​ក្រុង​ហ្សួ​រិច​: សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) បាន​រំពឹង​កាន់តែ​ខ្ពស់​ថា នឹងមានការធ្វើជា​ម្ចាស់ផ្ទះ​រួម​ពី​ប្រទេសអ៊ី​ស្រា​អែល សម្រាប់​ព្រឹត្តិការណ៍ World Cup នាពេលខាងមុខ ដោយ​រដ្ឋបាល​របស់​នា​យក​រដ្ឋ​​មន្ត្រីអ៊ីស្រា​អែល លោក Naftali Bennett កំពុង​ពិចារណា​លទ្ធភាព​នៃ​ការដេញថ្លៃ​សុំ​សិទ្ធិ​រៀបចំ​ការប្រកួតប្រជែង​ដ៏​ធំ​ផ្នែក​បុរស​នេះ ក្នុង​ឆ្នាំ ​២០៣០​។​

​ប្រធាន FIFA លោក Gianni Infantino បានបញ្ចប់​ទស្សន​​កិច្ច​រយៈពេល​ ២ ​ថ្ងៃ ក្នុងប្រទេសអ៊ី​ស្រា​អែល នៅ​ថ្ងៃ​អង្គារ ដោយ​ការជួប​ជាមួយ​លោកនាយក​មន្ត្រី Bennett និង​ប្រ​ធានា​ធិ​ប​តី លោក Isaac Herzog​។​

​អ្នកដឹកនាំ​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក​រូបនេះ ត្រូវបាន​សួរក្នុង​ដំណើរ​ទស្សន​​កិច្ច​របស់គាត់ ពី​លទ្ធភាព​របស់​ប្រទេស​អ៊ី​ស្រា​អែល ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​របស់ FIFA នេះ​។​

​តាម​សេចក្ដីប្រកាស​របស់ FIFA លោក Infantino បានឱ្យដឹងថា​៖ «​អ្នក​ត្រូវតែមាន​ទស្សនវិស័យ ក្ដី​ស្រមៃ និង​មហិច្ឆតា​។ នៅ​ប៉ុន្មាន​ខែ​កន្លងទៅ​ថ្មីៗ​នេះ ខ្ញុំ​ស្ថិត​នៅឯ​ក្រុង​ឌូ​បៃ ដែល​នៅ​ទីនោះ សហព័ន្ធ​បាល់ទាត់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​សហព័ន្ធ​បាល់ទាត់​អ៊ី​ស្រា​អែល បាន​ឈានដល់​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​»​។​

«​ខ្ញុំ​គិតថា ការធ្វើជា​សហ​​ម្ចាស់ផ្ទះ នៅពេល​អនាគត ដូច្នេះហេតុអ្វី​មិន​សាកល្បង​ស្រមៃ និង​គិតពី​រឿងនេះ​ល​មើល ពោលគឺ​មិន​ថា ក្នុង​កម្រិត​យុវជន ឬក៏​កម្រិត​មនុស្សពេញវ័យ បុរស ឬក៏​ស្ត្រី​នោះឡើយ ពីព្រោះ​ព្រឹត្តិការណ៍ FIFA World Cup មាននូវ​ថាមពល​អាថ៌កំបាំង​ពិសេស ក្នុងការ​នាំឱ្យ​ប្រជាជន​មក​រួមគ្នា និង​នាំឱ្យ​មនុស្ស​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​»​។​

​ក្នុង​សេចក្ដីប្រកាស​របស់​ប្រទេសអ៊ី​ស្រា​អែល រដ្ឋបាល​របស់លោក Bennett បានឱ្យដឹងថា​៖ «​ប្រធាន FIFA បានលើកឡើង​នូវ​គំនិត​ថា ប្រទេសអ៊ី​ស្រា​អែល គួរតែ​ធ្វើជា​ម្ចាស់ផ្ទះ World Cup ក្នុង​ឆ្នាំ ​២០៣០ រួមជាមួយ​ប្រទេស​ណាមួយ ក្នុង​តំបន់ ដែល​នាំមុខ​ដោយ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​»​។​

​តំបន់​មជ្ឈិមបូព៌ា​កំពុង​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ផ្នែក​បុរស​ដណ្ដើមពាន World Cup 2022 ក្នុងប្រទេស​កាតា ដែល​នឹង​រៀបចំឡើង​ក្នុង​ចន្លោះ​ខែវិច្ឆិកា និងខែធ្នូ នា​ឆ្នាំក្រោយ​។

FIFA មាន​គម្រោង ក្នុងការ​ជ្រើសរើស​ប្រទេស ដែល​នឹង​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ឆ្នាំ​ ២០៣០ ក្នុង​ឆ្នាំ​ ២០២៤ ខាងមុខនេះ ហើយ​ជាមួយគ្នានេះ​នៅឯ​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំ​ដោយ​កាសែត Jerusalem Post លោក Infantino បាន​គូសបញ្ជាក់​ពី​ទំហំ​នៃ​ការ​​ដំណើរការក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ សម្រាប់​ព្រឹត្តិការណ៍ World Cup ផងដែរ​៕ AFP/VN​