The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - វី ស​ម្ភ​ស្ស សម្រេចការ​សងសឹក ​ឯ ទូច ដេវីត ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​




វី ស​ម្ភ​ស្ស សម្រេចការ​សងសឹក ​ឯ ទូច ដេវីត ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​

Content image - Phnom Penh Post
កីឡាករ ទូច ដេវីត បាន​ម៉ាត់​ទៅលើ សែត សារឹត ពេលប្រកួត កាលពី​ថ្ងៃអាទិត្យ​​។ រូបថត សហ​ការី

វី ស​ម្ភ​ស្ស សម្រេចការ​សងសឹក ​ឯ ទូច ដេវីត ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​

ភ្នំពេញ​: កីឡាករ​ប្រដាល់សកល​ជម្រើសជាតិ វី ស​ម្ភ​ស្ស (អេ​លី​ត ស​ម្ភ​ស្ស​) បានសម្រេច​ការសង​សឹក​ទៅលើ​អតីត​កីឡាករ​ជម្រើសជាតិ ផល សោ​ភ័​ណ្ឌ សម្រាប់​ការជួបគ្នា ដោយ​មិនបាន​ត្រៀម​ទុក កាលពី​ថ្ងៃអាទិត្យ ក្នុង​ព្រឹត្តិការណ៍​ប្រដាល់សកល Ultimate Boxing Championship 2021 ចំណែក ទូច ដេវីត បាន​យកឈ្នះ​លើ​កីឡាករ​ជម្រើសជាតិ​ដូចគ្នា គឺ សែត សា​រឹត ដើម្បី​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​តាម​គម្រោង​ពីដំបូង​ឡើយ វី ស​ម្ភ​ស្ស ត្រូវដាក់​ឱ្យ​ជួប ម៉ន ព្រហ្ម​ម៉ាញ ដើម្បី​ដណ្តើម​ប្រា​ក់លាន ប៉ុន្តែ​ដោយសារ ម៉ន ព្រហ្មម៉ាញ មាន​បញ្ហា​សុខភាព អ៊ីចឹង​គណៈកម្មការបាន​លើក​ពេល​ទៅ​សប្តាហ៍​ទី​៤ ​វិញ ហើយ​ដាក់ ស​ម្ភ​ស្ស ឱ្យ​ប្រកួត​ជាមួយ​ជើង​ខ្លាំង ផល សោ​ភ័​ណ្ឌ ក្នុងឋានៈ​ជា​គូ​ឯក​ផង និង​ជា​គូ​សងសឹក​ផង ហើយ​ការប្រកួត​ជំនួស​នេះ មាន​លក្ខណៈ​ជក់ចិត្ត ជាង​គូ​ណាៗ​ទាំងអស់​។​

​តាមរយៈ​ការសង​សឹក​ជើង​​ខ្លាំង​កណ្តាប់ដៃ​រហ័ស ផល សោ​ភ័​ណ្ឌ បានសម្រេច​នេះ​ត្រូវបាន​គេ​កត់សម្គាល់ថា វី ស​ម្ភ​ស្ស មួយរយៈ​នេះ កំពុង​តែមាន​សមត្ថភាព​វិជ្ជា​គុន​ល្អ ទាំង​ផ្នែក​ប្រដាល់​គុន​ខ្មែរ និង​ប្រដាល់សកល ខណៈពេល​អ្នក​ទាំង ២​ នេះ​ កំពុង​ប្រកួត​គ្នា គឺមាន​អ្នក​​ទស្សនា​តាម​ផេ​ច​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជារហូតដល់ 37K​។​

​ជុំវិញ​ការប្រកួត​នេះ វី ស​ម្ភ​ស្ស បាន​និយាយ ក្រោយ​ការប្រកួត​ថា​៖ «​ការជួបគ្នា​ជាថ្មី​នេះ ផល សោ​ភ័​ណ្ឌ មិនមាន​អ្វី​ប្លែក​នោះទេ គឺ​នៅ​ល្អ​ដដែល គ្រាន់តែ​កម្លាំង​របស់គាត់​ហាក់​ស្រុតចុះ​ជាង​មុនៗ​បន្តិច តែ​បច្ចេកទេស និង​ទិច​និក នៅតែ​ល្អ​»​។ ចំណែក ផល សោ​ភ័​ណ្ឌ​និយាយថា​៖ «​ខ្ញុំ​ចាញ់​លើក​នេះ​អស់ចិត្ត ព្រោះ​អាច​ចាញ់​កម្លាំង​គេ​មែន ហើយ​ម្យ៉ាងទៀត ខ្ញុំ​ខាន​ប្រកួត​សកល​យូរ គឺ​រាង​គាំងៗ​ផងដែរ​»​។​

​ចំណែក​កីឡាករ​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា ទូច ដេវីត បាន​យកឈ្នះ​លើ​កីឡាករ ​សែត សា​រឹត ដោយ​ពិន្ទុ​ដាច់ ក្នុងឋានៈ​ជា​គូ​ដណ្តើម​ប្រាក់​លាន លើ​ប្រភេទ​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម ហើយ​តាម​លទ្ធផល​នេះ ទូច ដេវីត ត្រូវ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​រង់ចាំ​ការប្រកួត​គ្នា​រវាង វី សុ​ភ័ស និង ម៉ាង ព្រហ្ម​ម៉ាញ នា​សប្តាហ៍​ទី​៤ ថ្ងៃទី​ ២៤ ខែ តុលា ឆ្នាំ ​២០២១ ខាងមុខ​។​

​ទាក់ទង​នឹង​ប្រកួត​នេះ ទូច ដេវីត និយាយថា​៖ «​ការប្រកួត នៅ​ជុំ​ទី​២ (​វគ្គ​ផ្តាច់ព្រ័ត្រ​) ទោះ​ត្រូវ​ប៉ះ ម៉ន ព្រហ្ម​ម៉ាញ ឬ វី ស​ម្ភ​ស្ស គឺ​សុទ្ធតែ​ខ្លាំង លំបាក​នឹង​រក​ល្បិចកល​យកឈ្នះ​ដូចគ្នា តែ​ការហ្វឹកហាត់​បន្ត ខ្ញុំ​នៅតែ​ខំប្រឹង​ជានិច្ច​»​។​

​ចំណែក​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អ្នករៀបចំ​ការប្រកួត​នេះ បាន​ប្រាប់ថា​៖ «​យើង​សង្កេតឃើញថា ការប្រកួត​លើក​នេះ​មាន​ភាព​​ទាក់ទាញ ក៏ដូចជា​មានការ​គាំទ្រ​កាន់តែច្រើន លើសពី​សប្ដាហ៍​មុនៗ ព្រោះ​នៅ​សប្តាហ៍​នេះ យើង​បានរៀបចំ​កីឡាករ​ប្រកួត​ដណ្តើម​ប្រាក់​លាន គូ​ឯក និង​គូ​ពិសេស សរុប​ ៦ ​គូ ដែល​កីឡាករ​ជើងចាស់ ប៉ះ​ជាមួយ​កីឡាករ​យុវជន​ថ្មីៗ មាន​ភាព​ទាក់ទាញ​ខ្លាំង​ជាមុនៗ​»​។​

​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា លោក ប៊ុ​យ សុ​ភ័​ណ្ឌ បាន​បន្ថែមថា​៖ «​យើង​សង្កេតឃើញថា មាន​អ្នកគាំទ្រ​ច្រើន តាមរយៈ​ការផ្សាយ​ផ្ទាល់​លើ​ផេ​ច​ផ្លូវការ​របស់​សហព័ន្ធ​កីឡាប្រដាល់​សកល​កម្ពុជា និង​ផេ​ច​ដៃគូ​មួយចំនួនទៀត ហើយ​តាមពិត នៅ​សប្តាហ៍​នេះ យើង​ត្រៀម​រៀបចំ​ ២ ​គូ សម្រាប់​គូ​ដណ្តើម​ប្រា​ក់លាន ប៉ុន្តែ​ដោយសារ​កីឡាករ ម៉ាង ព្រហ្ម​ម៉ាញ មាន​បញ្ហា​សុខភាព ទើប​ពន្យារពេល ដូច្នេះ វី ស​ម្ភ​ស្ស នឹង​ឡើងមក​ប្រកួត ជាមួយ ម៉ាង ព្រហ្ម​ម៉ាញ នៃ​គូ​ដណ្តើម​ប្រាក់​លាន សម្រាប់​សប្តាហ៍​ទី​៤»៕

អត្ថបទគួរចាប់អារម្មណ៍