ភ្នំពេញ៖ ​​ពេលវេលា​នៃ​ការ​ប្រកួត​សងសឹក​ដ៏​សំខាន់​រវាង​កីឡាករ​​ជើង​ខ្លាំង ឡៅ ចន្ទ្រា ជាមួយ​អ្នក​លេង​កណ្តាប់​​ដៃ​ធ្ងន់ ថៃ រិទ្ធី នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​បាយ័ន នា​ល្ងាច​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ ហើយ​ជំនួប​សងសឹក​ដណ្តើម​ប្រាក់​លាន​​នេះ បាន​​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ធំ ដែល​​មាន​ការ​ទាក់ទាញ​ខ្លាំង​បំផុត ព្រោះ​គ្រប់​គ្នា​ចង់​ដឹង​ថា តើ ចន្ទ្រា អាច​សងសឹក រិទ្ធី បាន​ឬ​ទេ ឬ​ក៏​បន្ត​សន្លប់​ធំ​ជា​លើក​ទី​២?។

វា​ស្ទើរ​ជា​រឿង​ដែល​គ្រប់​គ្នា មិន​ចង់​ជឿ​នៅ​ពេល​ជើង​ខ្លាំង​លំដាប់​កំពូល​នៅ​កម្ពុជា ឡៅ ចន្ទ្រា បាន​សន្លប់​ធំ​ក្រោម​កណ្តាប់​ដៃ​​របស់​កីឡាករ​គុន​ចម្រុះ ថៃ រិទ្ធី ក្នុង​ទឹក​ទី​៣ សម្រាប់​ការ​ជួប​គ្នា​ជា​លើក​ដំបូង​នៅ​លើ​សង្វៀន​បាយ័ន​នេះ កាល​ពី​ថ្ងៃទី ​២៦ ខែ មិថុនា ឆ្នាំ​ ២០២១ ខណៈ​ដែល ថៃ រិទ្ធី ស្ទើរ​តែ​មាន​បញ្ហា​ក្រោម​ជង្គង់ ពិសេស​ការ​ទាត់​សន្ធាប់​ធ្ងន់ៗ​​របស់ ឡៅ ចន្ទ្រា ទៅ​ហើយ​នោះ។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ជំនួប​​លើកទី​២​ នេះ ថៃ រិទ្ធី បាន​តាំង​ចិត្ត​រួច​ហើយ​ថា នឹង​វ៉ៃ​ប្តូរ ដោយ​គ្មាន​ការ​បារម្ភ​អ្វី​ទាំង​អស់ ហើយ​រូប​គេ​ក៏​បាន​ដឹង​ពី​ក្បាច់​ប្រកួត​របស់ ឡៅ ចន្ទ្រា ដែល​ត្រូវ​យក​មក​ប្រើ​លើក​នេះ​​ហើយ​​ផង​ដែរ។ «បើ​ទោះបី​ជា​លើក​នេះ ឡៅ ចន្ទ្រា អាច​ហ្វឹកហាត់ និង​ត្រៀម​ខ្លួន​បាន​ល្អ​ជាង​មុន ប៉ុន្តែ​ខ្ញុំ​ដឹង​ថា គាត់​នឹង​ប្រើ​ក្បាច់វ៉ៃ​មក​វ៉ៃ​ខ្ញុំ សម្រាប់​ការ​ប្រកួត​សងសឹក​នេះ»។

យ៉ាង​ណា​ក៏​ដោយ ថៃ រិទ្ធី មិន​បាន​ទម្លាយ​ពី​ចំណុច​ ដែល​រូប​គេ​អាច​ចាប់​ក្បាច់ ឡៅ ចន្ទ្រា បាន​មុន​ការ​ប្រកួត​នោះ​ទេ តែ​បាន​អះអាង​ថា រូប​គេ​មាន​ការ​ជឿជាក់​ខ្លាំង​ទៅ​លើ​ខ្លួន​ឯង។ ​«គោល​ជំហរ​របស់​ខ្ញុំ គឺ​វ៉ៃ ដឹងវ៉ៃ ហើយ​ខ្ញុំ​មាន​ការ​ជឿជាក់​ទៅ​លើ​ខ្លួន​ឯង និង​ជឿជាក់​ទាំង​ទៅ​លើ​កណ្តាប់​ដៃ កែង ជង្គង់ និង​ការ​ទាត់​របស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​គិត​ពី​ការ​ភ្លាត់​ចាញ់​ ដោយ​ប្រការ​ណា​មួយ​នោះ​ទេ»។

ថៃ រិទ្ធី ដែល​បាន​ផ្តួល​ជើង​ខ្លាំង ធឿន ធារ៉ា ឱ្យ​សន្លប់​នៅ​ក្នុងទឹក​ទី​៣ ដែរ​នោះ បាន​បញ្ជាក់​ថា៖ ​«ខ្ញុំ​មិន​ដែល​គិត​ពី​ចំណុច​ខ្សោយ​ខ្លួន​ឯង​នោះ​ទេ ខ្ញុំ​គិត​តែ​ពី​ចំណុច​ខ្សោយ​ដៃគូ​ប្រកួត ព្រោះ​ការ​ប្រកួត​វា​តែង​មាន​ការ​ប៉ះពារ គេច​មិន​ផុត​នោះ​ទេ​ អ៊ីចឹង​​យើង​ក៏​ឈឺ​សាច់ គេ​ក៏​ឈឺ​ដូច​គ្នា ហើយ​​ខ្ញុំ​ក៏​មិន​បារម្ភ​ទៅ​លើ​ការ​ចាញ់​ឈ្នះ​នោះ​ដែរ។ ​ខ្ញុំ​ដឹង​តែ​ពី​ខំ​ប្រឹង​វ៉ៃ​អស់​ពី​សមត្ថភាព ហើយ​ខ្ញុំ​តែង​​​ធ្វើ​បែប​នេះ តាំង​តែ​ពី​ដើម​មក»។

ចំណែក​អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង ឡៅ ស៊ីណាត ដែល​ជា​បង​ប្រុស​បង្កើត និង​ជា​អ្នក​បង្ហាត់ ឡៅ ចន្ទ្រា ដោយ​ផ្ទាល់​នោះ ​បាន​អះអាង​ថា ការ​ប្រកួត​សងសឹក​លើក​នេះ ឡៅ ចន្ទ្រា ហ្វឹកហាត់​ត្រៀម​បាន​ខ្លាំង​ជាង​មុន ហើយ​ក៏​មាន​រំពឹង​ច្រើន​ក្នុង​ការ​យក​ឈ្នះ​បាន​វិញ​ផង​ដែរ ហើយ ស៊ីណាត ​ប្រាប់​ទៀត​ថា គូ​នេះ​មិន​អាច​បញ្ចប់​ដល់​ ៥ ទឹក​នោះ​​ទេ។

ឡៅ ស៊ីណាត បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អង្គារ​ថា៖​ «ឡៅ ចន្ទ្រា ហ្វឹកហាត់​ត្រៀម​ខ្លាំង​​ជាង​ការ​ប្រកួត​សព្វ​ដង ព្រោះ​នេះ​ជា​ការ​ប្រកួត​សងសឹក អ៊ីចឹង​យើង​មាន​សង្ឃឹម​ច្រើន​ដែរ ក្នុងការ​ទទួល​បាន​ជ័យជម្នះ​ត្រឡប់​មក​វិញ ហើយ​គូ​នេះ ខ្ញុំ​គិត​ថា នឹង​អាច​មាន​អ្នក​សន្លប់ គឺ​មិន​អាច​ចប់​​ដល់​ ៥ ទឹក​នោះ​ទេ»។

នៅ​ពេល​ប្រាប់​ពី​ការ​អះអាង​របស់ ថៃ រិទ្ធី ថា បាន​ដឹងក្បាច់ ឡៅ ចន្ទ្រា អស់​ទៅ​ហើយ​នោះ ឡៅ ស៊ីណាត បាន​ឆ្លើយ​តប​បក​​​ទៅ​វិញ​ថា៖​ «​យើង​ក៏​បាន​ដឹង​ពី​ក្បាច់​ប្រកួត​របស់ ថៃ រិទ្ធី ដែរ គឺ​​ដឹង​​ដូច​តែ​គ្នា​ទេ ប៉ុន្តែ​លើក​នេះ ខ្ញុំ​បាន​បន្ថែម​ក្បាច់​ថ្មី និង​បច្ចេកទេស​ប្រកួត​ថ្មី​មួយ​ចំនួន​ទៀត​ដល់ ចន្ទ្រា អ៊ីចឹង​គ្រាប់​គ្នា​នឹង​បាន​ឃើញ​នៅ​ពេល​ប្រកួត​ជាក់​ស្តែង ហើយ​អ្នក​ណា​សន្លប់​ក៏​ដឹង ​​នៅ​ពេល​នោះ​ដែរ ព្រោះ​ខ្ញុំ​គិត​ថា ករណី​ភ្លាត់​នៅ​តែ​អាច​កើត​មាន​ឡើង គ្រាន់តែ​ថា មិន​ដឹង​លើក​នេះ អ្នក​ណាជា​អ្នក​ភ្លាត់ ហើយ​ត្រូវ​សន្លប់»៕