ក្រុង​ឡូសអេនជឺលេស៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​សហរដ្ឋ​អាមេរិក​បាន​ឈ្នះ​ពាន CONCACAF Gold Cup ជា​លើក​ទី៧ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ជាមួយ​នឹង​ជ័យ​ជម្នះ​យ៉ាង​ប្រផិត​ប្រផើយ​ ១-០ ក្នុង​ម៉ោង​បន្ថែម​ពិសេស ១៥ ​នាទី ២ ដង លើ​ក្រុម​ជើងឯក​ចាស់ ម៉ិកស៊ិក អំឡុង​ការ​ប្រកួត​ក្នុង​វគ្គផ្ដាច់​ព្រ័ត្រ នាក្រុង​ឡាសវេហ្គាស។

ខ្សែ​ការពារ ​Miles Robinson ជា​អ្នក​រក​បាន​នូវ​​​គ្រាប់​បាល់​ជ័យ​ជម្នះ​នៅ​នាទីទី​១១៧ ដោយ​ការ​លោត​យ៉ាង​ខ្ពស់​ពី​លើ​ខ្សែ​ការពារ Edison Alvarez របស់​​ម៉ិកស៊ិក រួច​​តែត​បាល់​យ៉ាង​ពេញ​កម្លាំង​បំប៉ោង​សំណាញ់ទី ខណៈ​ដែល​អ្នក​ចាំទី Alfredo Talavera មិន​អាច​រារាំង​បាន ហើយ​គ្រាប់​បាល់​នោះ បង្កើត​បាន​នូវ​សំឡេង​អបអរ​រីករាយ​យ៉ាង​ក្លៀវក្លា នា​កីឡដ្ឋាន Allegiant។

ការ​រក​បាន​ ១ ​គ្រាប់ យ៉ាង​មាន​ន័យ ដើម្បី​ជួយ​ឱ្យ​ក្រុម​អាមេរិក​ឈ្នះ​ពាន​នេះ កីឡាករ Robinson ​បាន​និយាយ​ថា៖​ «​ខ្ញុំ​រីករាយ​ណាស់ ដែល​យើង​ទទួល​បាន​ជ័យជម្នះ​។ ពិត​ជា​អស្ចារ្យ​ណាស់ ហើយ​មាន​​អារម្មណ៍​អន្ទះ​អន្ទែង​មែនទែន​។ ខ្ញុំ​ដឹង​ថា បើ​សិន​ខ្ញុំ​អាច​គេច​ចេញ​ពី​ការ​បិទ​របស់​គេ​បាន​ ហើយ​ធ្វើ​ចលនា​ឱ្យ​លឿន​កន្លះ​ជំហាន​ អ៊ីចឹង​ខ្ញុំ​អាច​បញ្ចប់​ទី​បាន​ហើយ​»​។

ចំណែក​អ្នក​ចាំទី ​Matt Turner ក៏​ជាអ្នក​យាម​បង្គោល​ទី​ដ៏​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​នេះ​ផង​ដែរ ដែល​ជួយ​ឱ្យ​ក្រុម​អាមេរិក​បញ្ចប់​យុទ្ធនាការ ​ដោយ​មិន​មាន​ស្គាល់​ពាក្យ​បរាជ័យ​សូម្បី​ ១ ​ប្រកួត សម្រាប់​ការ​ប្រកួត​ប្រជែង​ប្រចាំ​តំបន់​អាមេរិក​ខាង​ជើង​ ដែល​ធ្វើ​ឡើង​រៀង​រាល់ ២ ​ឆ្នាំ​ម្ដង​នេះ​។

សម្រាប់​​ការ​ឈ្នះ​​ពាន Gold Cup នេះ វា​ជា​លើក​ដំបូង​របស់​ក្រុម​អាមេរិក គិត​តាំង​ពី​ឆ្នាំ​ ២០១៧ ហើយ​វា​ជា​ការ​សងសឹក​បាន​សម្រេច​ ទៅ​លើ​​​ក្រុម​ម៉ិកស៊ិក ដែល​​ធ្លាប់​បាន​យក​ឈ្នះ​ពួក​គេ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ កាល​ពី​ឆ្នាំ​ ២០១៩។​

ក្រុម​អាមេរិក​ពេល​នេះ បាន​បំបាក់​ក្រុម​ម៉ិកស៊ិក​ក្នុង​ការ​ប្រកួត​បន្ត​បន្ទាប់​គ្នា​ជា​លើក​ដំបូង ដោយ​​នៅ​មុន​នេះ ពួក​គេ​បាន​យក​ឈ្នះ​ម៉ិកស៊ិក​ ក្នុង​ម៉ោង​បន្ថែម​ពិសេស​អ៊ីចឹង​ដែរ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រនៃ​កម្មវិធី ​CONCACAF Nations League កាល​ពី​ដើម​ខែ​មិថុនា​៕ AFP/VN