ភ្នំពេញ៖ ​ក្រុម​​ប្រតិភូកីឡា​កម្ពុជា​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​នៅ​ក្នុង​ការ​ចូលរួម​​ប្រកួត​កីឡា​អូឡាំពិក ទីក្រុង​តូក្យូ ឆ្នាំ​ ២០២០ នៅ​ប្រទេស​ជប៉ុន​ ជា​ផ្លូវ​ការ​ហើយ ហើយ​នាយ​បេសកកម្ម​លោក វ៉ាត់ ចំរើន បាន​ធ្វើ​ការ​វាយ​តម្លៃ​ជា​រួម​ថា កម្ពុជា​យើង​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​នៅ​ក្នុង​ដំណាក់កាល​កូវីដ​ ១៩ ប៉ុន្តែ​យើង​នៅ​តែ​ខិតខំ​ជម្នះ​ទៅ​ចូលរួម ដែល​វា​ប្រសើរ​ជាង​ប្រទេស​មួយ​ចំនួន គឺ​ដោយសារ​តែ​ការ​ភ័យ​ខ្លាច​នឹង​ជំងឺ​កូវីដ​មិន​បាន​ទៅ​ចូលរួម​កីឡា​អូឡាំពិក ដើម្បី​បង្ហាញ​ពី​កាតព្វកិច្ច និង​សាមគ្គីភាព​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត នៅ​លើ​ពិភព​លោក ជា​ពិសេស​ម្ចាស់​ផ្ទះ​ជប៉ុន ដែល​ជា​មិត្ត​ល្អ​របស់​កម្ពុជា។

លោក វ៉ាត់ ចំរើន បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​​ថា៖ ​«ជា​លទ្ធផល​បច្ចេកទេស យើង​បាន​ដឹង​ហើយ ដោយ​កីឡាករ កីឡាការិនី​របស់​យើង​បាន​ប្រឹង​ប្រែង និង​ធ្វើ​បាន​សមរម្យ​​​ទៅ​តាម​​​សមត្ថភាព​ ដែល​គាត់​មាន​តាម​រយៈការ​ហ្វឹកហាត់​នៅ​ក្នុង​ស្រុក អ៊ីចឹង​ជា​ការ​វាយ​តម្លៃ គឺ​ពួក​គាត់​ទទួល​បាន​អ្វី​ដែល​ថ្មី បាន​បង្កើត​នូវ​ចិត្តសាស្រ្ត​កីឡា​របស់​គាត់ និង​ជំរុញ​ទឹក​ចិត្ត​គាត់​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​ឱ្យគាត់​ខិតខំ​បន្ថែម​ទៀត ក្នុង​ការ​ឆ្ពោះ​​ទៅ​ស៊ីហ្គេម ដែល​ជា​គោលដៅ​របស់​យើង»។

តាម​ការ​ប្រកួត​កីឡា​អូឡាំពិក​លើក​នេះ កីឡាការិនី​ហែល​ទឹក ឃឺន ប៊ុនពេជ្រមរកត និង​កីឡាករ ហែម ប៉ុច សុទ្ធ​តែ​បាន​បំបែក​ថិរវេលា​ចាស់​របស់​ខ្លួន​ឯង នៅ​ក្នុង​ការ​​ប្រកួត​​ហែល​សេរី ៥០ ​ម៉ែត្រ ដូចគ្នា ដោយ​ក្នុង​នោះ ប៊ុនពេជ្រមរកត ​ធ្វើ​​បាន​ ២៩:៤២ វិនាទី ល្អ​ជាង​ឯតទគ្គកម្ម​ចាស់ ដែល​នាង​ធ្លាប់​​ធ្វើ​​បាន ២៩:៩៩ វិនាទី ចំណែក​កីឡាករ ហែម ប៉ុច ធ្វើ​បាន​ក្នុង​ថិរវេលា ២៤:៩១ វិនាទី គឺ​បាន​បំបែក​សិទ្ធផល​ចាស់ ២៤:៩២ វិនាទី ដូច​គ្នា។ ប៉ុន្តែ​កីឡាករ​​អត្តពលិកម្ម ប៉ែន សុគង់ ធ្វើ​បាន​ក្នុង​ថិរវេលា ១១.០២ វិនាទី ក្នុង​ការ​រត់​ចម្ងាយ​ ១០០ ម៉ែត្រ គឺ​មានការ​ធ្លាក់​ចុះ ជាង​ឯតទគ្គកម្ម​ចាស់​របស់​ខ្លួន ដែល​ធ្វើ​បាន​ត្រឹម ១០.៨៧ វិនាទី។

យ៉ាងណា​ក៏ដោយ លោក​ វ៉ាត់ ចំរើន បាន​បន្ត​ថា៖​ «​បើ​គិត​ទៅ​លើ​យុទ្ធសាស្រ្ត សម្រាប់​យើង គឺ​កីឡា​អូឡាំពិក​នេះ វា​មិនទាន់​ជា​គោលដៅ​ស្វែងរក​មេដាយ​មាស​​នៅ​ឡើយ​ទេ ដោយ​ពេលនេះ​យើង​ឆ្ពោះ​បាញ់​ទៅ​រក​ការ​ប្រជែង​រក​មេដាយ នៅ​ស៊ីហ្គេម និង​អាស៊ីហ្គេម ប៉ុន្តែ​អ្វី​ដែល​លើស​ពី​ការ​ចូលរួម និង​ការ​សម្រិត​សម្រាំង​ស្វែងរក​បទពិសោធ​ និង​បច្ចេកទេស​ល្អៗ​ ពី​កីឡាករ​ខ្លាំងៗ​​នៅ​ជុំវិញ​ពិភព​លោក គឺ​យើង​ទទួល​បាន​នូវ​អ្វី​ផ្សេងៗ​ទៀត ដែល​ជា​គុណផល​នៃ​កិត្តិយស​ជាតិ និង​កិត្តិយស​សម្រាប់​យើង​ទាំង​អស់​គ្នា​សម្រាប់​ការ​មក​​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​នេះ»។

អគ្គលេខាធិការ NOCC រូប​នេះ បាន​បន្ថែម​ថា៖ ​«​យើង​បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ចំណោម​ប្រទេស​ជាសមាជិក​ពេញ​សិទ្ធិ​នៃ​ចលនា​អូឡាំពិក​អន្តរជាតិ ​តាមរយៈ​​ការ​​បញ្ជូន​ក្រុមអត្តពលិក​ទៅ​​ចូលរួម​កីឡា​អូឡាំពិក នា​ពេល​នេះ។ អ៊ីចឹង​លើស​ពី​អ្វី​ដែល​យើង​រំពឹង​ទុក គឺ​យើង​​បាន​ខិតខំ​ជម្នះ​​រាល់​ឧបសគ្គ​ទាំងឡាយ ដើម្បី​មក​ចូលរួម​ ដែល​នេះ​ជោគជ័យ​ ១ ​ទៀត នៅ​លើ​ឆាក​អន្តរជាតិ»។

លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា៖​ «ជារួម​យើង​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ព្រោះ​បើ​ទោះ​ជា​ស្ថិត​ក្នុង​ដំណាក់កាល​កូវីដ​បែប​នេះ​ក្តី ​​តែ​​​យើង​បាន​ចូលរួម​ដោយ​ជោគជ័យ​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត គឺ​វា​ល្អ​ជាង​ប្រទេស​ខ្លះ ដោយសារ​តែ​ខ្លាច​កូវីដ អត់​បាន​ចូល​រួម អត់​មាន​សាមគ្គី​ភាព​ជាមួយ​នឹង​ប្រទេស​ផ្សេងៗ ពិសេស​មិន​បាន​លើក​ទឹក​ចិត្ត​ដល់​ម្ចាស់​ផ្ទះ​ជប៉ុន ជា​មិត្តល្អ​របស់​កម្ពុជា ដែល​បាន​ខិតខំ​​រៀបចំ​ព្រឹត្តិការណ៍ដ៏​ធំ​​នេះ។ ហេតុ​នេះ​ ជា​ការ​វាយ​តម្លៃ​រួម គឺ​យើង​បាន​បំពេញ​មុខ​មាត់ និង​វត្តមាន​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​បាន​យ៉ាង​ល្អ​ប្រសើរ»៕