ក្រុង​ប៊្រូចឆ៍៖ កីឡាករ ​Lionel Messi ទី​បំផុត បាន​បង្ហាញ​ខ្លួន​ ក្នុង​ជម្រើស​ដំបូង ​លើក​ទី១ ឱ្យ​ក្រុម Paris Saint-Germain (PSG) ហើយ កាល​ពី​ថ្ងៃ​ពុធ​ តែ​ក្រុមយក្ស​របស់​បារាំង ដែល​មាន​សុទ្ធ​តែ​ស៊ុប​ភើស្តារ មួយនេះ​ បាន​ត្រឹម​ស្មើ​ ១-១ ជាមួយ​ក្រុម ​Club Brugge នៅ​បែលហ្ស៊ិក ពី​ការ​ប្រកួត​បើក​ឆាក ក្នុង​ក្រប​ខ័ណ្ឌ UEFA Champions League (UCL)។​

កីឡាករ​ Ander Herrera ជួយ​ឱ្យ​ក្រុម PSG ធ្វើ​ការ​នាំ​មុខ​យ៉ាង​ឆាប់​រហ័ស នៅ​ដើម​វគ្គ​ទី១ នៃ​ការ​ប្រកួត នា​កីឡដ្ឋាន Jan Breydel នេះ តែ​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង​ ពោល​គឺ​នៅ​ ១២ នាទី​បន្ទាប់​ពី​នោះ ខ្សែប្រយុទ្ធ Hans Vanaken ទម្លុះ​សំណាញ់​ទី​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ Brugge ​ស្មើ​វិញ។

ខ្សែ​ប្រយុទ្ធ​អន្តជាតិ​អាហ្សង់​ទីន Messi ដែល​ចូល​លេង​បាន​ត្រឹម​តែ ២៤​ នាទី ក្នុង​នាម​ជាកីឡាករ​បម្រុង មុន​ហ្គេម​នេះ នៅ​តែ​ទន្ទឹង​រង់​ចាំ​គ្រាប់​បាល់​ដំបូង​របស់​ខ្លួន​ជាមួយ​ក្លិប​ថ្មី​ ខណៈ​ដែល​ក្នុង​ការ​ប្រកួត​នេះ រាល់​ការ​ស៊ុត​របស់​គេ បានត្រឹម​​បុក​របារទី និងត្រូវ​រារាំង​ដោយ​អ្នក​ចាំ​ទី Simon Mignolet របស់​ក្លិប Brugge​។

តែ​យ៉ាង​ណា​ នេះ​មិនមែន​ជា​ទម្រង់​លេង​ដ៏​គួរ​ឱ្យ​សរសើរ​របស់​ក្រុម​ ទៅ​ពី​ក្រុង​ប៉ារីសឡើយ ខណៈ​ដែល​គ្រូបង្វឹក​លោក Mauricio Pochettino បាន​រៀប​ចំ​តំបន់​ប្រយុទ្ធ ដោយ​ការ​ឱ្យ Messi, Neymar និង Kylian Mbappe លេង​ជាមួយ​គ្នា​ជាលើក​ដំបូង​។

«​យើង​ត្រូវ​ការ​ពេល​វេលា ដើម្បី​ឱ្យ​ពួក​គេ​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក Pochettino ដែល​សំដៅ​ដល់​ខ្សែ​ប្រយុទ្ធ​ទាំង​ ៣ ​រូប​។​

ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង Mbappe ត្រូវ​បាន​ដូរ​ចេញ ដោយ​សារ​មាន​របួស នៅ​វគ្គ​ទី២ ហើយ​ក្រុម​ PSG បើ​ទោះ​បី​ជា​បាន​សាង​ក្រុម​មួយ​ជាមួយ​នឹង​បំណង​ចង់​ឈ្នះ​ពាន UCL ក៏​ដោយ​ ក៏​បាន​ធ្វើ​ឱ្យ​កាន់​តែ​​ច្របូក​ច្របល់ឡើង ព្រោះ​ត្រឹម​តែ​ឱកាស​​ឆ្លងផុត​ពី​ពូល A​​របស់​ខ្លួន​នេះ មើល​ទៅ​មិន​ជា​ស្រួល​ប៉ុន្មាន​ឡើយ​។

ប្រកួត​បន្ទាប់ ក្រុម PSG ​ត្រូវ​បើក​ទ្វារកីឡដ្ឋាន Parc des Princes ស្វាគមន៍​ក្រុម​យក្ស​អង់គ្លេស Manchester City ជា​ក្រុម ដែល​ទម្លាក់​ពួក​គេ ក្នុង​វគ្គ ៨ ក្រុម​ចុង​ក្រោយ កាល​ពី​រដូវកាល​មុន ហើយ​ដែល​ចាប់​ផ្ដើម​យុទ្ធនាការ​រដូវកាល​ថ្មី​ជាមួយ​នឹង​​ជ័យ​ជម្នះភ្លូក​ទឹក​ភ្លូក​ដី ៦-៣ លើ​ក្រុម​របស់​អាល្លឺម៉ង់ RB Leipzig​។

«​ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​។ វា​អាច​មិន​មែន​ជា​ពេល​ល្ងាច​ដ៏​គួរ​ឱ្យ​ពេញ​ចិត្ត​សម្រាប់​ពួក​យើង តែ​ពួក​យើង​ត្រូវ​តែ​បន្ត​រក្សាភាព​ស្ងប់​ស្ងាត់​ និង​បន្ត​ការងារ​របស់​យើង​។ រឿង​សំខាន់​បំផុត គឺ​ត្រូវ​រក​ឱ្យ​ឃើញនូវ​ពេល​វេលាដ៏​ចាំបាច់​។ យើង​នឹង​ព្យាយាម​ធ្វើ​ឱ្យ​ប្រសើរ​ជាង​នេះ​»។ លោក Pochettino បាន​បន្ថែម​៕ AFP/VN