ទីក្រុង​ឡាសវេហ្គាស៖ ​Manny Pacquiao ត្រូវ​ការ​ពេលវេលា​បន្តិច មុន​នឹង​ធ្វើ​ការ​សម្រេច​ចំពោះ​អនាគត​របស់​ខ្លួន តែ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ បាន​បញ្ជាក់​ថា រូប​គេ​ទំនង​ជា​មិន​វិល​មក​ឡើង​សង្វៀន​ប្រដាល់​វិញ​នោះ​ទេ ក្រោយ​រង​បរាជ័យ​ក្រោម​ថ្វី​ដៃ​របស់​គូ​បដិបក្ខ Yordenis Ugas​​។

អ្នក​ប្រដាល់​និមិត្តរូប​របស់​ប្រទេស​ហ្វីលីពីន​វ័យ ៤២​ ឆ្នាំ Pacquiao បាន​បញ្ជាក់​ឱ្យ​ដឹង​ថា រូប​គេ​មាន​គម្រោង​ផែនការ​បង្វែរ​ការ​ផ្ដោត​អារម្មណ៍​ទៅ​កាន់​ការ​ធ្វើ​នយោបាយ​ក្នុង​ប្រទេស​របស់​ខ្លួន​វិញ ក្រោយ​បញ្ចប់​ការ​ប្រកួត​ដែល​បាន​ចាញ់ Ugas ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។

Pacquiao បាន​ប្រាប់​​ថា៖ «​នា​ពេល​អនាគត អ្នក​ប្រហែល​ជា​មិន​អាច​បាន​ឃើញ​ Manny Pacquiao ឡើង​ប្រកួត​លើ​សង្វៀន​ទៀត​ទេ ​មើល​ទៅ​? ខ្ញុំ​មិន​ដឹង​! ខ្ញុំ​បាន​ផ្ដល់​អ្វី​ៗ​​ជាច្រើន​សម្រាប់​ប្រដាល់ ហើយ​ប្រដាល់​បាន​ផ្ដល់​​​​អ្វី​ៗ​ជាច្រើន​ដល់​ខ្ញុំ​។ ខ្ញុំ​ទន្ទឹង​រង់​ចាំ ដើម្បី​បាន​ចំណាយ​ពេល​វេលា​ជាមួយ​ក្រុម​គ្រួសារ​របស់​ខ្ញុំ ហើយ​គិត​ពី​អនាគត​របស់​ខ្ញុំ​ក្នុង​វិស័យ​ប្រដាល់​»​។​​​

ប្រសិន​បើ​បរាជ័យ​ កាល​ពី​ថ្ងៃ​សៅរ៍ គឺ​ជា​ការ​ប្រកួត​ចុង​ក្រោយ​ វា​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​បញ្ចប់​នូវ​អាជីព​ដ៏​រុងរឿង​រយៈ​ពេល ២៦ ​ឆ្នាំ ​របស់ Pacquiao ដែល​បាន​ធានា​រួច​ហើយ​ថា ជនជាតិ​ហ្វីលីពីន​នឹង​ត្រូវ​បាន​កត់ត្រា​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ជនជាតិ​​ដ៏​អស្ចារ្យ​បំផុត​ក្នុង​កំណត់ត្រា​​។

តែ​យ៉ាង​ណា​ក្ដី ការ​ប្រឈម​ទល់​នឹង​អ្នក​ប្រដាល់​គុយបា​ Ugas កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក ឃើញ​ថា ចុង​ក្រោយ​វ័យ​របស់ Pacquiao ប្រហែល​ជា​ពិបាក​ក្នុង​ការ​ឱ្យ​គេ​បន្ត​អាជីព​ទៀត ខណៈ​ដែល​រូប​គេ មិន​អាច​ផ្ដួល និង​ចាញ់​ប្រៀប​​គូ​ប្រកួត​ដែល​រឹងមាំ និង​ក្មេង​ជាង​។​

ទោះបី​ជា Ugas បាន​និយាយ​​ថា រូប​គេ​មាន​បំណង​ចង់​ឱ្យ ​​Pacquiao ប្រកួត​សងសឹក​ក៏​ដោយ​ ក៏​វា​ពិបាក​នឹង​មើល​ឃើញ​ថា តើ​ការ​ប៉ះ​គ្នា​លើក​ទី២ នឹង​ត្រូវ​បញ្ចប់​ដោយ​លទ្ធផល​ខុស​គ្នា​យ៉ាង​ដូចម្ដេច​?​​

លើស​ពី​នោះ​ទៀត អ្នក​ប្រដាល់​​ផ្សេង​ទៀត ក្នុង​ប្រភេទ​​ទម្ងន់​មធ្យម​នេះ ដូចជា Errol Spence Jr. និង Terence Crawford សុទ្ធ​តែ​បង្ក​ការ​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​ស៊ុបភើរស្តារ​ចាស់​វស្សា​ហ្វីលីពីន​​រូប​នេះ បាន​ដូច​គ្នា។

«ក្នុង​បេះដូង​របស់​ខ្ញុំ ខ្ញុំ​ចង់​បន្ត​ការ​ប្រកួត​ប្រដាល់​ទៀត​ តែ​បញ្ហា គឺ​ខ្ញុំ​ក៏​ត្រូវ​គិត​គូរ​ពិចារណា​ពី​រាង​កាយ​របស់​ខ្ញុំ​ផង​ដែរ​»​។ Pacquiao បាន​​បន្ត​។

Pacquiao ពេល​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្វែរ​ការ​ផ្ដោត​អារម្មណ៍​របស់​ខ្លួន​ទៅ​ការ​ធ្វើ​នយ​បាយ​វិញ​។ ក្នុង​នាម​ជា​សមាជិក​សភា​របស់​ប្រទេស​ហ្វីលីពីន ​រួច​ហើយ​នោះ ​Pacquiao ត្រូវ​បាន​គេ​ជឿ​ថា ​កំពុង​តែ​ពិចារណា​ក្នុង​ការ​ឈេរ​​ឈ្មោះ​ប្រជែង​តំណែង​​ប្រធានាធិបតី​។

«​មាន​រឿង​ជាច្រើន​ណាស់​ ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ដើម្បី​ជួយ​ប្រជាជន ហើយ​នោះ ​គឺ​ជា​កិច្ចការ​របស់​ខ្ញុំ​។ ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ជំរុញ​លើក​ទឹក​ចិត្ត​ម្នាក់ ​សម្រាប់​ប្រជាជន​ហ្វីលីពីន​គ្រប់​រូប ទាំង​នៅ​ក្នុង និង​ក្រៅ​សង្វៀន​»​។

គួរ​បញ្ជាក់​​ថា កាល​ពី​ថ្ងៃ​សៅ​រ៍​នោះ Ugas ​រារាំង​មិន​ឱ្យ​ Pacquiao ​ដណ្ដើម​ខ្សែក្រវាត់​ស្ថាប័ន WBA បាន​សម្រេច​ ក្រោយ​ការ​ប្រកួត​ទាំង ១២ ​ទឹក អ្នក​ប្រដាល់​វ័យ ៣៥ ​ឆ្នាំ​រូប​នេះ ឈ្នះ​ដោយ​ពិន្ទុ​ជាឯកច្ឆន្ទ​ពី​ចៅក្រម​ទាំង ៣ រូប គឺ ១១៥-១១៣ ១១៦-១១២​ និង ១១៦-១១២៕ AFP/VN