​ភ្នំពេញ​: គណៈកម្មាធិការ​ប្រតិបត្តិ នៃ​សហព័ន្ធ​កីឡា​បាល់​​ទាត់​កម្ពុជា (FFC) ក្រោម​ការ​​ដឹកនាំ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានប្រកាស​សម្រេច​តែងតាំង​លោក សា​តូ​ស៊ី សៃ​តូ (Satoshi Saito) ឱ្យធ្វើជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា ដែល​ទើប​ត្រូវបាន​បង្កើតឡើង ដើម្បី​ធានា​នូវ​ការអភិវឌ្ឍ និង​ភាពជោគជ័យ សម្រាប់​បាល់ទាត់​កម្ពុជា នៅ​ថ្ងៃ​អនាគត រួមទាំង​គោលដៅ ដែល​បាន​កំណត់ទុក សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម ក្នុង​ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​។​

​លោក សៅ សុខា បាន​ថ្លែង តាម​សេចក្តីប្រកាស​របស់ FFC កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​នេះ គឺជា​យុគសម័យ​ថ្មី​មួយនៃ​បាល់​​ទាត់​កម្ពុជា ហើយ​បើ​យើង​សម្លឹងមើល​ប្រទេស ដែលមាន​បាល់ទាត់​ឈានមុខ ជុំវិញ​ពិភព​​លោក គឺ​ការ​មាន​លី​គ​អាជីព​ប្រកបដោយ​គុណភាព​ខ្ពស់ នឹង​រួមចំណែក​នូវ​ភាពជោគជ័យ​របស់​ក្រុម​ជម្រើសជាតិ និង​ពង្រឹង​ប្រព័ន្ធ​អេកូ​បាល់ទាត់ (Football Ecosystem) បាន​កាន់តែ​ប្រសើរ​ទៀតផង​»​។

​ប្រធាន FFC រូបនេះ បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ជឿជាក់ថា លោក សា​តូ​ស៊ី ដែលមាន​បទពិសោធ​ច្រើន ក្នុងការ​គ្រប់គ្រង​កីឡាបាល់ទាត់ ជា​បុគ្គល​ ១ ​រូប ដែល​ស័ក្តិសម​បំផុត ក្នុងការ​តម្រង់​អនាគត​របស់​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា ដែល​ទើប​បង្កើត​ថ្មី​នេះ និង​ធ្វើការ​យ៉ាង​ជិត​​ស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​របស់​យើង ដើម្បី​ភាពជោគជ័យ​ថ្មី​មួយទៀត នៅក្នុង​វិស័យ​បាល់​​ទាត់​កម្ពុជា​»​។

​ជាមួយគ្នានេះដែរ នាយក​​ប្រតិបត្តិ​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា លោក សា​តូ​ស៊ី សៃ​តូ ដែលមាន​បទ​ពិដ​សោធ ធ្លាប់​ធ្វើជា​អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សារ​នៅ​ក្លិប FC Barcelona, ​ធ្វើជា​អនុ​ប្រធាន​នៃ​ការិយាល័យ​បេស​ក​​កម្ម​ពិសេស នៅ​សមាគម​កីឡាបាល់ទាត់​ជប៉ុន (JFA), ធ្វើជា​នាយក​ទីផ្សារ នៅ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) និង​ជាទី​ផ្សារ​ប្រឹក្សា​របស់ FIFA ហើយក៏​ទើបតែ​បាន​បង្កើត​កា​រិ​ល័យ​តំណាង​នៅ​ជប៉ុន សម្រាប់​ទីផ្សារ GMR ដែលជាទីភ្នាក់ងារ​កីឡាមាន​ឯកទេស ក្នុង​សកម្មភាព​ឧបត្ថម្ភ សម្រាប់​កីឡា​អូឡាំពិកនៅ​ទីក្រុង​តូ​ក្យូដែរនោះ បាន​ប្តេជ្ញា​ថា នឹង​ជួយ​នាំយក​ភាពជោគជ័យ​បន្ថែមទៀត​ដល់​បាល់ទាត់​ខ្មែរ​។​

​លោក សា​តូ​ស៊ី បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​បានឃើញ​ពី​ការ​​ផ្លាស់ប្ដូរ​របស់​បាល់ទាត់​កម្ពុជា​ក្នុង​រយៈពេល ៨​ ឆ្នាំ​ចុង​ក្រោយនេះ​។ វា​គឺជា​កិត្តិយស​ដ៏​ធំធេង​របស់ខ្ញុំ ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​នេះ​ដើម្បី​នាំមក​នូវ​ភាព​​រុងរឿង​ដល់​បាល់ទាត់​កម្ពុជា​។ ខ្ញុំ​សូម​សម្ដែង​នូវ​សេចក្ដី​អរគុណ​យ៉ាង​ក្រៃលែង ចំពោះ​ទំនុកចិត្ត និង​ភាពជឿជាក់​ដ៏​ធំធេង​លើ​រូប​​ខ្ញុំ ពី​ឯកឧត្តម​ប្រធាន និង​សមា​​ជិ​ក​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ FFC»​។

​លោក សា​តូ​ស៊ី សៃ​តូ បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​ដូច្នេះ​ថា​៖ «​ដំណើរ​ឆ្ពោះទៅមុខ​ក្នុងស្ថានភាព​ជំងឺ​រាតត្បាត​នេះ អាទិភាព​របស់ខ្ញុំ គឺ​ការវាយតម្លៃ​ឡើងវិញ អំពី​ការរៀបចំ​លី​គ ក្នុងនោះ​មាន​ទាំង​រចនាសម្ព័ន្ធ ដើម្បី​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវការគ្រប់គ្រង និង​សហការ​ជាមួយ​ក្លិប​ជា​សមាជិក ដើម្បី​លើកកម្ពស់ និង​ពង្រឹង​នៃ​ប្រតិ​​ប​ត្តិ​ការ​ទូទៅ និង​បង្កើន​ចំណងមិត្តភាព​របស់​យើងនៅក្នុង​កិច្ច​ទំនាក់ទំនង​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​រួមគ្នា​ផ្លាស់ប្ដូរ និង​អភិវឌ្ឍ​វិស័យ​បាល់ទាត់​កម្ពុជា​របស់​យើង ប្រកបដោយ​ចីរភាព និង​និរន្ដរភាព​។ ខ្ញុំ​ប្តេជ្ញា​ចំពោះ​ផែនការ​នេះ ហើយ​បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ធ្វើការ​ជាមួយ​ក្លិប​សមាជិក និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​នាំយក​នូវ​ភាព​​ជោគជ័យ​បន្ថែមទៀត ដល់​បាល់ទាត់​កម្ពុជា​»៕​