ភ្នំពេញ៖ មន្រ្តីជំនាញ​របស់សហព័ន្ធខ្មែរ​កីឡាហែលទឹក លោក ហែម គីរី បានអះអាង​ថា ការ​ប្រកួត​កីឡា​ហែល​ទឹក ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ លើក​ទី​៣ និង​កីឡាជនពិការជាតិ លើកទី​១ ឆ្នាំ​ ២០២២​ នេះ សហព័ន្ធបាន​ទទួល​ទាំង​ធន​ធាន​កីឡាករ កីឡាការិនី និងការពង្រឹង​ទៅ​សមត្ថភាព​របស់​​គណៈកម្មការ​បច្ចេក​ទេស សម្រាប់ត្រៀម​ឆ្ពោះ​ទៅ​ធ្វើ​ជាម្ចាស់​ផ្ទះស៊ីហ្គេម លើក​ទី​៣២ និងអាស៊ានប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​ ២០២៣ នៅកម្ពុជា។

ដោយសារ​ការ​ប្រកួត​កីឡាជាតិ​លើកទី៣ ឆ្នាំ ​២០២២ ​​នេះ ក្រសួងអប់រំ យុវជន និង​កីឡា បានដាក់បញ្ចូល​ឱ្យ​មានការ​ប្រកួត​កីឡាជនពិការជាតិ ជា​លើកដំបូង​ដែរ​នោះ គឺ​សហព័ន្ធ​ខ្មែរកីឡាហែល​ទឹក បានសហការជាមួយ​ភាគី​ព័ន្ធ ក្នុងការរៀបចំ​ការ​ប្រកួត​កីឡាហែល​ទឹក​ទាំង​ក្រុមអត្តពលិកមិន​ពិការ និងពិការជាមួយគ្នា​តែ​ម្តង ហើយជា​លទ្ធផល ត្រូវបាន​លោក ហែម គីរី បញ្ជាក់ថា ទទួលបាន​ជោគ​ជ័យ។

ជាមួយគ្នា​នេះ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែល​ទឹក លោក ហែម គីរី បាន​ផ្តោត​ខ្លាំង​ទៅលើ​ការ​ប្រកួត​កីឡាជនពិការជាតិ ជា​លើក​ដំបូង ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ​នេះ ដោយ​លោក​បានចាត់ទុក​ថា ការ​ប្រកួត​នេះ បាន​ផ្តល់នៅ​​បទពិសោធ​បន្ថែមដល់សហព័ន្ធ ក៏ដូចជា​ផ្តល់​ឱកាសដល់​​ក្រុមអត្តពលិកជនពិការ ​បានប្រកួត​ប្រជែង​គ្នា ដើម្បី​ពង្រឹង​សមត្ថ​ភាព ក្នុងការ​ត្រៀម​ខ្លួន​ទៅ​កាន់​ការ​ប្រកួតអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ​ ២០២៣។

លោក ហែម គីរី បានថ្លែង នៅក្នុងពិធី​ការ​ប្រកួត កាលពី​ល្ងាច​ថ្ងៃទី ​២៣ ខែវិច្ឆិកា​ថា៖ «ទោះ​បីជា​យើងបានរៀបចំការ​ប្រកួតជា​រៀង​រាល់​ឆ្នាំ ជាពិសេស​ព្រឹត្តិការណ៍កីឡាជាតិនេះ វាជា​លើក​ទី​៣ ​ហើយ ប៉ុន្តែ​អ្វីដែល​យើងកត់​សម្គាល់នោះ គឺ​ការ​រៀបចំកីឡាជនពិការជាតិ លើក​ទី​១ នេះ វាជាបទពិសោធ​ថ្មី ដែល​យើង​ទទួលបាន ដូចជាធនធាន​កីឡា បច្ចេកទេស​នៃការ​ប្រកួត ជាពិសេស​ការរៀបចំការ​ប្រកួត​ ដោយសារ​ការ​ប្រកួត​កីឡាជនពិការ វាខុសប្លែកគ្នាពី​ការ​ប្រកួត​របស់កីឡាករ កីឡាការិនី មិនពិការ»។

ជាមួយ​បច្ចេក​ទេស​រៀបចំការ​ប្រកួតហែល​ទឹក​ជនពិការ ដែល​ត្រូវបានកំណត់​ខុសៗ​គ្នា ទៅតាម​ប្រភេទ​នៃពិការភាព​ គឺ​ទី​១ ពិការភាព​ផ្នែកកាយសម្បទា ទី​២ ពិការ​​ភ្នែក និងទី៣ ពិការផ្នែក​បញ្ញា​​នោះ ត្រូវបាន លោក ហែម គីរី យល់​ថា ជាចំណុច​សំខាន់ ដែល​គណៈកម្មការ​បច្ចេក​ទេស​ ត្រូវ​យល់​ឱ្យ​បានច្បាស់ មុនពេល​ឈាន​ទៅ​រៀបចំការ​ប្រកួត​អាស៊ានប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​ ២០២៣។

លោក គីរី បានបញ្ជាក់​ថា៖ «យើង​ត្រូវគិត​គូរ​ពីការ​រៀបចំការ​ប្រកួត​​អាស៊ាន​ប៉ារ៉ាហ្គេម​ ដែល​យើង​ត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះ ហើយបទពិសោធនេះ ក៏​យើងត្រូវ​ពង្រឹងបន្ថែម​ទៅលើ​គណៈកម្មការ​បច្ចេក​ទេស​ជា​ពិសេស​ ព្រោះពួកគាត់ នៅ​មាន​ភាពថ្មី​ថ្មោង ក្នុងការ​ដឹកនាំ​ការ​ប្រកួត​ផ្នែក​ជនពិការ​នេះ នៅឡើយទេ ហើយ​ចំណុច​​សំខាន់មួយ​ទៀត​ គឺ​​យើង​ត្រូវការ​ធនធាន​កីឡាករ កីឡាការិនីជនពិការ​ឱ្យ​បានកាន់តែ​ច្រើន ក្នុង​ការ​ត្រៀម​ខ្លួន​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣​នេះ»។

សម្រាប់​ការ​ប្រកួតកីឡាហែល​ទឹក​ជនពិការ ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ លើកទី​៣ និង​កីឡាជន​ពិការ​ជាតិ លើក​ទី១ ឆ្នាំ​ ២០២២ ​នេះ មាន​ការ​ប្រកួត​ចំនួន ​៩ វិញ្ញាសា ហើយជា​លទ្ធផល ក្រុម​អត្តពលិកជនពិការ​របស់​ខេត្តកំពត ឈរ​នៅលេខ​ ១ ដោយ​ដណ្តើម​បានមេដាយមាស​ ៣ ប្រាក់ ​១ លេខ ​២ ខេត្តកំពង់ចាម បានមាស​ ២ សំរឹទ្ធ ​៣ លេខ ​៣ រាជធានីភ្នំពេញ និង ខេត្តកំពង់ឆ្នាំង បានមេដាយមាស​ ១ ប្រាក់ ​១ សំរឹទ្ធ ​១ ដូចគ្នា។ ចំណែក ខេត្តកណ្តាល បានមាស ​១ សំរឹទ្ធ ​២ ខេត្តកែប មាស ​១ សំរឹទ្ធ ​១ ខេត្តត្បូងឃ្មុំ បានមេដាយ​ប្រាក់​ ៥ សំរឹទ្ធ ​១ ខេត្តកំពងើស្ពឺ បាន​ប្រាក់ ​១ ប៉ុន្តែ​ខេត្តតាកែវ មិនបានមេដាយ​ទេ។

ចំណែកការ​ប្រហែល​ទឹក មិនមែន​ជនពិការវិញ ខេត្ត​ព្រៃវែង បានទទួល​លេខ​១ ដោយ​ឈ្នះ​បានមេដាយមាស​ ៧ ប្រាក់ ​៥ សំរឹទ្ធ​ ២ លេខ​ ២ ក្រសួងមហាផ្ទៃ បានមាស ៤ ប្រាក់ ៥ សំរឹទ្ធ ៣ លេខ​ ៣ រាជធានីភ្នំពេញ បានមាស ៤ ប្រាក់ ១ សំរឹទ្ធ ១ លេខ​៤ ខេត្តកណ្តាល បានមាស ៣ ប្រាក់ ៣ សំរឹទ្ធ ៤ លេខ​​៥ ខេត្តបាត់ដំបង បានមាស ៣ ប្រាក់ ៣ សំរឹទ្ធ ២ លេខ​៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​មាស ២ ប្រាក់ ៣ សំរឹទ្ធ ៧ លេខ​៧ ខេត្ត​កោះកុង បាន​មាស ១ ប្រាក់ ២ និង​សំរឹទ្ធ ១ ហើយ​ខេត្តកំពង់ចាម បាន​ប្រាក់ ២ និង​មេដាយ​សំរឹទ្ធ ៣។

ជាមួយ​លទ្ធផល​នេះ លោក ហែម គីរី បាននិយាយ​ថា៖​ «យើង​ឃើញ​ថា កីឡាករ កីឡាការិនី​វ័យ​ក្មេង​របស់​យើង មាន​លទ្ធភាព ក្នុងការ​បង្កើតសិទ្ធផល​ថ្មីៗ ហើយ​អ្វីយើងរំភើប​ចិត្តនោះគឺ បណ្តា​ខេត្តទាំង​អស់ អាច​ដណ្តើម​បានមេដាយមាស ប្រាក់ បានច្រើន ជាពិសេស​ខេត្ត​ព្រៃវែង ឃើញ​ដណ្តើម​បានមេដាយមាស​ច្រើន ចំណែក​​ខេត្ត​ផ្សេង​ទៀត ក៏​ដណ្តើម​បានមេដាយ​ផងដែរ ដោយ​សមាគម ខេត្ត និង​ក្រសួង​ចូល​រួមទាំង​អស់ មាន​ធនធាន​កីឡាករល្អៗ ដែល​ដណ្តើម​បានមេដាយមាស​ច្រើន»។

លោក​អគ្គលេខាធិការសហព័ន្ធ​ខ្មែរ​កីឡាហែល​ទឹក​រូបនេះ បានបន្ថែម​ថា៖ «សម្រាប់ការ​ប្រកួត​​កីឡាជាតិ លើកទី​១ និង​លើកទី​២ កន្លងមក យើង​ឃើញ​ថា ក្រសួងខ្លះ អាចដណ្តើម​បានមេដាយមាស​ ដាច់​ឆ្ងាយពី​បណ្តាខេត្ត ប៉ុន្តែ​លើកនេះ ទាំង​ខេត្ត និង​ក្រសួង ​ទទួល​បានមេដាយ​ប្រដំប្រសងគ្នា ហេតុនេះ​វា​បានបង្ហាញ​ថា វិញ្ញាសា​កីឡា​ហែលទឹក មានការ​រីកចម្រើន​ច្រើន ទៅលើ​បណ្តា​ខេត្ត ក៏ដូចជា​ក្រសួង»៕