ភ្នំពេញ៖ ប្រដាល់​ជើង​ចាស់​មាន​ទម្លាប់​ប្រើ​ក្បាច់​នាគ​វាត់​កន្ទុយ​ ធា ​នុរាជ ​បាន​សុំ​ខ្លួន​ឡើង​ប្រ​កួត​ដណ្តើម​ប្រាក់​លាន​ប្រចាំ​សប្តាហ៍​ ក្នុង​កម្ម​វិធី​ប្រ​កួត ​នា​ល្ងាច​ថ្ងៃ​អាទិត្យ​ សង្វៀន​ថោន ​ខណៈ​ដែល​ដៃ​គូ​ប្រឈម​សុទ្ធ​តែជា​អ្នក​ប្រដាល់​វ័យ​ក្មេងជំនាន់​ក្រោយ មាន សូដា​ កូម៉ាន់​, សេក ​ធីណា​ និង ខុន ​បូឡា​ ប៉ុន្តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​សមត្ថភាព​ល្អ​ជាង​។ ចំណែក​ជើង​ខ្លាំង​វ័យក្មេង កាន់ ម៉េងហុង និង ពេជ្រ ប៊ុនសិដ្ឋ ត្រូវ​ដាក់​ឱ្យ​ប្រកួត​សងសឹកគ្នា ក្នុង​ការ​ប្រកួត​ម៉ាសហ្វៃ ១ ទឹកមាន​៩នាទី។

សិស្សគណ​​ក្លិប​ប្រដាល់​មកុដ​រាជ​សីហ៍​ ធា​ នុរាជ ​ជា​កីឡាករ​មាន​បទ​ពិសោធ ធ្លាប់​​ឡើង​សង្វៀន​ជាង ​១០ ​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​លេច​ធ្លោ ​ក្នុង​ការ​ប្រជែង​យក​គេ​ឈ្មោះ​ល្បី​បាន​នៅ​ឡើយ ​មិន​តែ​ប៉ុណ្ណោះ​ ​ក្នុង​ពេល​ថ្មីៗ​នេះ​ ធា នុរាជ ឡើង​ប្រ​កួត​ភាគ​ច្រើន ​បាន​លទ្ធផល​ចាញ់​ញឹក​ញាប់​ជាង​ឈ្នះ​ ប៉ុន្តែ​មិន​ងាយ​មាន​ដៃ​គូ​ណា​ផ្តួល​គេ​ឱ្យ​សន្លប់​នោះ​ឡើយ​។

សម្រាប់​ការ​ចូល​រួម​ប្រ​កួត​​ប្រជែង​ដណ្តើម​យក​ប្រាក់រង្វាន់​លេខ​ ​១ ចំនួន ៣,៤ ​លាន​រៀល ពី​កម្មវិធី​​នេះ ត្រូវ​បាន​​គេ​មើល​ឃើញ​ថា​ ធា ​នុរាជ ​ទំនង​ដូច​ជា​ផ្សង​សំណាង​ពេក​ហើយ​ ខណៈ​ដែល​វត្តមាន​កីឡាករ ​សូដា ​កូម៉ាន់​, សេក ​ធីណា ​និង ​ខុន ​បូឡា​ ហាក់​ដូច​ជា​មាន​សមត្ថភាព​ល្អ​ជាង​។​

លោក​ គង់ ​ចាន់​ធីណា​ ជាគ្រូ​បង្វឹក​ បាន​និយាយ​ថា​៖ «​ធា ​នុរាជ ​លំបាក​សង្ឃឹម​ឈ្នះ​ណាស់ ​ដោយ​សារ​តែ​កម្រិត​វិជ្ជា​គុន​ដូច​ជា​អស់​ឡើង ​ឬ​រីក​ចម្រើន​ ទៅ​មុខ​ហើយ ​គឺ​និយាយ​ទៅ​នៅ​តែ​កម្លាំង​កាយ​ និង​កម្លាំង​ចិត្ត​តែ​ប៉ុណ្ណោះ​ រីឯ​ស្នៀត ​និង​បច្ចេកទេស​ថ្មីៗ ​មិន​រីក​ចម្រើន​ទេ។ ​ទោះ​ជា​យ៉ាង​ណា ​គ្នា​ប្រឹង​ហាត់ ​ហើយ​ ​៣ ​ប្រ​កួត​ចុង​ក្រកោយ​​​នេះ គេបាន​​ចាញ់ ​សោម ​ពិសិដ្ឋ ​ចាញ់​ មាស ​សុជាតិ និង​​ឈ្នះ​ ផាន់ ​សុវណ្ណ»​។

ពេជ្រ ប៊ុនសិទ្ធ ត្រូវ​ប្រកួតជម្រះបញ្ជីចាស់​ជាមួយ កាន់ ម៉េងហុង ក្នុងគូម៉ាសហ្វៃ ១ ទឹក មាន​ ៩ នាទី។ រូប​ថត ថោន

ចំណែក ធា​ នុរាជ ដែល​​កំពុង​ហ្វឹក​ហាត់​ត្រៀមខ្លួននោះ បាន​​និយាយ​ថា​៖​ «មួយ​រយៈ​នេះ ខ្ញុំ​ប្រ​កួត​ចាញ់​ញឹក​ញាប់ ​ដោយ​សារ​ការ​ហ្វឹក​ហាត់ ​មិន​សូវ​បាន​ល្អ​ ​ព្រោះ​ជាប់​រត់​តុតុ​ផង ​ហើយ​ពេល​វិល​មក​វិញ ​ជួយ​មើល​កូន ​និង​ជួយ​លក់​ដូរ​ប្រ​ពន្ធ ​ធ្វើ​ឱ្យ​​ម៉ោង​ហ្វឹក​ហាត់​ មាន​តិច​ពេក​ ប៉ុន្តែ​​សម្រាប់​ការ​ប្រ​កួត​លើក​នេះ ​ខ្ញុំ​ហាត់​ត្រៀម​បាន​ល្អ ​ដោយ​សង្ឃឹម​ឈ្នះ​៧០​ភាគ​រយ»​។​

ចំពោះ​លោក ​សេក ​គឹម​ស៊ន ​គ្រូ​បង្វឹក​របស់ ​សេក ​ធីណា​ បាន​និយាយ​ថា​៖ ​«កូន​សិស្ស​ខ្ញុំ​ទៅ​ប្រ​កួត​ ដឹង​តែ​វ៉ៃ​អស់​ពី​សមត្ថភាព រីឯ​បញ្ហា​ចាញ់​ ឬ​ឈ្នះ​ មិន​ទាន់​ហ៊ាន​និយាយ​មុន​ឡើយ​ ហើយ​នៅក្នុង​បេក្ខភាព​ទាំង​ ៤ នាក់នេះ ខ្ញុំមើល​ឃើញ​ថា ​សូដា​ កូម៉ាន់ ​ជា​ឧបសគ្គ ​ក្នុង​ការ​ប្រជែងជាងគេ»​។

ជាមួយ​គ្នា​នេះ អ្នក​ស្រី​ ​សុខ សុខុម ​អ្នក​មើល​ថែ​ទាំ​កីឡាករ​ ខុន​ បូឡា​ និយាយ៖​ «​តាម​ខ្ញុំ​មើល​ សមត្ថភាព​អ្នក​ប្រដាល់​ទាំង​ ៤​ នាក់​នេះ​ ខ្ញុំ​គិត​ថា ​ខុន ​បូឡា ​ល្អ​ជាង ​គឺ​និយាយ​ទៅ​ ខ្ញុំ​សង្ឃឹម​ឈ្នះ​តែ​ម្តង​»។​ ចំណែក​ សូដា​ កូម៉ាន់​ មិន​អាច​សុំ​សម្ភាស​បាន​ទេ​ ប៉ុន្តែ​មួយ​រយៈ​នេះ​ ប្រកួត​បាន​ល្អ ​និង​ភាគ​ច្រើន​ឈ្នះ​។​

លោក​ ជួប ​វុត្ថា ​អ្នក​ផ្គូ​ផ្គងកីឡាករ​ប្រចាំ​នៅសង្វៀន​ថោន បាន​​និយាយ​ថា​៖ «​តាម​ខ្ញុំ​មើល​មិន​អាច​មើល​រំលង​កីឡាករ​ជើង​ចាស់​បាន​ទេ​។ ​ធា ​នុរាជ ​បើ​ហាត់​បាន​ល្អ ​​គឺ​មិន​អាច​វាយ​តម្លៃ​មុន​បាន​ទេ​​ ព្រោះ​ទោះ​បី​កន្លង​មក គាត់​​ធ្លាប់​ចាញ់​ញឹក​ញាប់ ​ប៉ុន្តែ​គ្មាន​នរណា​ងាយ​នឹង​ផ្តួល​គាត់​ឱ្យ​​សន្លប់​បាន​ឡើយ​។ ហេតុនេះ​​សម្រាប់​ខ្ញុំ ​នៅ​តែ​គិត​ថា ​កីឡាករ​ជើង​ចាស់​ ​មាន​ស្នៀត​ការ​ពារ​បាន​ល្អ​ ហើយ​បើ​កម្លាំង​នៅ​ថេរ​ល្អ​វិញ ​ជើង​ថ្មី​ខ្លះ ​ពិត​ជា​លំបាក​យក​ឈ្នះ​ណាស់»​។​

យ៉ាង​ណាមិញ ការ​វិលមកជួបគ្នា​រវាង ​ពេជ្រ​ ប៊ុន​សិទ្ធ ​និង ​កាន់ ​ម៉េង​ហុង ​លក្ខណៈ​ម៉ាសហ្វៃ រយៈ​ពេល ​៩ នាទី ត្រូវបានគេគិត​ថា នឹងក្លាយជាការ​ប្រកួត ដែលមានការ​ជក់ចិត្តខ្លាំង ព្រោះ​អ្នកទាំង​២នេះ សុទ្ធតែ​កីឡាករ​មាន​ភាព​ស៊ូ ហើយ​វ៉ៃ​មិនដក​ថយ​ដូចគ្នា ជាពិសេស ពេជ្រ ប៊ុនសិទ្ធ ​ខណៈការ​ជួបគ្នា ២ លើក កន្លងមក ក្នុងការ​ប្រកួត​គុនខ្មែរ គឺ​​ពួក​គេ​ឈ្នះ​ម្នាក់​ ១ ​លើក៕