ភ្នំពេញ៖ ក្រោយពីសហព័ន្ធខ្មែរកីឡាអត្តពលកម្ម ធ្វើមហាសន្និបាតវិសាមញ្ញ ជ្រើសរើសលោក សំហេង បុរស ជាប្រធានសហព័ន្ធ រួចមក កាលថ្មីៗនេះ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធនេះ បានប្រជុំសម្រច ជ្រើសរើសអគ្គលេខាធិការថ្មី ខណៈដែលអគ្គលេខាធិការចាស់ លោក ហ៊ុន បុរី សុំលាឈប់នោះ ហើយតំណែងដ៏សំខាន់នេះ ត្រូវបានប្រគល់ជូនស្ត្រីឆ្នើមម្នាក់ ដែលឆ្លងកាត់សិក្សា និងអនុវត្តជំនាញកីឡាជាន់ខ្ពស់ គឺកញ្ញា កែវ មនោរម្យ។
តាមឯកសារ ដែលទទួលបានពីប្រធានសហព័ន្ធ លោក សំហេង បុរស ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ តាំងពីថ្ងៃ ១៨ ខែ កក្កដា ឆ្នាំ ២០២១ បានឱ្យដឹងថា សហព័ន្ធនេះ បានសម្រេចប្រគល់ភារកិច្ចជូនកញ្ញា កែវ មនោរម្យ ឱ្យធ្វើជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាអត្តពលកម្ម តាំងពីថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២១។
ជាមួយការជ្រើសរើស និងផ្តល់ទំនុកចិត្តឱ្យកញ្ញា កែវ មនោរម្យ ឡើងធ្វើជាអគ្គលេខាធិការថ្មីនេះ លោក សំហេង បុរស បានថ្លែងថា៖ «សមត្ថភាពកម្រិតបច្ចេកទេស និងជំនាញកីឡា ព្រមទាំងការសិក្សាចំណេះដឹងទូទៅ ជាភាសាផង របស់កញ្ញា កែវ មនោរម្យ នេះ គឺជាស្ត្រីសឹងតែគ្មានគូប្រៀប»។
តាមរយៈការសម្ភាសជាមួយ ភ្នំពេញ ប៉ុស្តិ៍ កាលពីពេលថ្មីៗនេះ កញ្ញា កែវ មនោរម្យ បានប្រាប់ថា កញ្ញា ជាគ្រូកម្រិតឧត្តម មានឋានៈជាអនុប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ដោយមានស្រុកកំណើត នៅភូមិស្ថានីយ៍ឃុំស្វាយអាត់ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។
ដោយមានអាយុ ៣៩ ឆ្នាំ កញ្ញា កែវ មនោរម្យ ក្រៅពីជំនាញកីឡា ក៏ជានិស្សិតបានសញ្ញាបត្រជាន់ខ្ពស់បន្ថែមទៀតផងដែរ គឺឯកទេសរដ្ឋបាលសាធារណៈ និងឯកទេសវិទ្យាសាស្ត្រអប់រំភាសាអង់គ្លេស។ មនោរម្យ បានឆ្លងកាត់ការសិក្សាផ្នែកកីឡាឯកទេសគ្រូអប់រំកាយ និងកីឡា ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០២ ហើយទទួលបានបរិញ្ញាបត្រឯកទេស ផ្នែកអប់រំកាយ នៅប្រទេសគុយបា ពីឆ្នាំ ២០០២ ដល់ ឆ្នាំ ២០០៨។ ជាមួយគ្នានេះ កញ្ញា បានសិក្សាឯកទេសកម្រិតឧត្តមភាសាអង់គ្លេស ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១០។ ក្រៅពីនេះ នាងបានឆ្លងវគ្គសិក្សាផ្នែកកីឡាខ្លីៗ ច្រើនរាប់មិនអស់។
ចំពោះប្រវត្តិការងារវិញ កញ្ញា កែវ មនោរម្យ បាននិយាយថា៖ «ខ្ញុំបានចូលបម្រើការងារជាគ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៧។ បន្ទាប់មកចូលបម្រើជាមន្ត្រីការិយាល័យ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ពីឆ្នាំ ២០១៧ និងបានឡើងជាប្រធានលេខាធិការដ្ឋាន នៅអគ្គនាយកដ្ឋានកីឡា ពី ឆ្នាំ ២០១៧ ដល់ ឆ្នាំ ២០២០ ហើយតាំងពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ន ខ្ញុំជាអនុប្រធាន នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា»។
ទាក់ទងទៅនឹងកីឡាអត្តពលកម្ម កញ្ញា កែវ មនោរម្យ បានប្រាប់បន្ថែមថា មានច្រើនវិញ្ញាសាណាស់ គឺជាង ៤០ ឯណោះ ប៉ុន្តែសម្រាប់សហព័ន្ធខ្មែរកីឡាអត្តពលកម្មយើងសព្វថ្ងៃនេះ កំពុងសំឡឹងបានតែ ១៥ វិញ្ញាសា ដោយកំពុងសម្រិតសម្រាំងបំប៉នឱ្យទៅហ្វឹកហាត់នៅប្រទេសចិន ក្នុងពេលឆាប់ៗនេះ៕