The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​វិសាខា និង​ក្រសួងមហាផ្ទៃ កំពុងសម្ញែង​ភាព​ខ្លាំង មុនប្រកួត​​វគ្គ​ ១/២​ ផ្តាច់​ព្រ័ត្រនៅ​ថ្ងៃពុធ




ក្រុម​វិសាខា និង​ក្រសួងមហាផ្ទៃ កំពុងសម្ញែង​ភាព​ខ្លាំង មុនប្រកួត​​វគ្គ​ ១/២​ ផ្តាច់​ព្រ័ត្រនៅ​ថ្ងៃពុធ

Content image - Phnom Penh Post
សកម្ម​ភាព​ប្រកួត​ជម្រុះ​តាមពូល នៃ​ព្រឹត្តិការណ៍​បាល់​ទះ Special Volleyball Challenge 2021។ រូប សហការី

ក្រុម​វិសាខា និង​ក្រសួងមហាផ្ទៃ កំពុងសម្ញែង​ភាព​ខ្លាំង មុនប្រកួត​​វគ្គ​ ១/២​ ផ្តាច់​ព្រ័ត្រនៅ​ថ្ងៃពុធ

ភ្នំពេញ៖ ក្រុមបាល់​ទះ វិសាខា និងក្រសួងមហាផ្ទៃ បានកំពុងនឹង​សម្ញែងនូវ​ភាព​ខ្លាំង​រៀងៗ​ខ្លួន តាម​រយៈការ​បញ្ចប់ការ​ប្រកួត​វគ្គជម្រុះ​តាមពូល ​នៃ​ពានរង្វាន់​បាល់ទះ Special Volleyball Challenge 2021 ជាមួយការ​ឈ្នះដាច់ ​គ្រប់​ការ​ប្រកួត​ដូចគ្នា មុនពេល​ក្រុមទាំង​ ២ ត្រូវ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ។

តាម​រយៈការ​ប្រកួតវគ្គជម្រុះ​តាមពូល ដែល​ត្រូវ​បាន​ធ្វើ​ឡើង ​​តាំង​ពី​ថ្ងៃ​ទី ​២៤ ខែ​កញ្ញា ហើយ​ទើប​បាន​បញ្ចប់កាលពី​ថ្ងៃទី​ ១០ ខែ តុលា ឆ្នាំ ​២០២១​នេះ ទាំង​ក្រុម​វិសាខា និង​ក្រុម​ក្រសួងមហាផ្ទៃ មិន​បាន​បណ្តោយ​ឱ្យគូប្រកួត​របស់ខ្លួន អាច​វាយបក​យក​ឈ្នះ​លើ​ពួកគេសូម្បី​ ១ សិត​សោះ គឺ​ក្រុម​ទាំង ​២ ​នេះ បាន​ឈ្នះ​ក្នុង​លទ្ធផល ២ សិតដាច់ (២-០) ដូចគ្នា។

ជាមួយ​លក្ខខណ្ឌ​នៃ​​ការ​ប្រកួត ដោយក្រុម​ឈ្នះ ២-០ បាន ​៣ ពិន្ទុ​ពេញ ក្រុម​ចាញ់ បាន​សូន្យ​ពិន្ទុ និង​​ក្រុម​​ឈ្នះ ២-១ ​បាន ​២ ពិន្ទុ ក្រុមចាញ់​បាន​ ១ ពិន្ទុនេះ ក្រុម​វិសាខា ដែល​​ឈរ​នៅ​ពូល ​A រក​បាន ​១៥ ពិន្ទុពេញ តាម​រយៈ​ការ​ឈ្នះ ២-០ ​លើ​ក្រុម S&E Cambodia ក្រុម​​កោះដាច់ ក្រុម​កងពល​អន្តរាគមន៍​លេខ ​៣ ក្រុម​​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង​ក្រុម PS Concrete ដែល​ឈរ​នៅពូល​ជាមួយ​គ្នា។

Content image - Phnom Penh Post
បេក្ខភាព​​របស់ក្រុមទាំង​៤ ដែល​បាន​ឡើង​ទៅ​កាន់ការ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ រូប សហការី

ចំណែក​ក្រុម​ PS Concrete ទទួល​បានចំណាត់​ថ្នាក់លេខ​ ២ ប្រចាំពូល​នេះ ដើម្បី​បាន​ឡើង​ទៅ​កាន់ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ដែរ ដោយ​ពួកគេបាន​ឈ្នះ ២-០ ចំនួន ​២ ​ប្រកួត ឈ្នះ​ដោយ​ ២-១ ចំនួន ​១ ​ប្រកួត ហើយ​បាន​ចាញ់ ២-០ ចំនួន​ ១​ ប្រកួត និង​ចាញ់ ២-១ ចំនួន​ ១ ​ប្រកួត ធ្វើ​ឱ្យ​ពួកគេ មាន​ ៩ ពិន្ទុ។

យ៉ាងណាមិញ សម្រាប់​ក្រុម​ក្រសួងមហាផ្ទៃបាន​ឈ្នះ​ទាំង​ ៤ ​ប្រកួត ជាមួយ​លទ្ធផល​ឈ្នះ​ដាច់ ២-០ លើ​ក្រុម​គង់​នៅ​វត្ត​​ប្រាសាទ ក្រុម​​យុវជន​ស្រុកល្វាឯម ក្រុម​អធិរាជ​ប្រអប់ និង​​ក្រុម​យុវជនខេត្តបន្ទាយមានជ័យ ដែល​ឈរ​នៅពូល​ B ជាមួយគ្នា ដើម្បី​ទទួលបាន​លេខ​ ១ ប្រចាំពូល​នេះ ​មាន ​១២ ពិន្ទុ​ពេញ។ រីឯ​​ក្រុមអធិរាជប្រអប់ បានលេខ ​២ ជាមួយការ​​ឈ្នះ ​៣ ដង និងចាញ់​ ១ ដង មាន​ ៨ ពិន្ទុ។

ជាមួយ​ភាព​ខ្លាំង​របស់ក្រុមទាំង ​២ បាន​​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ​កំពុងមានការ​ចាប់អារម្មណ៍​ខ្លាំង និងគិត​ថា វិសាខា និង​ក្រសួង​មហាផ្ទៃ អាច​នឹង​ទទួលបាន​ជ័យជម្នះ​រៀងៗ​ខ្លួន សម្រាប់ការ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃ​ពុធ​ស្អែកនេះ ដើម្បី​ឡើង​ទៅ​ជួបគ្នានៅវគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​គ្នា​យក​ពាន អម​ដោយប្រាក់រង្វាន់ ១០ លាន​រៀល សម្រាប់ក្រុម​ជើង​ឯក និង ៨ លាន​រៀល សម្រាប់​ក្រុម​លេខ ​២។

Content image - Phnom Penh Post

សម្រាប់ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃពុធ​ស្អែក​នេះ ក្រុម​វិសាខា ត្រូវ​ជួប​​ក្រុម​អធិរាជប្រអប់ នៅ​ទីលានបាល់​ទះកីឡដ្ឋាន​ព្រីនស៍ នា​រសៀល​ម៉ោង ២ ហើយ​ក្រុមក្រសួង​មហា​ផ្ទៃ ត្រូវ​ប្រកួត​ជាមួយ​ក្រុមលេខ​ ២​ PS Concrete នៅ​រសៀល​ម៉ោង ៣:៣០ ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ។

ចំពោះ​ក្រុម ដែល​​ឈ្នះ ក្នុង​វគ្គនេះ ត្រូវ​ឡើង​ទៅ​ជួបគ្នា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ​១៧ ខែតុលា រីឯ​ក្រុម​ចាញ់ ត្រូវ​​ប្រកួត​គ្នាដណ្តើម​យក​លេខ ​៣ និង​ប្រាក់​រង្វាន់​ ៦ ​លាន​រៀល ក្នុង​ថ្ងៃ​ជាមួយ​​គ្នា​នោះ​ដែរ ហើយ​ជាមួយគ្នា​នេះ កីឡាករ​វាយ​ប្រយុទ្ធ​ល្អ​ជាង​គេ កីឡាករ​លើក​បាល់​ល្អ​ជាង​គេ និង​កីឡាករ​ឆ្នើម (MVP) ក៏​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ៤​ សែន​រៀល ដូចៗ​គ្នា ពី​ការ​ប្រកួត​បាល់​ទះ Special Volleyball Challenge 2021 នេះ ផងដែរ៕

អត្ថបទគួរចាប់អារម្មណ៍