ភ្នំពេញ៖ កីឡាករ​ជម្រើសជាតិ​របស់​កម្ពុជា​ចំនួន​ ៦ នាក់ នឹង​មិនអាច​ត្រឡប់​មកកាន់មាតុ​ប្រទេសវិញ ជាមួយក្រុមធំ​ជម្រើសជាតិ​កម្ពុជាបាននោះ​ទេ ហើយ​អ្នក​ដែលនៅ​សល់ភារកិច្ច ត្រូវ​ទៅ​ចូល​រួមការ​ប្រកួតជាបន្តទៀតនៅប្រទេសជប៉ុន នោះ ក៏មិនអាចធ្វើបាន​ទៅ​ដែរ ក៏​ព្រោះ​តែ​ពួកគេ បានឆ្លង​កូវីដ ​១៩ ក្នុងអំឡុង​ពេល​ស្នាក់នៅ ពេល​​ប្រកួត​ជម្រុះ​​ពាន​រង្វាន់ AFC Asian Cup 2023 ជាមួយ​​ក្រុមជម្រើសជាតិ​ហ្គាម នៅប្រទេស​បារ៉ែន ដែល​ទើប​បាន​បញ្ចប់កាលពី​យប់​ថ្ងៃ​អង្គារ ឈាន​ចូល​ថ្ងៃពុធ ម្សិលមិញ។

តាម​ការ​បង្ហាញ​របស់គ្រូជំនួយ​​ក្រុមជម្រើសជាតិ​កម្ពុជា លោក ភា សុភ័ក្រ្តា និង​លោក ឈូក ពិសិដ្ឋ បាន​ឱ្យ​ដឹង​ថា កីឡាករ គួច សុកុម្ភៈ, សឿយ វិសាល, ចាន់ វឌ្ឍនាកា, អ៊ាន ពិសី, សារ៉េត គ្រីយ៉ា និង កែវ សុខសិលា សុទ្ធតែ​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ហើយពេល​នេះ អ្នកទាំង​ ៦ ត្រូវបានដាក់ឱ្យស្ថិត​នៅ​សណ្ឋាគារ​មួយ​កន្លែង នៅ​ក្នុងប្រទេស​បារ៉ែន ដើម្បីព្យាបាល។

យ៉ាង​ណាក៏​ដោយ ចំពោះ​ស្ថាន​ភាព​ជំងឺ​កូវីដ​របស់​កីឡាករ​កម្ពុជា​ទាំង​ ៦ នាក់ ខាង​លើនេះ ត្រូវបាន​លោក ឈូក ពិសិដ្ឋ បញ្ជាក់​ថា៖​ «យើង​បាន​ទំនាក់ទំនងគ្នាជា​ប្រចាំ ដើម្បី​តាម​ដាន​សុខភាព​របស់ពួកគាត់ ហើយមិនមានបញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ គឺ​សុខភាព​ពួកគាត់ នៅតែ​ល្អ​ប្រសើរ អ៊ីចឹង​ពួកគាត់ មិន​ត្រូវបាន​ដាក់​ព្យាបាល​នៅមន្ទីរ​ពេទ្យ​នោះ​ទេ។ ​ពួកគាត់ ត្រូវបាន​ដាក់នៅ​សណ្ឋាគារ​ដាច់​ដោយ​ឡែក​មួយ ព្រោះ​ស្ថានភាពជំងឺ​របស់ពួកគាត់ ស្ថិត​ក្នុង​កម្រិត​​ស្រាល​ទេ ដ្បិតអី​ពួក​យើង សុទ្ធតែបានចាក់វ៉ាក់សាំងរួច​រាល់ មុន​នឹង​ធ្វើដំណើរ មកប្រទេស​បារ៉ែន​នេះ»។

ថ្នាក់ដឹកនាំ​ក្រុមជម្រើសជាតិ​ទាំង ​២ នេះ បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា កីឡាករ​ទាំង ​៦ នាក់ ដែលបាន​ឆ្លង​កូវីដ​ ១៩​នេះ នឹង​ត្រូវ​បន្ត​ស្នាក់ និង​ព្យាយាម​ជំងឺ​កូវីដ​១៩ នៅប្រទេស​បារ៉ែន ចំនួន​ ១០ ថ្ងៃ ហេតុនេះ​ពួកគេ នឹង​មិនអាច​ត្រឡប់មក​មាតុប្រទេស​វិញ ជាមួយ​ក្រុម​ធំជម្រើសជាតិ បាន​ឡើយ ចំណែក​អ្នកមាន​ភារកិច្ច​ត្រូវ​បន្ត​ដំណើរ​ទៅប្រកួត​​ជម្រុះ​ពាន AFC U23 ASIAN Cup នៅប្រទេសជប៉ុន ក៏​ត្រូវបាន​ខក​ខាន​ដូចគ្នា។

កីឡាករ​ទាំង ៦ នាក់ ដែលបាន​ឆ្លង​កូវីដ​១៩ ប៉ុន្តែ​ស្ថិត​ក្នុង​កម្រិតស្រាល ដែល​នៅ​មាន​សុខភាព​ល្អ និងអាច​ស្នាក់នៅ​សណ្ឋាគារ ដើម្បី​ព្យាបាល​បាន។ រូប FFC

ជាមួយ​ការ​ទម្លាយ​ពី​ព័ត៌មាន នៃ​​ការ​ឆ្ល​ងជំងឺ​កូវីដ ​១៩ ​របស់​កីឡាករ​ជម្រើសជាតិទាំង​ ៦ នាក់ ខាង​លើ​នេះ ត្រូវបាន​លោក ភា សុភ័ក្រ្តា អះអាង​ថា ដើម្បី​ស្រាយ​ចម្ងល់​របស់​អ្នកគាំទ្រ ថា ហេតុ​អ្វី មិនឃើញ​អ្នកទាំង​នេះ ជាពិសេស​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ខ្សែ​ការពារ សឿយ វិសាល អ្នក​ចាំទី កែវ សុខសិលា និង​កីឡាករ​ចាស់​វិស្សា គួច សុកុម្ភៈ ដែល​ធ្លាប់​មាន​វត្តមាន​ក្នុងជម្រើស ១១ នាក់ដំបូង កាលប្រកួតជើងទី ១ មិនត្រូវ​បាន​ដាក់​ឱ្យ​លេង ពេល​ប្រកួត​ជើង​ទី​២​ ជាមួយ​ក្រុម​ហ្គាម។

លោក ភា សុភ័ក្រ្តា បាន​បញ្ជាក់ថា៖ ​«ពួក​ខ្ញុំ បានជម្នះ​ខ្លាំងបំផុត​ ទៅ​លើ​បញ្ហា​នេះ ជាពិសេស​​ភ័យ​ខ្លាំង​បំផុត ខ្លាច​បញ្ហា​នេះ ជះឥទ្ធិពល​ទៅ​ដល់​ផ្លូវ​ចិត្តកីឡាករ​របស់​យើង​ផ្សេង​ទៀត នៅពេល​ប្រកួត ប៉ុន្តែ​អ្វីៗ វា​បែរ​ទៅ​ជាការ​លើកទឹក​ចិត្ត​ដ៏​ខ្លាំងទៅ​វិញ នៅពេល​កីឡាករ​ទាំង​៦ នាក់​នេះ បាន​ផ្ញើសារ ចូលទៅ​ក្នុង​គ្រុប ដើម្បី​លើកទឹក​ចិត្ត​​ដល់​កីឡាករ ដែលមាន​​ឱកាស​បាន​ចូល​លេង និង​ឈាន​ដល់​ការ​ទទួលបានជ័យជម្នះ»។

គួរ​បញ្ជាក់ថា តាម​រយៈការ​ប្រកួត នៅលើ​ទឹកដី​ប្រទេស​បារ៉ែន​នេះ ក្រុមជម្រើសជាតិ​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​ជម្រើសជាតិ​ហ្គាម ១-០ នៅ​ជើងទី​ ១ ដែល​រក​បាន ចាន់ វឌ្ឍនាកា ហើយ​បានបន្ត​យក​ឈ្នះ ២-១ នៅជើងទី ២ ដែល​ជា​ការ​រក​បាន​ម្នាក់ ​១ ​គ្រាប់​របស់ សុះ ស៊ូហាណា និង កែវ សុខផេង។

ជាមួយលទ្ធផល​ដ៏​ល្អនេះ បានជួយ​ឱ្យក្រុម​ធំជម្រើសជាតិ​កម្ពុជា ឈ្នះ​បាន​កៅអី ឡើង​ទៅ​ប្រកួតជុំ​ទី ​៣ នៃ​ពាន​​រង្វាន់ AFC Asian Cup 2023 ចំណែក​ក្រុម U23 ជម្រើសជាតិ​កម្ពុជា នឹង​​ត្រូវ​​បន្ត​ដំណើរ​ពីប្រទេស​បារ៉ែន ទៅកាន់​ប្រទេសជប៉ុន ដើម្បី​ចូល​រួមប្រកួតជម្រុះ​ពាន​រង្វាន់ AFC U23 ASIAN Cup នៅទី​នោះ ដោយ​ពួកគេ ត្រូវជួបក្រុម​ហុងកុង នៅ​ថ្ងៃទី​ ២៣ មុនពេល​​ប៉ះក្រុម​ម្ចាស់​ផ្ទះ ជប៉ុន នៅថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​២០២១៕