​ក្រុងប៉ារីស​: ក្រុម​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក បាន​ក្លាយជា​ក្រុមទី២ ដែលមាន​សិទ្ធិ​ទៅលេង​ជុំ​ចុងក្រោយ នៅក្នុង​ព្រឹត្តិការណ៍ World Cup 2022 បន្ទាប់ពី​បាន​យកជ័យ​ជម្នះ​លើ​ក្រុម​អូទ្រីស​ជាមួយនឹង​គ្រាប់​​បាល់​តែ ១ ​គ្រាប់ កាលពី​ថ្ងៃ​អង្គារ ខណៈដែល​ក្រុម​អង់គ្លេស ត្រូវបាន ក្រុម​ហុង​គ្រី​ធ្វើឱ្យ​ខក​​ចិត្ត សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ ប្រចាំ​តំបន់​អឺរ៉ុប នៅឯ​ពហុ​​កីឡដ្ឋាន Wembley​។​

១ ​គ្រាប់ ​ពី​ខ្សែបម្រើ Joakim Maehle ក្នុង​នាទី​ទី​៥៣ បាន​ជួយ​បញ្ជូន​ដា​ណឺ​ម៉ាក ឱ្យទៅ​បង្ហាញ​វត្ត​មាននៅ​ប្រទេស​កាតា នា​ឆ្នាំក្រោយ ខណៈដែល​ក្រុម​​រហស្សនាម «​ក្រហម​-​ស​» បាន​បង្កើតឱ្យមាន​នូវ​ការធ្វើដំណើរ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ កាលពី​ព្រឹត្តិការណ៍ Euro 2020 នៅ​រដូវក្ដៅ ដោយ​ការឡើង​ទៅដល់​វគ្គ ៤​ ក្រុម​ចុងក្រោយ​។​

«​អ្នក​អាច​ត្រឹម​តែមាន​ក្ដី​ស្រមៃ​ប៉ុណ្ណោះ​ពី​លទ្ធផល​ដូចនេះ​។ វា​ពិតជា​រំភើប​ណាស់​។ វា​ធំធេង​ណាស់ សម្រាប់​ខ្ញុំ សម្រាប់​ក្រុម សម្រាប់​វិស័យ​បាល់ទាត់​ដា​ណឺ​​ម៉ាក និង​សម្រាប់​ប្រជាជាតិ​ដា​ណឺ​ម៉ាក​។

ជាមួយនឹង​ជំនាន់ ព្រមទាំង​គុណភាព ដែល​យើង​មាន ពួកយើង​នឹង​ប្រសើរឡើងៗ​ជា​លំដាប់​ជាមិនខាន​»​។ នេះ​ជា​សម្ដី​របស់​ខ្សែបម្រើ​របស់​ក្រុម​​ដា​ណឺ​ម៉ាក Pierre-Emile Hojbjerg​។​

​លទ្ធផល​នេះ បានន័យថា ដា​ណឺ​ម៉ាកដែល​ឈរ​លេខ ១ ក្នុង​ពូ​ល F ដោយមាន ២៤​ ពិន្ទុ នឹងចូលរួម​ជាមួយ​ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ ដែល​ទទួលបាន​សិទ្ធិ​មុនគេ កាលពី​ថ្ងៃ​ចន្ទ ក្នុង​ជុំ​ចុង​ក្រោយ នៅ​ប្រទេស​កាតា ដែល​បាន​លេង​ដោយ​ស្វ័យប្រវត្តិក្នុងនាម​ជា​ម្ចាស់ផ្ទះ​។​

​ចំណែកឯ​ក្រុម​អង់គ្លេស ដែល​ស្ទើរតែ​រប៉ាត់រប៉ាយ​ដោយសារ​ការប្រយុទ្ធ​រប​ស់​ក្រុម​ហុង​គ្រី ទទួលបាន​លទ្ធផល​ស្មើ ១-១ តែប៉ុណ្ណោះ សម្រាប់​ការប្រកួត ប្រចាំ​ពូ​ល I ខណៈដែល​ការ​​ប្រកួត​នោះ ត្រូវបាន​ធ្វើឱ្យ​អាប់អួ​ជាមួយនឹង​រូបភាព​ដ៏​អាក្រក់ ក្នុង​ពហុ​កីឡដ្ឋាន Wembley ដោយសារ​អ្នកគាំទ្រ​របស់​ក្រុម​ភ្ញៀវ ប៉ះទង្គិច​ជាមួយ​ក្រុម​អ្នក​រក្សា​សន្តិសុខ និង​ប៉ូលិស​។​

​ក្រុម​តោ​កំណាច​របស់លោក Gareth Southgate តាម​ពីក្រោយ​ហុង​គ្រី ជាមួយនឹង​គ្រាប់​បាល់ ដែល​បានមកពី​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាករ Roland Sallai នៅ​នាទី​ទី​២៤ តែ​ខ្សែការពារ John Stones មានឱកាស​ទម្លុះ​សំណាញ់​ទី​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​តាម​ស្មើ​វិញនៅនាទី​ទី​៣៧​។​

​ខ្សែប្រយុទ្ធ Harry Kane មិនអាច​ស៊ុត​បញ្ចូល​ទី​បាន​សោះ ក្នុង​វគ្គ​ជម្រុះ​នេះជា​លើកដំបូង ក្នង ១៦ ​ហ្គេម ហើយ​ត្រូវបាន​ប្ដូរ​ចេញនៅ​ប្រមាណ​ជា ១៥ ​នាទីចុងក្រោយ ខណៈដែល​ការ​ការពារ​ដ៏​រឹងមាំ​របស់​ក្រុម​ហុង​គ្រី បានធ្វើឱ្យ​ក្រុម​អង់គ្លេស​មិនអាច​ចូល​កៀក​នឹង​បង្គោល​ទី​របស់ខ្លួន​ឡើយ បើទោះជា​ព្យាយាម​យ៉ាងណាក៏ដោយ​។​

​ក្រោយ​ក្រុម​អង់គ្លេស​មិនអាច​ដណ្ដើម ៣​ ពិន្ទុ ​បានគ្រូបង្វឹក​លោក Southgate បានលើកឡើង​យ៉ាងខ្លី​ថា​៖ «​យើង​មិន​បានល្អ ក្នុង​កម្រិត ដែល​យើង​ត្រូវការ​នោះឡើយ ពោលគឺ​ធម្មតាៗ ដូច​ឃើញ​នោះ​»​។​

​ដោយសារ​មិនអាច​មានជ័យ​​ជម្នះ អ៊ីចឹង​ក្រុម​ជើងឯក​រង នៅ Euro 2020 អង់គ្លេស នៅ​មិនទាន់​អាច​លេង​ដោយ​ស្រួល​ជើង ឬ​ធ្វេសប្រហែស​បានឡើយ ក្នុង ២ ​ហ្គេម​ចុងក្រោយ ទោះបីជា​ពេលនេះ ឈរ​លេខ ១ ក្នុង​ពូ​ល ដោយមាន ២០ ​ពិន្ទុ​ក៏ដោយ ព្រោះ​ក្រុម​លេខ ២ ប៉ូឡូញ កំពុង​តាម​ពីក្រោយ ៣​ ពិន្ទុ​។

​តែ​យ៉ាងណា ក្ដីសង្ឃឹម​ក្នុងការ​កក់​កៅអី ១ នៅ​ប្រទេស​កាតា របស់​ក្រុម​ជើងឯក World Cup ឆ្នាំ ​១៩៦៦ នៅតែ​ខ្ពស់​ដដែល ដោយសារ​គូប្រកួត ២​ ក្រុម​ចុង​ក្រោយ​របស់ខ្លួន​មិនជា​ខ្លាំង​ប៉ុន្មាន ជាពិសេស​ក្នុងជំនួប​ចុង​ក្រោយ ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​សាំង​ម៉ា​រ៉ាំ​ង​៕ AFP/VN