The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជប៉ុន ធ្វើ​ឱ្យ​អាល្លឺ​ម៉ង់បន្ត​ជួប​ភាព​ឈឺ​ចាប់​ក្នុង World Cup ខណៈ​អេ​ស្ប៉ាញ លត់ កូស្តារីកា ចាស់ដៃ

ជប៉ុន ធ្វើ​ឱ្យ​អាល្លឺ​ម៉ង់បន្ត​ជួប​ភាព​ឈឺ​ចាប់​ក្នុង World Cup ខណៈ​អេ​ស្ប៉ាញ លត់ កូស្តារីកា ចាស់ដៃ

Content image - Phnom Penh Post
ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ជប៉ុន Takuma Asano (ស្តាំ) អប​អរ​ជាមួយនឹង​មិត្ត​រួមក្រុម ក្រោយពី​រក​បាន​គ្រាប់បាល់ទី​២​ របស់​ក្រុមខ្លួន អំឡុង​ការ​ប្រកួត​​ជាមួយនឹង​អាល្លឺម៉ង់ ក្នុង World Cup ពូល E។ AFP

ជប៉ុន ធ្វើ​ឱ្យ​អាល្លឺ​ម៉ង់បន្ត​ជួប​ភាព​ឈឺ​ចាប់​ក្នុង World Cup ខណៈ​អេ​ស្ប៉ាញ លត់ កូស្តារីកា ចាស់ដៃ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន បាន​បំពេញ​​ការ​វាយ​បក​ដ៏មិននឹក​ស្មាន​ដល់ដើម្បី​ផ្តល់​ការ​ឈឺ​ចាប់​នៅ​ថ្ងៃ​បើកឆាក​នៃ​យុទ្ធនាការ World Cup ដល់ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់ តាមរយៈ​កា​រយកឈ្នះ​ក្នុង​លទ្ធ​ផល ២-១ កាលពីថ្ងៃពុធ ក្រោយ​ពី​ក្រុម​ម្ចាស់​ជើង​ឯក​ពិភព​លោក ​៤ ​សម័យ​​កាល​មួយនេះ បាន​​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​​ការ​បដិ​សេធ​របស់សហ​ព័ន្ធកីឡា​បាល់ទាត់​អន្តរ​ជាតិហៅ​កាត់ថា FIFA លើ​ករណី​ពាក់​បូរឥន្ធនូរ​ត្រង់​ដៃ​របស់​ពួក​គេ​​។

ស្រប​ពេល​ជាមួយ​គ្នានេះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​អេ​ស្ប៉ាញ បានលត់ក្រុម​ជម្រើស​ជាតិ​កូស្តារីកា យ៉ាង​ចាស់ដៃ​។

នៅថ្ងៃ​​​ដដែល ដែល​ជា​ថ្ងៃ​ទី​៤​​ នៃ​យុទ្ធនាការ World Cup នៅ​ប្រទេស​កាតា ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក បាន​យកឈ្នះ​លើ​ក្រុម​ជើង​ថ្មី កា​ណាដា ទាំងលំបាក​ក្នុងលទ្ធផល ១-០ ស្រប​ពេល​ដែលក្រុម​ម្ចាស់​ជើង​ឯក​រង​ឆ្នាំ​ ២០១៨ ក្រូ​អាស៊ី បានបញ្ចប់ត្រឹម​លទ្ធ​ផលស្មើ ០-០ ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក​។

នៅមុន​ពេល​ការ​​ប្រកួត​ពូល E រវាង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ និង​ជប៉ុន ក្នុង​ទីក្រុង​ដូ​ហា មានការ​ជជែង​គ្នា​យ៉ាង​តឹង​សរសៃ​ក​ថា តើ​ប្រធានក្រុម​នៃក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ Manuel Neuer នឹង​ពាក់​បូរ​រុំ​ដៃ​សរសេរ​ថា «One Love» ដែល​ត្រូវ​បាន​​ចាត់ទុក​ថា ជា​និមិត្ត​សញ្ញា​តំណាង​ពីការ​ប្រឆាំង​នឹង​ច្បាប់ហាម​មិ​ន​​ឲ្យ​ស្រឡាញ់​ភេទ​ដូចគ្នា​របស់​កាតា​។

ប្រទេស​ចំនួន​ ៧ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​អង់គ្លេស និង​អាល្លឺម៉ង់ ផងដែរ បាន​​បោះ​បង់ផែន​ការ​ក្នុ​ង​ការ​ពាក់​បូររុំ​ដៃ​នោះ ដោយ​សា​រតែ​ FIFA ព្រមាន​ការ​ចាត់​​វិធានការផ្នែក​វិន័យ​។

ក្រុម​អាល្លឺម៉ង់​របស់​លោក Hansi Flick ទំនង​ដូច​ជា​ស្ថិតលើផ្លូវ​នៃការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ទៅហើយ ក្រោយ​ពី​រក​បាន​គ្រាប់​បាល់​នាំមុខ​មុន តាមរយៈ​គ្រាប់​បាល់​​ប៉េណាល់ទី​នៅ​តង់​ទី​១ ពី​ខ្សែ​បម្រើ Ilkay Gundogan។

ប៉ុន្តែ ខ្សែ​បម្រើ​អន្តរ​ជាតិ​ជប៉ុន Ritsu Doan ដែល​ចូល​លេង​ក្នុង​នាម​ជាកីឡាករ​បម្រុង បាន​រក​គ្រាប់​បាល់​តាមស្មើវិញនៅ​តង់ទី​២ ហើយ​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​ពី​ Takuma Asano បាន​ជួយ​ឲ្យ​ក្រុម​មាន​រហស្ស​នាម​ថា Blue Samurai មួយ​នេះ ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏ល្បី​ល្បាញតែម្តង​។

Content image - Phnom Penh Post
ខ្សែ​ប្រយុទ្ធ​អន្តរ​​ជាតិអេ​ស្ប៉ាញ Ferran Torres (ស្តាំ) ស៊ុត​បាល់​បញ្ចូល​ទី​​គ្រាប់​បាល់ទី​៤​ របស់ក្រុម​ខ្លួន ក្នុង​​ការ​ប្រកួត​ World Cup ពូល E រវាក្រុម​អេ​ស្ប៉ាញ និង​កូស្តារីកា។ AFP

ស្រ​ប​​ពេល​ជាមួយ​គ្នានេះ លោក Luis Enrique ជឿជាក់​ថា ការ​ស្រេក​ឃ្លាន​របស់​ជម្រើស​ជាតិ​អេ​ស្ប៉ាញ នឹង​កើន​ឡើង ក្រោយពី​ពួកគេ​បាន​កត់ត្រា​ជ័យ​ជម្នះ​ដ៏​ធំបំផុត​​ក្នុង​យុទ្ធនាការ World Cup តាមរយៈការ​ផ្តួលក្រុម​បាល់ទាត់​ជម្រើស​ជាតិកូស្តា​រីកា ក្នុងលទ្ធ​ផល ៧-០​។ កំណត់​ត្រា​កាលពី​មុន​របស់​អេ​ស្ប៉ាញ គឺ​ការ​យកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​ប៊ុល​ហ្គា​រី ក្នុងលទ្ធ​ផល ៦-១ ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​១៩៩៨ ដែលនៅពេល​នោះ លោក Luis Enrique ក៏​បាន​​ស៊ុត​បញ្ចូល​ទី​ឲ្យ​អេ​ស្ប៉ាញផងដែរ ក្នុងពេល​ស្ថិត​ជា​កីឡាករ​។

លោក Luis Enrique បាន​ប្រាប់​អ្នក​យក​ព័ត៌មាន៖ «ខ្ញុំ​មាន​ភាព​ច្បាស់​លាស់ថា យើង​នឹង​លេង​ការ​ប្រកួត​បន្ទាប់​ជាមួយនឹង​ស្មារតី​ដូចគ្នា​»​៕ AFP

អត្ថបទគួរចាប់អារម្មណ៍