃ​ឬ​យ៉ាង​ណា​ ខ្ញុំ​មិន​ហ៊ាន​ថា​ទេ​»។ រីឯ​ ​ធឿន ​ធា​រ៉ា ​ក្រោយ​ពេល​ប្រ​កួត ​​មិន​អាច​ទំនាក់​ទំនង​សម្ភាស​បានទេ ​ស្រប​ពេល​ដែល​មហា​ជន​នាំ​គ្នា​ជេរ ​តាម​ហ្វេសប៊ុក និង​​រិះ​គន់​ធ្ងន់ៗ​ទៅ​លើ ​ធឿន ​ធារ៉ា​។​

យ៉ាង​ណា​ក៏​ដោយ ចំពោះ លោក​ តែម ​ម៉ឺន​ ប្រធាន​សហព័ន្ធកីឡា​​ប្រដាល់​គុន​ខ្មែរ ​បាន​ថ្លែង​​តបទៅនឹង​ហេតុការណ៍នេះ​​ថា​៖ «​យើង​គ្មាន​ភ័ស្តុតាង​ណា​ ដាក់​បន្ទុក​ ឬ​ចោទ​គេ (ធឿន ធារ៉ា) នោះ​ទេ ​ប៉ុន្តែ​ខ្ញុំ​មើល​ពី​ការ​វាយ​ចូល​របស់​ ឡៅ​ ចន្ទ្រា ​នោះ​ គឺ​ចំ​គោល​ដៅ​ល្អ​ណាស់​ វា​ត្រូវ​តែ​សន្លប់​មិន​ខាន»​៕​