ភ្នំពេញ៖ ក្រុមជម្រើសជាតិ​បាល់​ទះ​កម្ពុជា ដែល​ភាគ​ច្រើនបំផុតជា​កីឡាករ​របស់​ក្លិប​វិសាខា នោះ បានយក​ក្រុមជម្រើសជាតិសិង្ហបុរី ​ទាំង​លំបាក ក្នុង​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ ជា​លើកដំបូង នៅ​​កីឡដ្ឋាន​ព្រីនស៍ កាលពី​យប់​ថ្ងៃសៅរ៍ មុនពេល​​ពួកគេ​ត្រូវ​ប្រកួតជម្រុះ​តាមពូល នៃ​ព្រឹត្តិការណ៍​បាល់​ទះ​ដណ្តើម​​ពាន​​រង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ​២០២២ តំណាង​ឱ្យក្រុម​វិសាខា វិញ នៅ​​ថ្ងៃ​អាទិត្យ​​នេះ។

សម្រាប់ការ​ប្រកួតមិត្ត​ភាពយ៉ាងស្វិត​ស្វាញ កាល​ពី​យប់​​ថ្ងៃសៅរ៍ ម្សិលមិញ ក្រុម​ជម្រើស​​ជាតិ​បាល់​ទះកម្ពុជា និង​ក្រុមជម្រើសជាតិសិង្ហបុរី ត្រូវបាន​កំណត់​ឱ្យ​លេងត្រឹម ​៣ សិត​ទេ ហើយជា​លទ្ធផល ក្រុម​ម្ចាស់​ផ្ទះកម្ពុជា បាន​យក​ឈ្នះ ដោយ​លទ្ធផល ២-១ ប៉ុន្តែ​ជ័យជម្នះនេះ បាន​​កើតមាន​​ឡើង​ទាំង​លំបាកបំផុត។

ក្រុម​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​សិង្ហបុរី ជាមួយគ្រាប់បាល់ ២៥-២៣ នៅសិតទី ​១ ប៉ុន្តែ​នៅ​សិត​ទី ​២ ក្រុម​​សិង្ហបុរី បាន​វាយបក​យក​ឈ្នះ​​ ២៥-២២ វិញ​។ តែទោះបីជា​យ៉ាង​ណា នៅ​ក្នុង​​ការ​ប្រកួតកាត់សេចក្តីសិត​ទី ​៣ ក្រុម​កម្ពុជា បាន​​យក​ឈ្នះ​ទៅលើក្រុម​សិង្ហបុរី ជាមួយ​គ្រាប់បាល់ ២៧-២៥។

ជាមួយ​ជ័យជម្នះនេះ បានបង្ហាញ​ថា ក្រុម​ជម្រើសជាតិ​កម្ពុជា អាច​រក្សាបាន​​ភាព​ខ្លាំង ក្នុង​ផ្ទះ​ខ្លួន​ឯង នៅក្នុងការ​ប្រកួត​មិត្ត​ភាពអន្តរជាតិ ជា​លើកដំបូង បន្ទាប់ពី​ពួកគេ បាន​ឈ្នះមេដាយ​សំរឹទ្ធ នៅក្នុងការ​ប្រកួតស៊ីហ្គេម លើក​ទី ​៣១ ឆ្នាំ​ ២០២១ នៅ​ប្រទេស​វៀតណាម កាលពី​ខែ​ឧសភា ឆ្នាំ​ ២០២២ នេះ។

នៅ​ក្រោយ​ការ​ទទួលបានជ័យជម្នះ​យ៉ាង​រំភើប​នេះ ក្រុមជម្រើសជាតិកម្ពុជា នឹង​ត្រូវ​ប្តូរ​ឯកសណ្ឋាន ដើម្បី​លេង​ឱ្យក្រុម​វិសាខា វិញ ដោយពួកគេ នឹង​ត្រូវ​ប្រកួតបើក​ឆាក​​ប្រចាំពូល​ A ជាមួយ​ក្រុមរដ្ឋបាលរាជធានី​ភ្នំពេញ ​នៅកីឡដ្ឋាន​ព្រីនស៍ នា​ម៉ោង ៧ យប់​ថ្ងៃអាទិត្យនេះ គឺ​បន្ទាប់ពី​ការ​ប្រកួតបើក​ឆាក​ប្រចាំពូល ​C រវាង​ក្រុម​​​កូនាគឧត្តរ និង​ក្រុមកងពលធំ​អន្តរាគមន៍លេខ​៣ ដែល​ចាប់​ផ្តើម​ពី​ម៉ោង ​៥​ តទៅ។

ចំណែក​ការ​ប្រកួត​បើក​ឆាក​ប្រចាំពូល ​B ប្រចាំព្រឹត្តិការណ៍​​ពាន​រង្វាន់​សម្តេច ហ៊ុន សែន នេះ កាល​ពី​ថ្ងៃសៅរ៍ ម្សិលមិញ​ ក្រុម​បញ្ជាការ​ដ្ឋាន​អង្គរក្ស បានចាញ់បង់ ក្រុមស្នងការនគរ​បាល​ខេត្តត្បូងឃ្មុំ ជាមួយ​គ្រាប់ ២៥-២២ នៅ​សិតទី​​១ ប៉ុន្តែ​​​ពួកគេ បាន​វាយបក​យក​ឈ្នះ ​៣ សិតដាច់​វិញ ជាមួយ​គ្រាប់បាល់ ២៥-២៣ ២៥-១៩ និង ២៥-១១ ដើម្បី​ទទួល​បាន ៣ ពិន្ទុ​យ៉ាងរំភើបបំផុត។

ជាមួយគ្នា​នេះ លោកឧត្តម​នាយឧត្តម​សេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់​ទះកម្ពុជា បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ ទៅ​ដល់​គ្រប់​ភាគីពាក់ព័ន្ធ ជាពិសេស​ក្រុមមន្រ្តី​បច្ចេកទេស​របស់សហព័ន្ធ​ផ្ទាល់ ដែល​ប្រឹងប្រែង​រៀបចំឱ្យមានការ​ប្រកួត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន នេះ​ ស្របពេល​​វិស័យកីឡា​បាល់​ទះនៅ​កម្ពុជា កំពុង​​បោះ​ជំហ៊ាន​លេច​ធ្លោ​​គួរ​ជាទីមោទនភាព ជាក់​ស្តែងការ​ឈ្នះ​បានមេដាយសំរឹទ្ធ ជា​លើកដំបូង ​ក្នុង​ការ​​ប្រកួតស៊ីហ្គេម លើក​ទី​ ៣១ នៅ​ប្រទេស​វៀតណាម កន្លងមកនេះ។

លោក នេត សាវឿន បាន​ថ្លែង​ថា៖ ​«​ការ​ដណ្តើម​បាន​បានមេដាយសំរឹទ្ធ នៅ​ស៊ីហ្គេម កន្លង​​មក​នេះ បាន​ធ្វើឱ្យប្រទេស​នៅក្នុង​តំបន់ និង​សកល​លោក ទទួល​ស្គាល់​ពី​វិស័យបាល់​ទះ​របស់​​យើង។ ទោះបីជា យើងនៅមិនទាន់​មាន​មេដាយមាស ប៉ុន្តែ​សមិទ្ធផល​នេះ ជាសក្ខីកម្ម បង្ហាញ​​ឱ្យ​​ឃើញ​ពីការ​ឈាន​ឡើង​របស់​កីឡាបាល់​ទះកម្ពុជា ដែល​រាប់ទសវត្សរ៍​កន្លងមក ប្រទេស​​កម្ពុជា មិន​ដែល​ទទួលបាន​ចំណាត់ថ្នាក់ល្អ នៅក្នុងតំបន់​ម្តងណា​ឡើយ»។

លោក​បានបញ្ជាក់​ថា៖ «ក្នុងនាមសហព័ន្ធកីឡាបាល់​ទះកម្ពុជា ខ្ញុំ​សូមចាត់ទុក​ ការ​រៀបចំ​ពាន​រង្វាន់​ជា​ច្រើន​កន្លងមក ជាពិសេស​​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២​នេះ ជាឱកាស​មួយ​ ដែល​ធ្វើ​ឱ្យ​យើងចម្រាញ់​បាន​កីឡាករ ដែល​មានសមត្ថភាព ដើម្បី​ឈាន​ទៅ​សម្រេច​ គោល​បំណង​​ដណ្តើម​មេដាយមាស​ ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី​ ៣២ ឆ្នាំ ​២០២៣ ដែល​​ព្រះរាជា​ណាចក្រ​​កម្ពុជា ធ្វើជា​ម្ចាស់​ផ្ទះ»៕