ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល ដែល​ជា​ក្រុម​មាន​ក្តី​សង្ឃឹម​ខ្ពស់​លើ​ការ​លើក​ពាន នឹង​ចាប់​ផ្តើម​យុទ្ធ​នា​ការ​​របស់​ពួកគេ ដើម្បី​ប្រជែង​ដណ្តើម​ពាន World Cup ​ជាលើក​ទី​៦ នៅ​រាត្រីថ្ងៃព្រហស្បតិ៍ ទី​ ២៤ ខែ​វិច្ឆិកា​នេះ នៅ​ពេល​ដែលពួកគេ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ស៊ែ​ប៊ី ស្រ​បពេល​ដែល​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo សង្ឃឹម​ថា នឹង​ទុក​រឿង​រ៉ាវ​​នៃ​ការ​ចាក​ចេញ​របស់​គេពី​ក្លិប Manchester United មួយ​ឡែក ក្នុងពេល​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ប្រកួត​​​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ហ្គា​ណា​។

ប្រេស៊ីល ដឹង​យ៉ាង​ច្បាស់​ពីភាព​មុតស្រួច​របស់​ក្រុម​ជម្រើស​ជាតិ​ស៊ែ​ប៊ី នៅពេល​ដែលក្រុម​ទាំង​ ២ ជួប​គ្នា​នៅ​កីឡដ្ឋាន Lusail ជាពិសេស ក្រោយពី​បាន​ឃើញ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន រង​បរា​ជ័យ​ដ៏មិន​នឹកស្មាន​ដល់​ដល់​ក្នុង​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​​អា​រ៉ា​ប៊ី សាអ៊ូឌីត កាលពីថ្ងៃ​អង្គារ ទី ​២២ ខែ​វិច្ឆិកា នៅលើ​ទីលាន​ដូចគ្នា​នេះ ហើយ​ក្រុម​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់ បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃ​ជប៉ុន កាលពីថ្ងៃពុធ​។​

ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល បាន​ធ្វើ​ដំណើរ​ទៅ​​ដល់ប្រទេស​កាតា ដោយ​សង្ឃឹម​ថា អាច​ដណ្តើម​បាន​លទ្ធ​ផល​​ដូច​ទៅ​នឹង​ព្រឹត្តិការណ៍ World Cup លើក​ចុងក្រោយ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​​នៅ​តំបន់​អាស៊ី កាលពី​ ២ ​ទស​វត្សរ៍​មុន ដែលនៅ​​ពេលនោះ ពួក​គេ​បាន​ឈ្នះ​ពាន​ជាលើក​ទី​៥​ របស់​​គេ នៅ​ក្នុង​ប្រទេស​ជប៉ុន​។

ក្រុម​ប្រេស៊ីលរបស់​លោក Tite អាច​នឹង​ដាក់​ក្តី​សង្ឃឹម​លើ Neymar ដែល​កំពុង​តែ​ស្ថិ​ត​ក្នុង​ទម្រង់​លេង​​យ៉ាងល្អ សម្រាប់​ក្លិប Paris Saint-Germain ប៉ុន្តែកីឡាករ​ដែល​មាន​​តម្លៃខ្លួន​ខ្ពស់​ជាង​គេ​បំផុត​រូបនេះ ក៏​​មាន​មិត្ត​រួម​​ក្រុម​ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ៗ ដែល​ត្រៀម​ខ្លួ​ន​ដើម្បី​ចែក​រំលែក​បន្ទុក​​ផង​ដែរ ដូច​ជា​តារាឆ្នើម Vinicius Junior និង Rodrygo របស់​ក្លិប Real Madrid ជាដើម​។

ខ្សែ​ការ​ពារ​ជើង​ចាស់ Thiago Silva ដែល​ជា​ប្រធានក្រុម​របស់​ប្រេស៊ីល បាន​ឲ្យដឹងថា៖ «បើ​តាម​មតិ​ខ្ញុំ កីឡាករ​ទាំង​នេះ នឹង​ជួយ​ដល់ Neymar ពីព្រោះ​ពួកគេ​អាច​​បែង​ចែក​ការ​ទទួល​ខុសត្រូវ និង​បង្កើត​ឲ្យ​មាន​ចន្លោះ​សម្រាប់​រូប​គេ​។ បរិយា​កាស​ក្នុងក្រុមនេះ ពិត​ជា​ស្ថិត​ក្នុងកម្រិត​ដ៏ល្អ​។ ការ​រួម​បញ្ចូល​គ្នា​រវាង​កីឡាករ​វ័យ​ក្មេង និង​កីឡាករ​ដែលមាន​បទសោធន៍​ច្រើន បង្កើត​ឲ្យ​មានភាព​ស៊ី​សង្វាក់​គ្នា​ដ៏អស្ចារ្យ​»​។

ប៉ុន្តែក្រុម​ជម្រើស​ជាតិ​ស៊ែ​ប៊ី មិន​បាន​ឆ្លង​ផុត​វគ្គ​ចែកពូល​របស់​ពួក​គេ​ឡើយ កាលពី ​៤​ ឆ្នាំមុន ក្រោយពី​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុមជម្រើស​ជាតិ​ប្រេស៊ី ក្នុងលទ្ធ​ផល ២-០ ក្នុង​ការ​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។

ប៉ុន្តែទោះ​បី​ជា​យ៉ាង​ណា ពួក​គេ​គឺ​ជា​គូ​ប្រកួតដែលអាច​ផ្តល់​គ្រោះថ្នាក់ ក្នុង​ប្រទេស​កាតា ក្រោយពី​បាន​បញ្ចប់​ក្នុងការ​ប្រកួត​​ជម្រុះ​ដោយ​ឈរ​លើ​កំពូល​តារាង ពោលគឺ​ឈរ​ពីលើក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ទៀត ហើយ​ពួកគេ​ក៏​ទើប​តែ​បាន​​​ឈ្នះ​ការ​ប្រកួត​​ក្នុង​យុទ្ធនា​ការ UEFA Nations League របស់ពួកគេ​ផង​ដែរ។

លោក Stojkovic ដែល​ត្រូវ​បាន​តែង​តាំង​កាលពី​ខែកុម្ភៈ ឆ្នាំមុន ដើម្បីជំនួសកន្លែង​របស់​លោក LjubisaTumbakovic ក្រោយពី​ស៊ែប៊ី មិន​បាន​ឈ្នះកៅអី​ទៅ​លេង​ Euro ឆ្នាំ​ ២០២០ លោក Dragan Stojkovic គ្រូបង្វឹក​របស់​ក្រុម​ស៊ែ​ប៊ី បាន​បញ្ជាក់​ថា៖ «យើង​មិន​ខ្លា​ចក្រុម​ណាឡើយ​ សូម្បី​តែ​ប្រេស៊ីល​។ យើង​មិន​ត្រូវ​ខ្លាច​នោះឡើយ​»​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់ Cristiano Ronaldo ចូលរួម​ការហ្វឹក​ហាត់ នៅកីឡដ្ឋាន Al Shahania SC កាលពីថ្ងៃ​ទី​ ២៣ ខែ​វិច្ឆិកា ឆ្នាំ​ ២០២២​។ AFP

ស្រប​ពេល​ជាមួយ​គ្នានេះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិស្វ៊ីស និង​កាមេរូន ក៏​ចាប់​ផ្តើម​ការ​ប្រកួត​របស់​ខ្លួន នៅ​រាត្រីនេះ​​ផងដែរ នា​កីឡដ្ឋាន Al Janoub​។ ខ្សែ​បម្រើ Granit Xhaka ដែល​ជា​ប្រធានក្រុម​របស់​ស្វ៊ីស បាន​បញ្ជាក់​ថា ក្រុម​របស់​គេ នឹង​មិន​​​​ធ្វើ​កា​រ​តវ៉ា​ដូច​​​អាល្លឺម៉ង់ ដើម្បី​ប្រឆាំង​នឹង​ជំហ​របស់​សហ​ព័ន្ធ​កីឡា​បាល់ទាត់​អន្តរ​ជាតិ​ហៅ​កាត់ថា FIFA ជុំ​វិញ​បូរ​រុំ​ដៃពណ៌​ឥន្ទធនូ ឡើយ​។

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ និង​ហ្គា​ណា ស្ថិតក្នុង​ពូល H រួម​ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​រូ​ហ្គាយ និង​កូរ៉េ​ខាង​ត្បូង ដែលក៏​នឹង​ត្រូវ​ជួប​គ្នានៅ​រាត្រី​​នេះ​ផង​ដែរ​។

តារាឆ្នើម​ Son Heung-min នឹង​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង បើ​ទោះ​បី​ពាក់​របាំង​មុខ​ការ​ងារ ក្រោយពី​មាន​បញ្ហា​របួស​លើ​ផ្ទៃមុខ​ក៏ដោយ​៕​ AFP

កម្មវិធី​ប្រកួត​នៅ​ថ្ងៃនេះ៖

ស្វ៊ីស v កាមេរូន ម៉ោង ៥ ល្ងាច

អ៊ុយ​រូហ្គាយ v កូរ៉េ​ខាងត្បូង ម៉ោង ៨ យប់

ព័រ​ទុយ​ហ្គាល់ v ហ្គាណា ម៉ោង ១១ យប់

ប្រេស៊ីល v ស៊ែ​ប៊ី ម៉ោង ២ ទៀប​ភ្លឺ