ក្រុងមេនឆេស្ទ័រ៖ កីឡាករ Jack Grealish ស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ នូវគ្រាប់បាល់ដំបូងរបស់ខ្លួន នៅក្របខ័ណ្ឌ Champions League ខណៈដែលក្រុមមេឃខៀវ Manchester City អាចរួចផុតពីការធ្វើបានហ៊ែតទ្រិក (ស៊ុត ៣គ្រាប់) របស់កីឡាករ Christopher Nkunku ដោយការយកឈ្នះក្រុម RB Leipzig ៦-៣ ពីការប្រកួតបើកឆាកដ៏ជក់ចិត្ត ប្រចាំពូល A កាលពីថ្ងៃពុធ។

ខ្សែបម្រើ Grealish បញ្ជាក់ថា ការចង់លេងលើឆាក នៃក្របខ័ណ្ឌកំពូលអឺរ៉ុប បានធ្វើឱ្យគេសុខចិត្តចែកផ្លូវជាមួយក្លិប Aston Villa ដែលគេរួមរស់ជាមួយតាំងពីកុមារភាព ដើម្បីមកចូលរួមជាមួយក្រុម Man City ជាមួយនឹងការផ្ទេរ ក្នុងតម្លៃជាកំណត់ត្រារបស់ក្លិប $១៣៨ លាន។

ខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេស បានធ្វើឱ្យការស្គាល់រសជាតិលើកដំបូង នៃការប្រកួតប្រជែងនេះ មានពន្លឺយ៉ាងត្រចះត្រចង់ ដោយការបង្ហាញឱ្យឃើញនូវថាមពល យ៉ាងអស្ចារ្យតែម្នាក់ឯង ក្នុងវគ្គទី២ នៃការប្រកួត នាកីឡដ្ឋាន Etihad នេះ។

កីឡាករ Grealish ជាអ្នកលើកបាល់ឱ្យខ្សែការពារ Nathan Ake តែតបញ្ចូលទីគ្រាប់បើកឆាកឱ្យក្រុមម្ចាស់ផ្ទះ Man City សិន មុននឹងមានឱកាសបំប៉ោងសំណាញ់ទី គ្រាប់ផ្ទាល់ខ្លួន ដែលជាគ្រាប់ទី ៤ របស់ក្រុម ជាមួយនឹងបច្ចេកទេសអូសបាល់ចូលប្រអប់គ្រោះថ្នាក់យ៉ាងជំនាញ។

សម្រាប់ ៤ គ្រាប់ផ្សេងទៀតរបស់ក្រុមមេឃខៀវ ១ គ្រាប់ បានមកពីការធ្វើឱ្យចូលទីខ្លួនឯងរបស់ខ្សែការពារ Nordi Mukiele ហើយ ៣ គ្រាប់ ធ្វើបានសម្រេចដោយ Riyad Mahrez (ប៉េណាល់ទី), Joao Cancelo និង Gabriel Jesus។ ៣គ្រាប់របស់ក្រុមភ្ញៀវ Leipzig ស៊ុតដោយខ្សែបម្រើប្រយុទ្ធ Nkunku តែម្នាក់ឯងប៉ុណ្ណោះ។

ក្រោយបានបង្ហាញខ្លួនលើកដំបូងក្នុងហ្គេមដ៏ធំរបស់អឺរ៉ុប កីឡាករ Grealish បាននិយាយថា៖ «ខ្ញុំស្រឡាញ់ការប្រកួតនេះណាស់។ ប៉ុន្មានសប្ដាហ៍កន្លងមកនេះ ខ្ញុំពិតជាពិបាកក្នុងការរង់ចាំឱ្យដល់ហ្គេមនេះណាស់។ ពេលនេះ ខ្ញុំបានចូលលេង នៅ Champions League ដូចបំណងហើយ ហើយវាពិតជាពិសេសណាស់»។

គ្រូបង្វឹករបស់ក្រុម Man City លោក Pep Guardiola បានអះអាងថា បរាជ័យ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅ Champions League កាលពីរដូវកាលមុន ក្រោមថ្វីជើងរបស់ក្រុមរួមលីគ Chelsea នឹងត្រូវយកមកធ្វើជាកម្លាំងជរុញមួយ សម្រាប់ការប្រកួតប្រជែងរបស់ក្រុម នារដូវកាលនេះ។

ពួកគេ មិនខ្ជះខ្ជាយពេលវេលាឱ្យកន្លងទៅ ដោយឥតប្រយោជន៍នោះឡើយ ដោយការដណ្ដើមចំណាត់ថ្នាក់ទី១ ក្នុងពូល A ស្របពេលក្រុមដ៏ខ្លាំង ក្នុងពូលជាមួយគ្នា Paris Saint-Germain ប្រកួតបានត្រឹមស្មើជាមួយក្រុមនៅបែលហ្ស៊ិក Club Brugge ១-១៕ AFP/VN