The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពេជ្រ​ សម្បត្តិ ​ដំឡើង​​ទម្ងន់ ​ទៅ​ប៉ះ​ជើង​ចាស់ ​ម៉ិល​ សារុន តែ​សង្ឃឹមឈ្នះខ្ពស់




ពេជ្រ​ សម្បត្តិ ​ដំឡើង​​ទម្ងន់ ​ទៅ​ប៉ះ​ជើង​ចាស់ ​ម៉ិល​ សារុន តែ​សង្ឃឹមឈ្នះខ្ពស់

Content image - Phnom Penh Post
បេក្ខភាពទាំង ​២ ​គូ ដែល​ត្រូវ​ប្រកួតគ្នា នៅ​លើ​សង្វៀន​បាយ័ន ថ្ងៃ​សៅរ៍​នេះ។ រូប សហការី

ពេជ្រ​ សម្បត្តិ ​ដំឡើង​​ទម្ងន់ ​ទៅ​ប៉ះ​ជើង​ចាស់ ​ម៉ិល​ សារុន តែ​សង្ឃឹមឈ្នះខ្ពស់

ភ្នំពេញ៖ អ្នក​ប្រដាល់​គុន​ខ្មែរ​វ័យ​ក្មេង ​ពេជ្រ ​សម្បត្តិ​ របស់​​ក្លិប​ចលនា​យុវជន ​១៥៧ ​បាន​តម្លើង​ទម្ងន់​ពី ​៥៧ ​រហូត​ដល់ ​៦០ ​គីឡូក្រាម​ ដើម្បី​ប្រ​កួត​ជា​មួយ​ជើង​ចាស់ ​ម៉ិល​ សារុន ​មក​ពី​ក្លិប​គុជ​សារ​មាន​រិទ្ធិ ​នៅ​លើ​សង្វៀន​បាយ័ន​ នា​យប់​ថ្ងៃ​សៅរ៍ ចុង​​សប្តាហ៍​នេះ​ ចំណែក​គូ​ឯក​ប្រ​ចាំ​សប្តាហ៍​គឺ​ជា​ការ​ជួបគ្នា​រវាង​កីឡាករ​ចាស់​វស្សា​ ​ចាន់​ ប៊ុន​លាភ​ មក​ពី​និរោធន៍​មាន​ជ័យ ​និង​កីឡាករ​ ឌុម កែវ​ដា​ របស់​​ក្លិប​មកុដ​រាជ​សីហ៍​។​

ពេជ្រ​ សម្បត្តិ​ ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា ​ជា​កីឡាករ​វ័យ​ក្មេង ​ដែល​ចាប់​ផ្តើម​ល្បីល្បាញ​ខ្លាំង​ ខណៈ​ ៣​ ប្រ​កួត​ចុង​ក្រោយមកនេះ គេ​​បាន​ផ្តួល​ដៃ​គូ​ប្រ​កួត​ជើង​ខ្លាំង​មាន​បទ​ពិសោធ​ល្អៗ ​​ឱ្យ​​សន្លប់​ក្នុង​កម្ម​វិធី​ម៉ាស​ហ្វៃ នៅ​សង្វៀន​ថោន ​បាន​ប្រាក់រង្វាន់​បន្ថែម​​ទាំង​៣​លើក​។​ជំនាញ​កណ្តាប់​ដៃ​ល្អ​របស់ ​ពេជ្រ ​សម្បត្តិ ​ត្រូវ​បាន​គណៈ​កម្មការ​ផ្គូ​ផ្គង​ដាក់​ឱ្យ​​ប្រ​កួត​ជា​មួយ​ជើង​ចាស់ ​ម៉ិល ​សារុន​ ជា​គូ​ពិសេស​ប្រចាំ​សង្វៀន​បាយ័ន​ ថ្ងៃ​សៅរ៍​នេះ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។​

លោក​ ធន់ ​សុភា ​ជំនួយ​ការ​ផ្គូ​ផ្គង​ប្រចាំ​សង្វៀន​បាយ័ន បាន​​និយាយ​ថា​៖«​សម្រាប់​គូ​នេះ​មាន​បទ​ពិសោធ​​ខុស​គ្នា​ដាច់ ​គឺ ​ម៉ិល ​សារុន ​មាន​ប្រ​វត្តិ​ប្រ​កួត​បាន​​ជាង​១​០០​លើក ​ចំណែក​ ​ពេជ្រ​សម្បត្តិ​ ទើប​តែ​​ប្រ​កួត​បាន​ ​១៦​ ដង ​ប៉ុន្តែគេ​​ល្អ​ណាស់ ហើយ​​តាម​ខ្ញុំ​មើល ​​បើ​សិន ម៉ិល ​សារុន គេច ​ឬ​ដក​ថយមិន​ផុត​​ទេ​ អាច​នឹង​សន្លប់​ក្រោម​កណ្តាប់​​ដៃ​កីឡាករ​វ័យ​ក្មេង ​ពេជ្រ​ សម្បត្តិ បាន ប៉ុន្តែ​ ម៉ិល​ សារុន ​ក៏​មាន​ប្រៀប​ផ្នែក​ឱប​ឡើង​ជង្គង់​ផង​ដែរ»​។​

ចំណែក​លោក​ ពេជ្រ​ សុផាន់​ គ្រូ​បង្វឹក ពេជ្រ សម្បត្តិ បាន​​និយាយ​ថា​៖ ​«ពេជ្រ ​សម្បត្តិ កំពុង​ហ្វឹក​ហាត់ ​និង​ឡើង​កម្លាំង​ល្អ​ ដោយគេ​មាន​កណ្តាប់​ដៃ​ធ្ងន់​ និង​ទឹក​ចិត្ត​ប្រ​កួត​មុះ​មុត ​ដើរ​ចូល​វ៉ៃ​ មិន​ចាំ​បាច់​តឿន​ឡើយ ហើយ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ​ខ្ពស់​ណាស់ ​ដោយ​រំពឹង​ឈ្នះ​ដល់​ទៅ​៨០​ ភាគ​រយ​ឯណោះ​»។

ចំណែក​លោក​ ណន ​រិទ្ធ ​គ្រូ​បង្វឹក​កីឡាករ ​ម៉ិល ​សារុន បាន​​និយាយ​ថា​៖​« ម៉ិល សារុន ​ខ្សោយ​កម្លាំង​ជាង​មុន​មែន ​តែ​បច្ចេកទេស​វ៉ៃ​ក្បាច់​ជង្គង់ ​មិន​អាច​មើល​រំ​លង​បាន​ឡើយ​។ ​ខ្ញុំ​រំពឹង​ថា ​វា​នឹង​ប្រ​កួត​បាន​ល្អ ​គឺ​សង្ឃឹម​ឈ្នះ​ ៦០ ​ភាក​រយ»​។​

ដោយឡែក ​ចាន់ ​ប៊ុន​លាភ និង ​ឌុម​ កែវ​ដា​ សុទ្ធតែ​ជា​កីឡាករ​ចាស់​វស្សា​ដូចគ្នា។​​តាម​ប្រវត្តិ ​ចាន់ ​ប៊ុន​លាភ ​ឡើង​សង្វៀន​យូរ​ឆ្នាំ​ជាង​ ឌុម ​កែវ​ដា ​ប៉ុន្តែ​ឡើង​ប្រ​កួត ​និង​ខក​ខាន​ច្រើន ​ធ្វើ​ឱ្យ​កម្រិត​វិជ្ជា​គុន​ពេល​ខ្លះ​ល្អ ​ពេល​ខ្លះ​ធ្លាក់​ចុះ​ មិន​ទៀង​ទាត់​។

ទាក់​ទង​ការ​ប្រកួតនេះ ឌុម ​កែវ​ដា បាន​​និយាយ​ថា​៖ ​«ខ្ញុំ​មិន​ធ្លាប់​ប្រកួត​គ្នា​ទេ ​គាត់​ល្បី​មុន​ខ្ញុំ​គឺ​ជំនាន់​ រឿង ​សោភ័ណ្ឌ​ ឯណោះ​។​ ពី​មុន​គាត់​ខ្លាំង ​ប៉ុន្តែ​គាត់​ឡើង​ប្រ​កួត​យូរៗ​ម្តង ​​ហេតុនេះ​ខ្ញុំ​មិន​ញញើត​ទេ ​ដោយ​រំពឹង​ឈ្នះ ​៨០ ​ភាគ​រយ»​៕

អត្ថបទគួរចាប់អារម្មណ៍