ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ នឹង​ត្រូវ​ប្រយុទ្ធ​ដើម្បី​​ស្រោច​ស្រង់​ក្នុង​ព្រឹត្តិ​ការណ៍ World Cup នៅ​រាត្រី​ថ្ងៃ​អាទិត្យ ទី ​២៧ ខែ​វិច្ឆិកា នេះ ក្នុង​​ការ​ប្រកួត​ដែលត្រូវ​តែ​ឈ្នះ​​​ជា​ដាច់​ខាត ជាមួយនឹងក្រុម​ជម្រើស​ជាតិ​​អេ​ស្ប៉ាញ ស្រ​បពេល​ដែល​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក និង​ជប៉ុន នឹង​សម្លឹង​រក​ការ​ឈ្នះ​កៅអី​ទៅ​លេង​វគ្គ​ ១៦​ ក្រុម​​ចុងក្រោយ​។

ក្រុម​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់ នឹង​រង​ការ​ធ្លាក់​ចេញ​យ៉ាង​អា​ម៉ាស់​ពីយុទ្ធ​នា​ការ World Cup វគ្គ​​ចែក​ពូល​ជា​លើក​ទី ​២ ​ជាប់​ៗ​គ្នា ប្រសិន​បើ​ពួក​គេ​រង​បរា​ជ័យ​ក្នុងការ​ប្រកួត​ពូល E ជាមួយនឹងក្រុម​​ឡើង​ទម្រង់​លេង​អេ​ស្ប៉ាញ នា​កីឡដ្ឋាន Al Bayt​។

ក្រុម​ម្ចាស់​ជើង​ឯក​ ៤ ​សម័យ​កាល​មួយនេះ ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចេញ ក្រោយពី​បាន​រង​​បរា​ជ័យ​ដ៏មិននឹកស្មាន​ដល់​ក្នុង​លទ្ធ​ផល ២-១ ក្រោមស្នា​ដៃ​ក្រុម​ជម្រើស​ជាតិ​​ជប៉ុន ក្នុង​ការ​ប្រកួត​បើក​ឆាក​នៃ​ពូល​របស់​ពួក​គេ កាលពីថ្ងៃពុធ ទី​ ២៣ ខែ​វិច្ឆិកា កន្លង​ទៅ​។

ការ​ធ្លាក់​ចេញ​យ៉ាប​ឆាប់​រហ័ស​របស់​អាល្លឺ​ម៉ង់ ពោល​គឺ​ក្នុង​រយៈពេល ​៤ ​ឆ្នាំ ក្រោយ​មក​ការ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែកពូល​ដូច​នេះ នា​ព្រឹត្តិ​ការណ៍ World Cup នៅ​ប្រទេស​រុស្ស៊ី មិន​ត្រូវ​បាន​រំពឹង​ទុក​ឡើយ នៅមុន​ពេល​យុទ្ធនាការ​នេះ​។

លោក Hansi Flick គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ បាននិយាយ​កាលពីថ្ងៃ​សៅរ៍ ទី​ ២៦ ខែ​វិច្ឆិកា ថា ក្រុម​របស់​លោក​មានគុណ​ភាព​ក្នុងការ​ស្រោច​ស្រង់​វិញ នៅពេល​ប្រកួត​ជាមួយនឹង​ជើង​ខ្លាំង​អេ​ស្ប៉ាញ ដែល​បាន​លត់​ក្រុម​ជម្រើស​ជាតិ​កូ​ស្តារី​កា យ៉ាង​ចាស់​ដៃក្នុងលទ្ធ​ផល ៧-០ ក្នុង​ការ​ប្រកួត​បើកឆាក​របស់​ពួក​គេ​។

កីឡាករ​ជប៉ុន ចូល​រួម​ហ្វឹកហាត់ នៅ​ទីលាន Al Sadd SC នៅ​ទីក្រុង​ដូហា កាល​ពីថ្ងៃទី​ ២៦ ខែ​វិច្ឆិកា ឆ្នាំ​ ២០២២ ដើម្បី​ត្រៀម​ជួប​ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​កូស្តារីកា។ AFP

លោក Flick បាន​ឲ្យដឹងថា៖ «យើង​មាន​ក្រុម​មួយ​ដែលមាន​គុណ​ភាព និងអាច​អនុ​វត្តន៍​វិធី​សាស្ត្រ​នានា​ ដែល​យើង​កំពុង​តែ​រៀប​ចំ​បាន ហើយ​យើង​ពិត​ជា​​មាន​វិជ្ជ​មាន​លើ​ការ​ប្រកួតនេះ​។ យើង​ត្រូវ​តែ​ធ្វើ​ដំណើរ​ទៅកាន់​ការ​ប្រកួត​ទាំង​ភាពក្លា​ហាន និង​ការជឿជាក់​លើ​គុណភាព​របស់​យើង​សម្រាប់​ការ​ប្រកួតនេះ​ពេល​ប៉ះ​អេ​ស្ប៉ាញ​»​។

ស្រប​ពេល​ជាមួយ​គ្នានេះ លោក Luis Enrique គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ បាន​និយាយ​ថា ក្រុម​របស់​លោក ត្រូវ​ប្រឈម​មុខ​នឹង​ប្រកួត​ដ៏ខ្លាំងក្លា​មួយ ក្នុង​ពេល​ពួក​គេ​ព្យា​យាម​ស្វែង​រក​ជ័យ​ជម្នះ ដែល​នឹង​ជួយ​ឲ្យ​ពួក​គេ​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក Enrique បាន​បញ្ជាក់​ថា សមត្ថភាព​​របស់​អាល្លឺ​ម៉ង់ ក្នុង World Cup មានន័យ​ថា អេ​ស្ប៉ាញ មិនអាចមើល​ស្រាលទៅលើ​ក្រុម​ម្ចាស់​ជើង​ឯក ​៤ សម័យ​កាល​មួយនេះបានឡើយ​។

គ្រូបង្វឹក​អេ​ស្ប៉ាញ​រូបនេះ បាន​ឲ្យដឹងថា៖ «ពួក​គេ​គឺ​ជាម្ចាស់​ជើង​ឯក​ពិភព​លោក​។ នៅ​ពេល​ដែល​អ្នក​​ក្រឡេក​មើល​អាវ​របស់​ពួក​គេ មាន​ផ្កាយ​ចំនួន​៤​លើ​អាវ​របស់​ពួកគេ​។ ខ្ញុំពិត​ជា​គោរព​ដល់​ក្រុម​​កីឡាករ​របស់​ពួក​គេ​ណាស់​។ ពួក​គេ​ជា​កីឡាករកម្រិត​ពិភព​លោក​»​​។

បើ​អេ​ស្ប៉ាញ ឈ្នះ នោះ​មានន័យ​ថា ជប៉ុន ក៏​នឹង​ឈ្នះកៅអី​ទៅ​វគ្គ​ ១៦​ ក្រុម​ចុងក្រោយ​ផងដែរ ប្រសិន​បើ​ពួក​គេ​ផ្តួល​ក្រុម​ជម្រើស​ជាតិ​កូស្តារីកា​៕

កម្មវិធី​ប្រកួតនៅថ្ងៃនេះ៖

ជប៉ុន v កូស្តារីកា ម៉ោង 5 ល្ងាច

បែលហ្ស៊ិក v ម៉ារ៉ុក ម៉ោង 8 យប់

ក្រូ​អាស៊ី v កាណា​ដា ម៉ោង 11 យប់

អេ​ស្ប៉ាញ v អាល្លឺម៉ង់ ម៉ោង 2 ទៀប​ភ្លឺ