The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ម្ចាស់​មេដាយ​មាស​កីឡាអាស៊ី​ សាលី អូមើត កំពុងហ្វឹក​​ហាត់​​ពង្រឹង​សមត្ថភាព ជា​មួយ​ម្ចាស់​មេដាយ​មាស​ពិភព​លោក នៅប្រទេសអូទ្រីស​




ម្ចាស់​មេដាយ​មាស​កីឡាអាស៊ី​ សាលី អូមើត កំពុងហ្វឹក​​ហាត់​​ពង្រឹង​សមត្ថភាព ជា​មួយ​ម្ចាស់​មេដាយ​មាស​ពិភព​លោក នៅប្រទេសអូទ្រីស​

Content image - Phnom Penh Post
សាលី អូមើត ថតជាមួយមន្រ្តី​របស់ NOCC ក្រោយពេល​ឈ្នះ​មេដាយ​មាស​១ និងសំរឹទ្ធ ពីការ​ប្រកួត​កីឡា​អាស៊ី ឆ្នាំ​២០១៨។ រូប សហការី

ម្ចាស់​មេដាយ​មាស​កីឡាអាស៊ី​ សាលី អូមើត កំពុងហ្វឹក​​ហាត់​​ពង្រឹង​សមត្ថភាព ជា​មួយ​ម្ចាស់​មេដាយ​មាស​ពិភព​លោក នៅប្រទេសអូទ្រីស​

ភ្នំពេញ៖ ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី​ លើ​ប្រភេទ​កីឡា​ម៉ូតូ​ទឹក ​សាលី​ អូមើត ​ដែល​ជា​ក្តី​សង្ឃឹម​ខ្លាំង​របស់​កម្ពុជា ​សម្រាប់​ព្រឹត្តិការ​ណ៍​អន្តរជាតិ​នានា​នោះ ​បាន​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​​ជាមួយ​នឹង​ម៉ូតូទឹក​ថ្មី ​ជា​មួយអត្តពលិកជា​ម្ចាស់​មេដាយ​ពិភព​លោក នៅ​ប្រទេស​អូទ្រីស បាន​​​រយៈ​ពេល​ជិត​មួយ​ខែ​ហើយ​។

ការ​ចេញ​ទៅ​ហ្វឹកហាត់ នៅប្រទេស​អូទ្រីស របស់​ម្ចាស់​មេដាយមាស សាលី អូមើត នេះ ត្រូវបាន​មន្ត្រី​សហព័ន្ធ​កីឡា​ម៉ូតូទឹក​កម្ពុជា ​អះ​អាង​ថា ​គឺ​ដើម្បី​ត្រៀម​ខ្លួន​ចូល​ប្រ​កួត​ប្រជែង​ដណ្តើម​មេដាយ​ជូន​កម្ពុជា​ ពី​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នានា ​និង​ត្រៀម​ស៊ីហ្គេម​ លើកទី​៣២​ ឆ្នាំ ​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​ ​

កីឡាករ ​សាលី ​អូមើត ​ដែល​កំពុង​ហ្វឹក​ហាត់​ ក្នុង​ប្រទេស​នៃ​តំបន់​អឺរ៉ុប​មួយ​នេះ ​បានប្រាប់​​ឱ្យ​​ដឹង​តាម​បណ្តាញ​អន​ឡាញ​ថា​៖ «​ខ្ញុំ​បាន​មក​ហ្វឹក​ហាត់​រយៈ​ពេល ​១ ខែ​​ហើយ ​ជា​មួយ​ម៉ូតូ​ថ្មី​ដែល​​​សហ​ព័ន្ធ ​បាន​ទិញ និង​​ប្រគល់​ជូន​ ប៉ុន្តែ​បច្ចុបប្បន្ន ​​កំពុង​ជួប​ការ​លំបាក​ខ្លះៗ​ លើ​​បញ្ហា​អាកាស​​ធាតុ​ត្រជាក់​ខ្លាំង ​ទាំង​នៅ​កន្លែង​ស្នាក់​នៅ ​និង​កន្លែង​ហ្វឹកហាត់​»។

​ម្ចាស់មេដាយមាស​កីឡា​អាស៊ី​រូបនេះ បានបញ្ជាក់​ថា៖ ​«តែទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដើម្បី​ទទួល​បាន​បទ​ពិសោធ ព្រមទាំង​​ចំណេះ​ជំនាញ​ថ្មីៗ​ និង​ទេព្យ​កោសល​ថ្មីៗ ​​យក​ទៅ​​ចែក​រំលែក​ដល់​កីឡាករ​ម៉ូតូទឹក​កម្ពុជា ​ឱ្យ​​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត​នោះ ខ្ញុំ​ត្រូវតែ​ព្យាយាម ​ព្រោះ​ដៃ​គូ​ជា​គ្រូ​បង្វឹក ​នៅ​ប្រទេស​អូទ្រីស​​នេះ​ គាត់​ជា​​ម្ចាស់​មេដាយ​មាស​ពិភព​លោក»​។​

Content image - Phnom Penh Post
សាលី អូមើត បាន​ថតជាមួយ​ម្ចាស់មេដាយមាសពិភព​លោក​របស់ប្រទេសអូទ្រីស ហើយ​បុរសម្នាក់​នេះ ក៏​ជាអ្នក​បង្វឹក​រូបគេ ផងដែរ។ រូប សហការី

សាលី ​អូមើត ​ជា​កីឡាករ​ម៉ូតូ​ទឹក ​ដែល​ឈ្នះ​មេដាយ​មាស​កីឡា​អាស៊ី​ជូន​កម្ពុជា ​ហើយ​កីឡាករ​រូប​នេះ ក៏​ជា​ជើងខ្លាំង​មួយ​រូប​ ធ្លាប់​ប្រជែង​ដណ្តើម​បាន​មេដាយ​បាន​ជូន​ក្លិប​ ពី​ការ​ប្រកួត​កម្រិត​ពិភពលោក ​ជា​ច្រើន​ព្រឹត្តិការណ៍​កន្លង​មក​។ គោល​បំណង​ធំ​របស់​ ​សាលី ​អូមើត ​គឺ​រូបគេ ​ចង់​ឈ្នះ​មេ​ដាយមាស ​ស៊ីហ្គេម ​លើក​ទី​៣២​ ឆ្នាំ​ ២០២៣ ​ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ។

ចំណែក​លោក ​វ៉ាត់ ​ចំរើន​ អគ្គ​លេខាធិការ ​CAMSOC បាន​ប្រាប់​​ថា​៖ «​ឆ្នាំ​២០២២ ​ជា​ឆ្នាំ​ដែល​សម្រុក​ហ្វឹក​ហាត់​ ហើយ​សម្រាប់​​វិញ្ញាសារ​ប្រភេទ​កីឡាម៉ូតូ​ទឹក​នេះ ​​បេក្ខជន​ល្អ​ផ្តាច់គេ ដែល​កម្ពុជា ផ្តល់ក្តី​សង្ឃឹម ​គឺ ​សាលី​ អូមើត​ ព្រោះ​គាត់​មាន​សមត្ថភាព​ប្រជែង​ដណ្តើម​មេដាយ​មាស​ជូន​កម្ពុជា​ ប៉ុន្តែ​យើង​មិន​អាច​បំភ្លេច​នូវ​បញ្ហា​ហ្វឹក​ហាត់​សម្រួច ​ត្រៀម​ឱ្យ​​ល្អ​នោះ​ឡើយ​ ពិសេស​ការ​ហ្វឹក​ហាត់ នៅ​​ក្រៅ​ប្រ​ទេស ដ្បិតអី​​ការ​ហ្វឹកហាត់​​ជា​មួយ​គ្រូ​ល្អ ​មាន​បទ​ពិសោធ​ល្អ ​និង​ជា​ម្ចាស់​មេដាយ​ពិភព​លោក​ផងនោះ គឺ​ធ្វើ​ឱ្យ​យើង មាន​គុណ​ផល​ល្អ​ណាស់»​។

​លោក​ វ៉ាត់ ​ចំរើន បាន​​បន្ត​ថា​៖​ «ហ្វឹកហាត់​ជា​មួយ​នឹង​ម៉ូតូ​ទឹក​ថ្មី​ សម​ឱ្យ​​ស្គាល់​ច្បាស់ ​ដែល​សហព័ន្ធ ​ទើប​ទិញ​ឱ្យ ​ពិសេស​បាន​ហ្វឹកហាត់​ជា​មួយ​កីឡាម្ចាស់​មេដាយ​មាស​ពិភព​លោក​របស់​ប្រទេស​អូទ្រីស​ផង​ដែរ ​គឺ​ជា​ឱកាស​ល្អ​បំផុត ហើយ​​​ចំពោះ​ប្រភេទ​កីឡា​ណា​ ដែល​ធ្លាប់​ដណ្តើម​បាន​មេដាយ​អន្តរជាតិ​ គឺ​យើង​ខិត​ខំ​ស្វែង​រក​ទី​តាំង ​និង​កន្លែង​ហាត់​ឱ្យ​​បាន​ល្អ ​ទើប​រក្សា​បាន​ជយ​ជម្នះ​»​។​

គួរ​រំឭក​ថា ​កីឡាករ ​សាលី​ អូមើត​ ជា​កូន​កាត់​ខ្មែរ-​ឥស្លាម ដែល​​ពី​ដំបូង​ទៅ​ធ្វើ​ជា​កម្មករ​នៅ​ប្រទេស​ថៃ​ បន្ទាប់​មក​មាន​ឱកាស​បាន​ហាត់​ជិះម៉ូតូទឹក​​កម្សាន្ត​​លេង ​ប៉ុន្តែ​ក្រោយ​មក​ទៀត មាន​ទេព្យ​កោសល្យ​ល្អ​ ត្រូវ​បាន​គ្រូ​បង្វឹក​ប្រទេស​ថៃ​ ផ្តល់​ឱកាស​ឱ្យ​​ចូល​រួម​ហ្វឹក​ហាត់ ​និង​ប្រកួត​នៅ​ប្រទេស​ថៃ ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ជា​ច្រើន និង​ដណ្តើម​បាន​ពាន និងមេដាយ​មាស ប្រាក់ និងសំរឹទ្ធ ជា​ច្រើនដង​។ ​ជាមួយ​ភាព​ល្បី​ល្បាញ​ ​និង​មាន​លទ្ធផល​ល្អនេះ​ កីឡាករ ​សាលី ​អូមើត​ បាន​នឹក​ឃើញ ​ដោយ​ចង់​លេង​​តំណាង​ឱ្យ​​ប្រទេស​កម្ពុជា​វិញ ​គឺ​មិន​តំណាង​ឱ្យ​​ប្រទេស​គេ​នោះ​ឡើយ​៕​​

អត្ថបទគួរចាប់អារម្មណ៍