ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ី សាអ៊ូឌីត បានបង្កើតឲ្យមានការភ្ញាក់ផ្អើលមួយក្នុងចំណោមការភ្ញាក់ផ្អើលដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ World Cup កាលពីថ្ងៃអង្គារ តាមរយៈការផ្តួលក្រុមជើងខ្លាំងអាហ្សង់ទីន របស់ Lionel Messi ក្នុងលទ្ធផល ២-១ ប៉ុន្តែ ក្រុមជម្រើសជាតិបារាំង បានផ្តើមការការពារពានរបស់ខ្លួនទាំងការជឿជាក់។
អាហ្សង់ទីន បានធ្វើដំណើរទៅដល់ប្រទេសកាតា ជាមួយនឹងកំណត់ត្រាមិនស្គាល់ចាញ់សោះចំនួន ៣៦ ប្រកួតជាប់ៗគ្នា និងទំនងដូចជាស្ថិតលើផ្លូវឆ្ពោះទៅកាន់ការដណ្តើមបានជ័យជម្នះដ៏ងាយទៅហើយ ក្រោយពី Messi បានរកបានគ្រាប់បាល់បើកឆាកនៅនាទីទី១០ តាមរយៈការស៊ុតបាល់ប៉េណាល់ទី។
ក្រុមម្ចាស់ជើងឯក Copa America របស់លោក Lionel Scaloni ស្ទើរតែបានធ្វើឲ្យអារ៉ាប៊ី សាអ៊ូឌីត អស់សមត្ថភាពក្នុងការវាយបកវិញនៅត្រឹមតង់ទី១ ទៅហើយ ប៉ុន្តែ ការបន្ថែមគ្រាប់បាល់បញ្ចូលទី៣ គ្រាប់ទៀតរបស់ពួកគេ ត្រូវបានចាត់ទុកថា ជាបាល់ Offside។
អារ៉ាប៊ី សាអ៊ូឌីត ដែលមានចំណាត់ថ្នាក់លេខរៀងទី៥១ ក្នុងពិភពលោកនោះ បានតាមស្មើវិញនៅនាទី ទី៤៨ នៅមុនពេលបំពេញការវាយបកវិញនៅនាទី ទី៥៣ ដើម្បីបំបិទមាត់ក្រុមអ្នកគាំទ្ររបស់អាហ្សង់ទីនតែម្តង។

ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលបានធ្លាក់ចេញត្រឹមវគ្គចែកពូល ក្នុងឆ្នាំ ២០០២ នោះ នឹងធ្លាក់ចេញយ៉ាងឆាប់រហ័ស នៅត្រឹមថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ប្រសិនបើពួកគេរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិម៉ិកស៊ិក។
Messi ដែលមិនធ្លាប់ឈ្នះពាន World Cup សោះ បាននិយាយថា៖ «វាជាលទ្ធផលដ៏ខកចិត្តមួយ និងជាការចាញ់ដែលផ្តល់នូវការឈឺចាប់ ប៉ុន្តែយើងត្រូវតែបន្តមានការជឿជាក់លើខ្លួនយើង»។
ស្របពេលជាមួយគ្នានេះ ខ្សែប្រុយុទ្ធ Olivier Giroud បានចូលរួមជាមួយនឹងអតីតវីរបុរស Thierry Henry ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេបំផុតរបស់បារាំង ក្រោយពីបានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ ក្នុងពេលដែលក្រុមម្ចាស់ការពារជើងឯករបស់គេបានវាយបក ដើម្បីផ្តួលក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងលទ្ធផល ៤-១ និងធ្វើឲ្យការការពារពាន World Cup របស់ពួកគេចាប់ផ្តើមទាំងការជឿជាក់ កាលពីថ្ងៃអង្គារ៕ AFP