ក្រុង​ឡុង​ដ៍​: អ្នកចាត់ការ​របស់​ក្រុម Chelsea លោក Thomas Tuchel ពោលថា ថ្វី​ជើង​ស៊ុត​បញ្ចូល​ទី​យ៉ាង​មុត​ស្រួច​របស់​កីឡាករ Romelu Lukaku គឺជា​អ្វី ដែល​ក្រុម​តោ​ខៀវ ខ្វះចន្លោះ ទោះជា​បាន​ក្លាយជា​ជើងឯក នៅ​ក្របខ័ណ្ឌ Champions League កាលពី​រដូវ​កាល​មុន​ក៏ដោយ​។​

Lukaku បានបង្ហាញ​ឱ្យនូវ​ទម្រង់​ដ៏​រស់​រវើក​មិន​ប្រែប្រួល​មួយ​ផ្សេងទៀត​ជាមួយនឹង​ការ​ស៊ុត ១ គ្រាប់ ជួយ​ឱ្យ​ក្រុម​ឈ្នះ​ក្រុម Zenit St Petersburg ១-០ ពី​ការប្រកួត ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល នៅ​ទឹកដី​ខ្លួនឯង កាលពី​ថ្ងៃ​អង្គារ ហើយក៏​ជា​គ្រាប់​បាល់ ដែល​ជួយ​ឱ្យ​ក្រុម Chelsea ចាប់ផ្ដើម​យុទ្ធនា​ការការពារ​តំណែង​ជើងឯក​នៅ​អឺរ៉ុប​ជាមួយ​ជ័យជម្នះ​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក ឥឡូវនេះ រកបាន ៤ ​គ្រាប់​ហើយ ពី​ការចូល​លេង​ប៉ុន្មាន​ហ្គេម​ដំបូង ចាប់តាំងពី​វិល​មក​ចូលរួម​ជាមួយ​ក្រុម​ជាថ្មី​ម្ដងទៀត ក្នុងតម្លៃ​ជា​កំណត់ត្រា​របស់​ក្លិប ៩៧​ លាន​ផោន ($១៣៤ ​លាន​) កាលពី​ខែ​មុន​។​

​លោក Tuchel បាន​ថ្លែងថា​៖ «​គេ​គឺជា​ប្រភេទ​កីឡាករ ដែល​យើង​ត្រូវការ​។ វា​ជា​រឿង​លំបាក​ខ្លាំង និង​សំខាន់​ណាស់​។ អ្នក​មិនអាច​រកឃើញ​ខ្សែប្រយុទ្ធ​ដែលមាន​គុណភាព​បែប​នោះបាន​ច្រើន​ឡើយ​។ កីឡាករ ដែល​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ទៀង​​ទាត់ គឺ​សំខាន់​ណាស់ ព្រោះ​ត្រឹមតែ​គ្រាប់​បាល់ ១​គ្រាប់ អាច​ផ្លាស់ប្ដូរ​សម្ទុះ​នៃ​ហ្គេម​បាន​»​។​

​លោក Tuchel បាន​ជំរុញ​ឱ្យ​កីឡាករ​របស់ខ្លួន កុំ​បង្អង់​ជើង​ឱ្យសោះ បន្ទាប់ពី​បានធ្វើ​ដំណើរ​លើ​វិថី​ដ៏​គួរឱ្យភ្ញាក់ផ្អើល រហូត​បាន​ក្លាយជា​ជើងឯក​អឺរ៉ុប កាល​​ពី​រដូវ​កាល​មុន​។​

​ជាមួយនឹង​ជ័យជម្នះ​លើ​ក្រុម​របស់​រុស្ស៊ី ក្នុង​ហ្គេម​ដំបូង​នេះ ក្រុម​យក្ស​អង់គ្លេស ឈរ​នៅ​លេខ ២ ក្នុង​ពូ​ល H ដោយមាន ៣​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​លេខ​ ១ Juventus របស់អ៊ីតា​លី ដែល​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Malmoe FF របស់​ប្រទេស​ស៊ុយ​អែ​ត ៣-០៕ AFP/VN​