​ក្រុងប៉ារីស​: កីឡាករ Cristiano Ronaldo និយាយថា រូបគេ​សន្យាថា នឹង​សម្លឹង​ពី​ការរក​គ្រប់​បាល់​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត បន្ទាប់ពី​ធ្វើបាន​ហ៊ែ​តទ្រិ​ក ​(​ស៊ុត ៣ ​គ្រាប់​) ក្នុង​ជ័យជម្នះ​របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​លើ​ក្រុម​លុច​សំបួ ក្នុង​វគ្គ​ជម្រុះ World Cup​។​

Ronaldo ធ្វើបាន​ហ៊ែ​ត​ទ្រិ​ក​អាជីព​ជា​លើក​ទី​៥៨ ក្នុងនោះ​លើក​ទី ១០ សម្រាប់​ក្រុម​ជម្រើសជាតិ ខណៈ​ព័រ​ទុយ​​ហ្គា​ល់ លត់​ក្រុម​ភ្ញៀវ​លុច​សំបួ ៥-០ សម្រាប់​ការប្រកួត ប្រចាំ​ពូ​ល A កាលពី​ថ្ងៃ​អង្គារ​។​

​កីឡាករ​ជយលាភី​ពាន Ballon d''Or ៥​ សម័យកាល Ronaldo វ័យ ៣៦​ ឆ្នាំ ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ២ ​គ្រាប់​បើកឆាក ក្នុង​ចន្លោះ​រយៈពេល​តែ ៥ ​នាទី នៅ​ដើម​វគ្គ​ទី១ មុននឹង​អាច​សម្រេច​គ្រាប់​ទី៣ នៅ​ប្រមាណ​ជា ៣​ នាទីចុងក្រោយ​នៃ​ការ​ប្រកួត បន្ទាប់ពី​គ្រាប់​បាល់​របស់ Bruno Fernandes និង Joao Palhinha​។​

​ក្រុម​ព័រ​ទុយ​ហ្គា​ល់ពេលនេះ មាន ១​ ពិន្ទុ ​តាម​ពីក្រោយ​ក្រុម​ប្រធាន​ពូ​ល​ស៊ែ​ប៊ី តែ​ពួកគេ​នៅសល់ ១​ ហ្គេម ក្នុង​ដៃ ដែល​វា​នាំឱ្យ​ជំនួប​នៃ​ក្រុម​ទាំង ២ នា​ខែក្រោយ រឹតតែ​តានតឹង ក្នុងការ​ដណ្ដើម​សិទ្ធិ​ស្វ័យប្រវត្តិ​ទៅ​ប្រទេស​កាតា ឆ្នាំ ២០២២​។​

Ronaldo ដែល​បាន​អូស​​បន្លាយ​គ្រាប់​បាល់​ជា​កំណត់ត្រា ក្នុង​ក្រុម​ជម្រើសជាតិ រហូតដល់ ១១៥ ​គ្រាប់ បាន​សរសេរតាមរយៈ​បណ្ដាញ​សង្គម Instagram ថា​៖ «​ជ័យជម្នះ ១​ ផ្សេងទៀត ជំហាន ១​ផ្សេងទៀត ឆ្ពោះទៅរក​គោលដៅ​របស់​យើង រាត្រី​ជា​ប្រវត្តិសាស្ត្រ ក្នុងការ​ការពារ​ឯក​សណ្ឋាន​ក្រុម​ជម្រើសជាតិ​របស់​យើង​។ គ្រប់យ៉ាងកាន់តែ​ងាយស្រួល ពេល​លេង​ក្នុងផ្ទះ និង​ចំពោះមុខ​អ្នកគាំទ្រ​។

«​ខ្ញុំ​សន្យាថា ខ្ញុំ​នឹង​តែងតែ​សម្លឹង​ពី​ការរក​គ្រាប់​បាល់​ឱ្យបាន​ច្រើន​បន្ថែមទៀត​។ វា​ស្ថិតនៅក្នុង​ឌី​អេ​ន​អេ (DNA) របស់ខ្ញុំ និង​ឌី​អេ​ន​អេ​របស់​យើង យើង​មិន​ធ្លាប់​គ្រប់គ្រាន់​ឡើយ យើង​មិន​ធ្លាប់​បន្ធូរដៃ​នោះទេ ហើយ​យើង​តែងតែ​បន្តដំណើរ​ទៅមុខ​ជានិច្ច​»​។ Ronaldo បាន​សរសេរ​បន្ថែម​៕ AFP/VN​