ក្រុង​តែលអាវីវ៖ ក្រុម​ដែល​ទើប​គ្រង​ជើងឯក​​​លីគ​កំពូល​របស់​បារាំង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល Lille បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ជើងឯក​ខាប់ ​Paris Saint-Germain ១-០ ដើម្បី​លើក​​ដណ្ដើម​ពាន Champions Trophy (Trophee des Champions) ដែល​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ត្រៀម​បើក​រដូវកាល​ថ្មី​នៃ​ក្របខ័ណ្ឌ Ligue 1 ផ្លូវ​ការ​នាសប្ដាហ៍​បន្ទាប់។

សម្រាប់​ការ​ប្រកួត ដែល​រៀបចំ​ឡើង​នៅ​ក្រុង​តែលអាវីវ Tel Aviv របស់​ប្រទេស​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ឃើញ​ថា ខ្សែ​បម្រើ​សញ្ជាតិ​ព័រទុយហ្គាល់ Xeka គឺ​ជា​អ្នក​ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​នេះ នៅ​ចុង​ម៉ោង​នៃ​វគ្គ​ទី១ ដោយ​ការ​ទាត់បាល់​ពេញ​ជើង​ពី​ក្រៅ​ប្រអប់​គ្រោះថ្នាក់​​ធ្វើ​ឱ្យ​អ្នក​ចាំទី Keylor Navas ​របស់​ក្រុម PSG មិន​អាច​រារាំង​គ្រាប់​បាល់​នោះ​បាន​។

ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ​ កីឡាករ Xeka របស់​ក្រុម Lille បាន​និយាយ​ថា​៖ «​យើង​បាន​បង្ហាញ​ថា ពួក​យើង​ជា​នរណា! ហើយ​ពួក​​យើង​សម​នឹង​ទទួល​បាន​ពាន​រង្វាន់​មួយ​នេះ​។ រយៈពេល ២-៣ ​ខែ ​ក្រោយ​ឈ្នះ​ពាន​លីគ​កំពូល ពួក​យើង​អាច​អបអរ​នឹង​ពាន​រង្វាន់​ថ្មី​មួយ​នេះ​ទាំង​អស់​គ្នា​បាន​។ ការ​ប្រឹងប្រែង​បាន​ផ្ដល់​ផល​ឱ្យ​ពួក​យើង​ ហើយ​នោះ​ គឺ​ជា​វិធី​ដែល​យើង​ចង់​បន្ត​ទៅ​»​។​

ដោយ​ធ្លាប់​លើក​ពាន​នេះ​ចំនួន​ ៨ ​លើក​រួច​មក​ហើយ ក្រុម PSG ​បាន​ធ្វើ​ដំណើរ​មក​កាន់​ក្រុង​តែល​អាវីវ កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​មិន​មាន​វត្តមាន​ស៊ុប​ភើស្តារ ​Kylian Mbappe, Neymar និង Angel di Maria ព្រម​ទាំង​កីឡាករ​ចំណូល​ថ្មី ដូច​ជា​ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ Sergio Ramos និង​អ្នក​ចាំ​ទី​អ៊ីតាលី Gianluigi Donnarumma នោះ​ឡើយ​។

គ្រូ​បង្វឹក​របស់​ក្រុម PSG លោក Mauricio Pochettino បាន​ថ្លែង​ថា​៖ «​ជា​រួម ខ្ញុំគិត​ថា យើង​ជាក្រុម​ល្អ​ជាង​ នៅ​យប់​នេះ​។ តែ​យើង​មិន​អាច​ស៊ុត​បញ្ចូល​ទី​បាន​ នៅ​ពេល​ដែល​យើង​មាន​ឱកាស​ល្អ​ៗ​។ យើង​គ្រប់គ្រង​ហ្គេម​ស្ទើរ​ទាំង​ស្រុង។ ខ្ញុំ​យល់​ថា ទម្រង់​លេង​របស់​ក្រុម​ទាំង​មូល គឺ​ល្អ​»​។

មាន​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ប្រកប ​ដោយ​ភាព​រស់រវើក​ផង​ដែរ នៅ​រយៈពេល ២០ ​នាទី​ចុង​ក្រោយ សម្រាប់​ខ្សែ​បម្រើ Georginio Wijnaldum ដែល​មក​ចូលរួម​ជាមួយ​ក្រុម​អ្នក​មាន​នៅ​បារាំង PSG ដោយ​ការ​ចាកចេញ​ពី​ក្រុម​ហង្សក្រហម ​​Liverpool ក្នុង​លក្ខខណ្ឌ​ គ្មាន​តម្លៃ​ខ្លួន។

គ្រូបង្វឹក​ថ្មី​របស់​ក្រុម Lille លោក Jocelyn Gourvennec បាន​អរគុណ​ដល់​គ្រូបង្វឹក​ចាស់​លោក Christophe Galtier សម្រាប់​ការ​បន្សល់​ទុក​ ​នូវ​ក្រុម​មួយ​ដ៏ល្អ​បែប​នេះ ហើយ​លោក​ប្រាប់​ទៀត​​ថា​ ការ​ឈ្នះ​ពាន​ថ្មី​នេះ គឺ​ជា​ចំណែក​របស់​អ្នក​ចាត់​ការ​ក្រុម​ចាស់​រូប​នោះ​ដែរ​។​

លោក Gourvennec បាន​ថ្លែង​ថា​៖ «​ក្រុម​ PSG បាន​លេង​នូវ​ហ្គេម​ប្រកប​ដោយ​តិចនិក​ដ៏​អស្ចារ្យ​​ តែ​ក្រុម​របស់​យើង​​ត្រៀម​ខ្លួន​បាន​យ៉ាង​ខ្លាំង​ក្លា ហើយ​ការ​លេង​ជារួម​ គឺ​តឹងតែង​ណាស់​។ ក្រុម​ដឹង​ច្បាស់​ថា​ អ្វី​កំពុង​​​កើត​ឡើង​»​។​

សម្រាប់​ការ​ប្រកួត​នេះ អ្នក​គាំទ្រ​ប្រមាណ​ជា ២៧ ៥០០ ​នាក់ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​មើលហ្គេម​នៅ​ឯ​កីឡដ្ឋាន Bloomfield ដែល​ជា​ផ្ទះ​រួម​​របស់​ក្រុម Hapoel Tel Aviv និង​ក្រុម Maccabi Tel Aviv។ ចំណែក​ការ​ប្រកួត​រដូវកាល​ថ្មី​ នៃ​ក្របខ័ណ្ឌ Ligue 1 របស់​ប្រទេស​បារាំង នឹង​ចាប់​ផ្ដើម​ នៅ​ចុង​សប្ដាហ៍​ក្រោយ​នេះ​ហើយ ដោយ​ក្រុម PSG ត្រូវ​ទៅ​លេង​នៅ​ផ្ទះ​របស់​ក្រុម Troyes ហើយ​ ក្រុម Lille ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម Metz​៕ AFP/VN