The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្រ្តីជំនាញ​ថា វគ្គសិក្សា​រដ្ឋ​បាល​កីឡា នឹង​ជួយជំរុញ​វិស័យ​កីឡានៅខេត្តកែបកាន់​តែ​រីក​ចម្រើន​




មន្រ្តីជំនាញ​ថា វគ្គសិក្សា​រដ្ឋ​បាល​កីឡា នឹង​ជួយជំរុញ​វិស័យ​កីឡានៅខេត្តកែបកាន់​តែ​រីក​ចម្រើន​

Content image - Phnom Penh Post
អ្នក​ជំនាញកីឡា លោក វ៉ាត់ ចំរើន ពេល​ថ្លែង នៅក្នុងកិច្ច​ប្រជុំ ដែល​បាន​ធ្វើ នៅ NOCC កាលពី​ថ្ងៃអង្គារ។ រូប CAMSOC

មន្រ្តីជំនាញ​ថា វគ្គសិក្សា​រដ្ឋ​បាល​កីឡា នឹង​ជួយជំរុញ​វិស័យ​កីឡានៅខេត្តកែបកាន់​តែ​រីក​ចម្រើន​

ភ្នំពេញ៖ វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ​ស្តីពី​រដ្ឋ​បាល​កីឡា ​ដែល​ជា​គម្រោង​របស់​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​ សហការ​ជា​មួយ​​សាមគ្គី​អូឡាំពិក ​ដែល​ជា​ផ្នែក​មួយ​នៃ​ស្ថាប័ន​បណ្តុះ​បណ្តាល​របស់​គណៈកម្មាធិការ​អូឡាំ​ពិក​អន្តរជាតិ​ក្នុង​គម្រោង​សម្រាប់​ឆ្នាំ​ ២០២១ ​នេះ ​ត្រូវ​បាន​ផ្តល់​ជូន​ជូន​ដល់​មន្ត្រី ថ្នាក់​ដឹក​នាំ​កីឡា ​គ្រូ​អប់រំកាយ ​និង​កីឡា ​នៅ​ខេត្តកែប​ រយៈ​ពេល ​៤ ថ្ងៃ។​

ជាមួយ​គ្នា​នេះ មន្រ្តីជំនាញ​ផ្នែកកីឡា គឺ​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ដែលជា​គ្រូ​ឧទ្ទេស​ម្នាក់ នៅ​ក្នុង​វគ្គ​នេះ បាន​អះអាង​ថា វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ​ស្តីពី​រដ្ឋ​បាល​កីឡា តាម​ប្រព័ន្ធ Zoom ដោយ​បាន​ចាប់​ផ្តើម កាលពី​ថ្ងៃ​ទី ១១​ នឹង​ត្រូវ​​បញ្ចប់ នៅ​ថ្ងៃទី ១៤ ខែ ​តុលា ​ឆ្នាំ​ ២០២១ នេះ ​នឹង​ចូល​រួមចំណែក​លើក​ស្ទួយ​វិស័យកីឡា នៅ​ខេត្តកែប ឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន។

​រដ្ឋ​លេខា​ធិ​ការ​ក្រ​សួង​ទេស​ចរណ៍ ​លោក វ៉ាត់ ចំរើន បាន​ថ្លែង​​ថា​៖ «​តាម​រយៈ​ការ​ចែក​រំ​លែក​ចំណេះ​ដឹង ​ក្នុង​នាម​ខ្ញុំ​ជា​​គ្រូ​ឧទ្ទេស​ ​សិក្ខា​កាម ​នឹង​ទទួល​បាន​ចំណេះ​ដឹង​សំខាន់ៗ ​ក្នុង​នោះ​មាន​ការ​គ្រប់​គ្រង​ដឹក​នាំ​សកម្មភាព​កីឡា​ ការ​រៀប​ចំ​ព្រឹត្តិការ​ណ៍​កីឡា​ ការ​យល់​ដឹង​ពី​លក្ខណៈ​បច្ចេក​ទេស ​និង​ចេះ​ធ្វើ​ទី​ផ្សារផង​ដែរ​។​ ​បន្ថែមលើក​នេះ ​សិក្ខា​កាម​ ជា​គ្រូ​អប់​កាយ​ និង​កីឡា​ និង​ជា​គ្រូ​កីឡា​មន្ត្រី​កីឡា​ទាំង​អស់ ​ប្រចាំ​ខេត្ត​នេះ ​នឹង​ទទួល​បាន​នូវ​អត្ថ​ប្រយោជ​ន៍ ​បន្ថែម​ទៀត ​គឺ​បញ្ជាក់​ការ​សិក្សា​ ដើម្បីជួយ​ជំរុញ​ឱ្យ​វិស័យ​កីឡា​ នៅ​ខេត្ត​កែប​ កាន់​តែ​មាន​ភាពរីកចម្រើន​បន្ថែម​ទៀត»​។

តាម​លោក ​ឯម ​ហៀង​ នាយក​រដ្ឋបាល ​NOCC ​និង​ជា​ប្រធាន​គណៈ​គ្រប់​គ្រង​វគ្គ​នេះ បាន​ឱ្យ​​ដឹង​ថា៖​ «វគ្គ​សិក្សានេះ​ ​មានការ​​អញ្ជើញ​ចូលរួម​បើក​វគ្គ ​​ដោយ​គ្រូ​ឧទ្ទេស​ ដែល​មាន​បទ​ពិសោធ ​និង​ទទួល​ស្គាល់​ពី​លំដាប់​អន្តរជាតិ ​IOC​ ហើយ​​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ​ស្តីពី​រដ្ឋបាល​កីឡា​នេះ ​ជា​​លើកទី​៣ ​ក្នុង​គម្រោងចំនួន ៤ ​ប្រចាំ​​ឆ្នាំ​ ២០២១​នេះ​​។​ វគ្គ​សិក្សា​​នៅ​ខេត្ត​កែប​នេះ ​មាន​សារ​សំខាន់ ​ដើម្បី​បញ្ជ្រៀប​ចំណេះ​​ដឹង​រដ្ឋបាល​កីឡា ក៏ដូច​ជា​បាន​បញ្ជ្រៀប​ការ​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម អាស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ​ ២០២៣ ​ជូន​ដល់​សិក្ខាកាម​ទាំង​អស់ ​ព្រម​ទាំង​បង្កើន​​ធន​ធាន​មនុស្ស ​យល់​ដឹង​ផ្នែក​កីឡា​ ដល់​ខេត្ត​មាត់​សមុទ្រ​មួយ​នេះ​»។

Content image - Phnom Penh Post
វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ​ស្តីពី​រដ្ឋ​បាល​កីឡា នៅ​ខេត្តកែប ដែលបាន​ធ្វើ​តាមរយៈប្រព័ន្ធ Zoom។ រូប សហការី

ជាមួយ​គ្នា​នេះ លោក​ ងួន ​ច័ន្ទសុជាតា​ ប្រធាន​មន្ទីរ​អប់​រំ ​យុវជន ​និង​កីឡា​ខេត្ត​កែប​ បាន​ប្រាប់​​ ភ្នំពេញ ​ប៉ុស្តិ៍​​ថា​ សម្រាប់​វគ្គ​រដ្ឋ​បាល​កីឡា​ នៅ​ខេត្ត​កែប​នេះ ​មាន​សិក្ខា​កាម​ចូលរួម​ចំនួន ២៥ នាក់ ​និង​មន្ត្រី​សម្រប​សម្រួល​ចំនួន ​២ ​នាក់​ទៀត​ ហើយ​សិក្ខាកាម​ ដែល​ចូល​រួម ​មាន​មក​ពី​កា​រិ​យា​ល័យ​ជុំវិញ​មន្ទីរ​អប់​រំ​ខេត្ត ​និង​គ្រូ​អប់​រំ​កាយ​ និង​កីឡា ​តាម​សាលា​ផង​ដែរ​។​

លោក​បាន​បន្ថែម​ថា៖​ «​ខេត្ត​កែប​ធ្លាប់​ទទួល​បាន​វគ្គ​សិក្សា​បែប​នេះ ​ម្តង​យូរ​មក​ហើយ​ចំណែក​​វគ្គ​សិក្សា​ ក្នុង​ឆ្នាំ​នេះ​ គឺ​ខ្ញុំ​រំភើប​ និង​អរ​គុណ​ដល់​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​ដែល​​ផ្តល់​ជូន​ខេត្ត​កែប​ ដោយ​សង្ឃឹម​ថា ​ឆ្នាំ​ក្រោយៗ​នឹង​ទទួល​បាន​វគ្គ​ថ្មីៗ​ទៀត»​។​

គួរ​បញ្ជាក់​ថា​ វគ្គ​សិក្សា​នេះ​ មាន​គ្រូ​ឧទ្ទេស​ចំនួន ​៣​ នាក់​ ​ទី​១ ​លោក​ព្រឹទ្ធបុរស​វេជ្ជបណ្ឌិត​ សុខ សារឿន ប្រធាន​គណៈ​កម្មការ​វេជ្ជសា​​ស្ត្រកីឡា អមគណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា ​ទី​២​ លោក បឹង គឹមតោ ប្រធាន​នាយក​​ដ្ឋានអប់រំកាយ ​និង​កីឡា​សិស្ស-និស្សិត ​នៃ​ក្រសួងអប់រំ យុវជន និងកីឡា ​​ទី​៣​ លោក ​វ៉ាត់ ចំរើន​។

​តាម​រយៈការ​ចែក​រំលែង​ចំណេះដឹង​របស់​គ្រូ​ឧទ្ទេស នៅ​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ​ស្តីពី​រដ្ឋ​បាល​កីឡានេះ​ នឹង​ធ្វើ​ឱ្យ​សិក្ខាកាម​ ដែល​ជា​គ្រូកីឡា​ មន្ត្រី​កីឡា​ទាំងអស់ ​ប្រចាំ​ខេត្ត​កែប​នេះ​ទទួលបាន​នូវ​អត្ថប្រយោជន៍ ​គឺ​ធន​ធាន​មនុស្ស ​និង​​ចំណេះ​ដឹង​ ដើម្បី​ជួយជំរុញឱ្យ​វិស័យកីឡា​នៅ​ខេត្ត​កែប ​មាន​ភាព​ប្រែ​ប្រួល​ ឈាន​ទៅ​ប្រ​កួត​ប្រជែង​ជា​មួយ​ខេត្ត​ដទៃ​​ តាម​ផែន​ការ​យុទ្ធ​សាស្ត្រ​ នៃ​​​កម្មវិ​ធីហ្វឹក​ហាត់​កីឡា និង​ផែន​ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជា ត្រូវ​​ធ្វើ​ជាម្ចាស់​ផ្ទះ​​៕​

អត្ថបទគួរចាប់អារម្មណ៍