​ក្រុង​សៃ​តា​ម៉ា​: អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ជប៉ុន Hajime Moriyasu បាន​ជំរុញ​ឱ្យ​កូនក្រុម​របស់លោក ជ្រើស​យកជ័យ​ជម្នះ ២-១ លើ​ក្រុម​អូស្ត្រាលី ធ្វើជា​គំរូក្នុង​ប្រកួត​ខាងមុខ ដើម្បីឱ្យ​ក្ដីសង្ឃឹមនៅ World Cup មិន​បាត់បង់ ខណៈដែល​ខ្សែប្រយុទ្ធ Son Heung-min ជា​អ្នក​ស៊ុត​បញ្ចូល​ទី ក្នុង​លទ្ធផល ដែល​ក្រុម​កូរ៉េខាងត្បូង ស្មើ ១-១ ជាមួយ​ក្រុមអ៊ី​រ៉ង់​។​

​ក្រុម​សាមូរ៉ៃ​ជប៉ុន បាន​ចាញ់​ការប្រកួត ២​ ដង ក្នុងចំណោម ៣​ ហ្គេម​ដំបូង សម្រាប់​យុទ្ធនាការ​វគ្គ​ជម្រុះ ប្រចាំ​ទ្វីបអាស៊ី​នេះ តែ​ការ​ដណ្ដើមបាន ៣​ ពិន្ទុ ដែល​បានមកពី​គ្រាប់​បាល់​ជ័យជម្នះ ដោយសារ​ការធ្វើ​ឱ្យចូល​ទី​ខ្លួនឯង​ពី​ខ្សែការពារ Aziz Behich នៅ​នាទី​ទី​៨៥ គឺមាន​តម្លៃ​ខ្លាំងណាស់​។​

​ជប៉ុនកំពុង​តាម​ពីក្រោយ​អូស្ត្រាលី និង​អារ៉ាប៊ីសាអ៊ូឌីត សម្រាប់​ការប្រកួតប្រជែង​ដណ្ដើម​ចំណាត់ថ្នាក់​ទី១ និង​ទី២ ក្នុង​ពូ​ល ដើម្បី​មាន​សិទ្ធិ​ស្វ័យប្រវត្តិ​ទៅ​បង្ហាញមុខ​នៅ​ប្រទេស​កាតា ឆ្នាំ ​២០២២ តែ​ជ័យជម្នះ​នេះ ធ្វើឱ្យ​ពូ​ល B កាន់តែ​បើកទូលាយ និង​បានបញ្ចប់​កំណត់ត្រា​របស់​ក្រុម​ភ្ញៀវ ដែល​ឈ្នះ ១១ ​លើក​ជាប់ៗ​គ្នា ពី​ការ​ទាត់​វគ្គ​ជម្រុះ World Cup តែ ១ ​ប៉ុណ្ណោះ​។​

​គ្រូបង្វឹក​ក្រុម​ជប៉ុន លោក Moriyasu បាន​ប្រាប់ថា​៖ «​ពួកយើង​នៅតែ​បន្ត​ការ​ប្រយុទ្ធរហូតដល់​ទីបញ្ចប់ និង​មិន​ចុះចាញ់​ជាដាច់ខាត​។ យើង​បាន​ប្ដេជ្ញា​ថា នឹង​ឡើងទៅ World Cup ឱ្យបាន ហើយ​យើង​បានបង្ហាញ​ឱ្យឃើញនៅ​យប់​នេះ​»​។​

«​វា​ជា​ជ័យជម្នះ​ដ៏​អស្ចារ្យ តែ​យើង​នៅមាន​ហ្គេម​ដ៏​តានតឹង​ជាច្រើន​ទៀត នៅខាងមុខ​។ យើង​ត្រូវ​ប្រាកដថា យើង​យកជ័យ​ជម្នះ​នេះ ជា​គំរូដើម្បី​ទៅ​បន្ត​នៅ​ហ្គេម​ខាងមុខ​»​។ នេះ​ជាការ​បន្ថែម​របស់លោក Moriyasu​។​

​បណ្ដាញសារព័ត៌មាននៅ​ជប៉ុនបានធ្វើ​សេចក្ដីរាយការណ៍​ថា លោក Moriyasu អាច​នឹង​បាត់បង់​តួនាទី​របស់គាត់ ប្រសិនបើ​ក្រុម​របស់លោក មិនអាច​យកឈ្នះ​ក្រុម​កំពុង​ឡើង​ជើង​អូស្ត្រាលី​បានទេ​នោះ តែ​អ្នកចាត់ការ​វ័យ ៥៣ ​ឆ្នាំ ប្រឹងប្រែង​រហូត​ទទួល​បានការ​ទះដៃ​ពី​អ្នកគាំទ្រ បន្ទាប់ពី​សំឡេង​កញ្ចែ​ចុងក្រោយ​បន្លឺឡើង​។​

​ក្រុម​ជប៉ុនឈរ​នៅ​លេខ ៣ ក្នុង​ពូ​ល B ដោយមាន ៦ ​ពិន្ទុ ពោលគឺ​តាម​ពីក្រោយ​ក្រុម​លេខ ២ អូស្ត្រាលី ៣ ​ពិន្ទុ និង​ក្រុម​លេខ ១ អារ៉ាប៊ីសាអ៊ូឌីត ៦​ ពិន្ទុ ខណៈ​ការប្រកួត​នៅសល់ ៦ ​លើក​ទៀត​។​

​ក្នុង​ពូ​ល A ក្រុម​កូរ៉េខាងត្បូង បាត់​ឱកាសឡើងទៅ​ឈរ​ជា​ប្រធាន​ពូ​ល ដោយសារ​មិនអាច​ការពារ​គ្រាប់​បាល់​នាំមុខ​របស់​កីឡាករ Son នៅ​នាទី​ទី​៤៨ ព្រោះ​ត្រូវ​ក្រុម​ម្ចាស់ផ្ទះអ៊ីរ៉ង់ តាម​ស្មើនៅ​១៥ ​នាទីចុងក្រោយ​។​

​ក្រោយ​អាច​គេច​ផុតពី​បរាជ័យ ក្នុង​ហ្គេម​ទី ៤ នេះ ក្រុម​អ៊ី​រ៉ង់​រក្សា​តំណែង​លេខ ១ ក្នុង​ពូ​ល​ដដែល ដោយមាន ១០​ ពិន្ទុ ខណៈ​ក្រុម​កូរ៉េខាងត្បូង ដែល​តាម​ពីក្រោយ ២​ ពិន្ទុ ឈរ​នៅ​លេខ ២ ហើយ​ក្រុម​នៅ​លេខ ៣ លី​បង់ មាន ៥​ ពិន្ទុ​៕ AFP/VN