ភ្នំពេញ៖ ទោះបី​ជា​​ក្រុម​អត្តពលិក​កម្ពុជា មិន​ទាន់​មាន​លទ្ធភាព​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​​អូឡាំពិក ហើយ​បាន​ចូលរួម​ត្រឹម​​ការ​ទទួល​បាន​សិទ្ធិ​អនុគ្រោះ ប៉ុន្តែ​ការ​បំបែកឯតទគ្គកម្ម​ខ្លួន​ឯង ​លើ​ការ​ហែល​ទឹក​របៀប​សេរី ៥០ ​ម៉ែត្រ របស់​កីឡាការិនី​ ឃឺន ប៊ុនពេជ្រមរកត និង​កីឡាករ ហែម ប៉ុច​ នៅ​អូឡាំពិក ទីក្រុង​តូក្យូ ឆ្នាំ​ ២០២០ ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​សុក្រ ​ត្រូវ​បាន​អ្នក​ជំនាញ​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​កម្ពុជា អះអាង​ថា វា​​បាន​បង្ហាញ​ពី​ភាព​រីក​ចម្រើន និង​បាន​ផ្តល់​នូវ ក្តី​សង្ឃឹម​សម្រាប់​ក្រុម​ហែល​ទឹក​ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ដែល​​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

លោក ហែម គីរី អគ្គ​លេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​បាន​​ប្រាប់​កាល​ពី​ថ្ងៃ​អាទិត្យ​​ថា៖ ​«ចាប់​​តាំង​ពី​កម្ពុជា​បាន​វិល​ត្រឡប់​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ជា​ថ្មី នៅ​សហរដ្ឋអាមេរិក ឆ្នាំ​ ១៩៩៦ គឺ​ខាង​ហែល​ទឹក​បាន​បញ្ជូន​​អត្តពលិក​ទៅ​ចូល​រួម ២ នាក់​ តាមរយៈ​សិទិ្ធ​អនុគ្រោះ​រហូត ហើយ​ចំពោះ​សិទ្ធផល គឺ​តាំង​​ឆ្នាំ​ ១៩៩៦ មក​ដល់​ឥឡូវ​នេះ កម្ពុជា​​មាន​ការ​រំកិល​ថិរវេលា​កាន់​តែ​ទាប​ទៅ​នឹង​ក្បែរ​កីឡាករ​​​ក្នុង​តំបន់ ដែល​ដណ្តើម​បាន​មេដាយ​មាស នៅ​ស៊ីហ្គេម»។

លោក​បាន​លើក​យក​កំណត់ត្រា​ចាស់ នៃ​ការ​ហែល​សេរី ​៥០ ម៉ែត្រ មក​​បញ្ជាក់​​ថា៖​ «កាល​​ប្រកួត​អូឡាំពិក​ ឆ្នាំ​ ១៩៩៦ កីឡាករ ហែម លំផាត់ ជា​បង​ប្រុស​ខ្ញុំ ធ្វើ​បាន​ ២៧ វិនាទី​ជាង ចំណែក​កីឡាការិនី ហែម រស្មី ជា​ប្អូនស្រី​ខ្ញុំ ធ្វើ​ក្នុង​ថិរវេលា​ជាង ៣២ ​វិនាទី ហើយ​អូឡាំពិក ឆ្នាំ​ ២០០០ នៅ​ប្រទេស​អូស្រ្តាលី ខ្ញុំ​ផ្ទាល់​ធ្វើ​បាន​ក្នុង​ថិរវេលា ២៦ វិនាទី ហើយ ហែម រស្មី ធ្វើ​បាន​ ៣០ វិនាទី អ៊ីចឹង​បើ​គិត​ជាមួយ​ថិរវេលា​ ដែល​កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត និង​កីឡាករ ហែម ប៊ុច ធ្វើ​បាន នៅ​អូឡាំ​ពិក​លើក​​នេះ​ គឺ​មាន​ការ​រីក​ចម្រើន និង​វិវឌ្ឍ​ទៅ​មុខ»។

នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក កាល​ពី​ថ្ងៃ​សុក្រ កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៣ ក្នុង​ស៊េរី​ នៃ​ការ​ហែល​សេរី ៥០​ ម៉ែត្រ ដោយ​នាង​ធ្វើ​​បាន​ ២៩:៤២ វិនាទី គឺ​បាន​បំបែក​ឯតទគ្គកម្ម​ចាស់​របស់​ខ្លួន ដែល​ធ្វើ​​បាន ២៩:៩៩ វិនាទី ចំណែក​កីឡាករ ហែម ប៉ុច ដែល​ហែល​ ៥០ ម៉ែត្រ​ដូចគ្នា ធ្វើ​បាន​ក្នុង​ថិរវេលា ២៤:៩១ វិនាទី គឺ​បាន​បំបែក​សិទ្ធផល​ចាស់ ២៤:៩២ វិនាទី ដូច​គ្នា។ ប៉ុន្តែ​កីឡាករ​អត្តពលិកម្ម ប៉ែន សុគង់ ធ្វើ​បាន​ក្នុង​ថិរវេលា ១១.០២ វិនាទី ក្នុង​ការ​រត់​ល្បឿន​​ ១០០ ម៉ែត្រ គឺ​មាន​ការ​ធ្លាក់​ចុះ ជាង​ឯតទគ្គកម្ម​ចាស់​របស់​ខ្លួន ដែល​ធ្លាប់​ធ្វើ​បាន​ត្រឹម ១០.៨៧ វិនាទី។

លោក ហែម គីរី បាន​បន្ត​ថា៖ ​« បើ​ទោះបី​ជា​ការ​រីក​ចម្រើន​របស់​យើង ​វា​មិន​ច្រើន ​ តែ​​លក្ខណៈ​បច្ចេកទេស​​ល្បឿន​នេះ វា​មិន​ងាយ​នឹង​បំបែក​បាន​ស្រួលៗ​នោះ​ទេ ហើយ​បច្ចុប្បន្ន យើង​ក៏​បាន​ជួប​ការ​លំបាក​ក្នុង​ការ​ហ្វឹកហាត់ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ​១៩ ផង​ដែរ។ តែ​ទោះយ៉ាង​ណា ​​ការ​ធ្វើ​បាន​ក្នុង​ថិរវេលា ២៤:៩១ វិនាទី​ របស់​កីឡាករ ហែម ប៉ុច ​​វា​ជា​ការ​ល្អ​សម្រាប់​កីឡាករ​យើង ព្រោះ​ថិរវេលា​នេះ វា​កាន់​តែ​មក​កៀក​នឹង​​ម្ចាស់់​មេដាយ​មាស​ស៊ីហ្គេម​ជនជាតិ​សិង្ហបុរី ដែល​បាន​ត្រឹម ២២ វិនាទី»។

អគ្គ​លេខាធិការ​រូប​នេះ បាន​បន្ថែម​ថា៖​ «ចំណែក​ផ្នែក​កីឡាការិនី គឺ​ពេល​នេះ កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ធ្វើ​បាន​រហូត​មក​ដល់ ២៩:៤២ វិនាទី គឺ​វា​កាន់​តែ​លឿន​ជាង​មុន អ៊ីចឹង​អាច​បញ្ជាក់​បាន​ថា យើង​មាន​ភាព​រីក​ចម្រើន មិនមែន​ថយ​ក្រោយ​នោះ​ទេ។ ខ្ញុំ​សូម​បញ្ជាក់​ថា ពួក​គាត់​ប្រឹងប្រែង​ខ្លាំង ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ក៏​ពេញ​ចិត្ត​មួយ សម្រាប់​ពួក​ខ្ញុំ ជា​អ្នក​បច្ចេកទេស អ៊ីចឹង​យើង​ឃើញ​ថា នេះ​ជា​ផល​វិជ្ជមាន​ ១ សម្រាប់​ការ​ត្រៀម​ទៅ​មុខ​ទៀត ពិសេស​​ការ​ត្រៀម​សម្រាប់​ស៊ីហ្គេម ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​។​ យើង​នឹង​ព្យាយាម​ជំរុញ​ពួក​គាត់ ព្រោះ​តាមរយៈ CAMSOC ​យើង​​ត្រូវ​បញ្ជូន​ពួក​គាត់ ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ប្រទេស​​ចិន»៕