ក្រុងម៉ាឌ្រីដ: តុលាការក្រុងម្រ៉ាឌីដ កាលពីថ្ងៃពុធ បានប្រកាសឱ្យដឹងថា បានបញ្ជាឱ្យដាក់ពន្ធនាគារចំពោះខ្សែការពារ Lucas Hernandez របស់ក្រុមជម្រើសជាតិបារាំង និងក្រុម Bayern Munich ពាក់ព័ន្ធនឹងការរំលោភលើបទបញ្ជាហាមឃាត់ ក្នុងឆ្នាំ ២០១៧។
កីឡាករ Hernandez ដែលបានឈ្នះជយលាភីពាន World Cup 2018 ជាមួយក្រុមបារាំង ត្រូវបានកោះហៅឱ្យទៅបង្ហាញខ្លួនចំពោះមុខតុលាការ នៅថ្ងៃអង្គារក្រោយ តែរូបគេបានប្ដឹងតវ៉ានឹងការសម្រេចនោះ។ រូបគេនឹងមានពេលវេលា ១០ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ខែតុលា តទៅ ក្នុងការព្រមព្រៀងដើរចូលមន្ទីរឃុំឃាំងដោយស្ម័គ្រចិត្ត។
នៅអេស្ប៉ាញអ្នកដែលត្រូវបានកាត់ទោសជាប់ពន្ធនាគារក្រោម ២ ឆ្នាំ ជាទូទៅមិនចាំបាច់នៅក្នុងគុកឡើយ តែក្នុងករណីនេះ ដោយសារវាជាការប្រព្រឹត្តកំហុសដដែលៗ ដូច្នេះ កីឡាករ Hernandez ត្រូវបានបញ្ជាឱ្យអនុវត្តបែបនោះ។
កីឡាករវ័យ ២៥ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពី ៤ ឆ្នាំមុន ពីបទរំលោភលើដីកាបង្គាប់របស់តុលាការ ដែលហាមឃាត់រូបគេមិនឱ្យមានការទាក់ទង ឬពាក់ព័ន្ធជាមួយគូស្នេហ៍របស់គេ ក្រោយពីមានការឈ្លោះប្រកែកបែបហិង្សារវាងអ្នកទាំង ២។
ក្នុងខែធ្នូ ឆ្នាំ ២០១៩ Hernandez ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៦ ខែ ពីបទល្មើសនឹងបទបញ្ជាហាមឃាត់នេះ នៅពេលដែលបានឃើញស្វាមីភរិយាគូនេះ ធ្វើដំណើរមកដល់ក្រុងម៉ាឌ្រីដ បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ហើយ។
កាលពីខែកុម្ភៈ ឆ្នាំ ២០១៧ កីឡាករដែលមានកម្ពស់ ១,៨៤ ម៉ែត្ររូបនេះ ត្រូវបានចាប់ខ្លួន ក្រោយពីមិត្តស្រី នាកាលនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារមានរងរបួសស្រាល បន្ទាប់ពីមានការឈ្លោះប្រកែករវាងអ្នកទាំង ២។ មិនមានភាគីណា ធ្វើការប្ដឹងផ្ដល់គ្នានោះឡើយ តែអ្នកទាំង ២ ត្រូវបានព្រះរាជអាជ្ញារបស់ប្រទេសអេស្ប៉ាញ ធ្វើការចោទប្រកាន់។
បន្ទាប់មក Hernandez ដែលកាលនោះ ជាកីឡាកររបស់ក្រុម Atletico Madrid និងសង្សារ ត្រូវបានសម្រេចឱ្យធ្វើកិច្ចការសហគមន៍រយៈពេល ៣១ ថ្ងៃដូចគ្នា ហើយពួកគេក៏ត្រូវបញ្ជាផងដែរ មិនឱ្យមានទំនាក់ទំនងជាមួយគ្នារយៈពេល ៦ ខែ។ តែ ៤ ខែក្រោយមក ភាគីខាងប្រុស ត្រូវបានចាប់ខ្លួននៅឯព្រលានយន្តហោះ នាទីក្រុងម៉ាឌ្រីដ។
សម្រាប់កីឡាករ Hernandez ក៏ជាកីឡាករម្នាក់ក្នុងចំណោមកីឡាកររបស់ក្រុមជម្រើសជាតិមាន់គកបារាំង ដែលបានឈ្នះពាន Nations League កាលពីសប្ដាហ៍មុន ហើយរូបគេក៏បានក្លាយជាកីឡាករថ្លៃបំផុតផងដែរ ក្នុងប្រវត្តិសាស្ត្ររបស់ក្របខ័ណ្ឌ Bundesliga ពេលដែលគេបានមកចូលរួមជាមួយក្លិបយក្សអាល្លឺម៉ង់ Bayern ដោយការចាកចេញពី Atletico ក្នុងឆ្នាំ ២០១៩ ជាមួយនឹងតម្លៃខ្លួនប្រមាណ ៨០ លានអឺរ៉ូ (៩២,៥ លានដុល្លារ)៕ AFP/VN