ភ្នំពេញៈលោក​រដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ជា​ប្រធាន​ខេមរ​សហព័ន្ធ​តេក្វាន់​ដូ បាន​វាយ​តម្លៃ​ខ្ពស់ និង​បានចាត់​ទុកការ​ប្រកួត​កីឡាតេក្វាន់ដូ (WT) ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិលើក​ទី​៣ និង​កីឡាជនពិការ លើក​ទី​ ១ ឆ្នាំ​២០២២នេះ​ថា បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​បាន​បញ្ចប់​ដោយ​ជោគ​ជ័យកាលពី​ព្រឹក​ថ្ងៃ​ទី ​២៧ ខែវិច្ឆិកា។

យ៉ាង​ណា​ក៏ដោយ​លោក ហង់ជួន ណារ៉ុន ​បាន​បញ្ជាក់​ដោយ​សំឡេង​ធ្ងន់ៗ ក្នុងការ​ជំរុញ និង​លើក​ទឹក​ចិត្ត ឱ្យ​គ្រប់​ផ្នែក​ទាំង​អស់ ជាពិសេស​កីឡាករ កីឡាការិនីទាំង​អ្នក​ដណ្តើម​បានជយលាភី និ​ង​អ្នក​មិន​បាន​មេដាយ នៅ​ក្នុង​​ការ​ប្រកួត​កីឡាជាតិ លើក​ទី​៣​នេះ ត្រូវ​ខិតខំប្រឹង​ប្រែងហ្វឹកហាត់​ ពង្រឹង​សមត្ថ​ភាព និងបច្ចេក​ទេស ឱ្យ​បានកាន់តែ​ខ្លាំង និង​ល្អ​ថែម​ទៀត ដើម្បី​ឈាន​ទៅ​កាន់ការ​ប្រកួត​ស៊ីហ្គេមលើក​ទី​​៣២ ឆ្នាំ​២០២៣​ដែល​កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់​ផ្ទះ ជា​​ប្រវត្តិ​សាស្រ្ត​លើក​ដំបូង។

លោក​រដ្ឋមន្ត្រីអប់រំ​បាន​ថ្លែង​ថា៖ ​«​ខ្ញុំសូម​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ខេមរសហព័ន្ធ​តេក្វាន់ដូ ព្រមទាំង​លោកគ្រូ ឆយ យ៉ុង​សុក ក៏​ដូចជា​​គ្រូ​បង្វឹក អាជ្ញាកណ្តាល និង​ចៅ​ក្រមទាំង​អស់ ដែល​បានប្រឹង​ប្រែង​ពង្រឹង​សមត្ថ​ភាព និងបច្ចេក​ទេស​ ដើម្បី​ឱ្យសហព័ន្ធ​របស់​យើង​អាច​រៀបចំ​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី​៣​នេះ ប្រកប​ដោយ​ជោគ​ជ័យ ក៏​ដូចជា​ត្រៀម​ខ្លួន សម្រាប់​ចូល​រួម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០២៣ »។

លោកបានថ្លែងដោយ​​ផ្តោត​ខ្លាំង​ទៅលើ​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ថា៖ «ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឱ្យ​កីឡាករ កីឡាការិនី​​ទាំងអស់ ខិតខំ​ហ្វឹក​ហាត់​បន្ថែម​ទៀត ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ទទួល​យក​មេដាយ​ និង​ទទួល​បានជោគ​ជ័យ​ នៅ​ក្នុងការ​ប្រកួត​​ស៊ី​ហ្គេម លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ »។

ជាមួយ​ការជំរុញ និង​​លើកទឹក​ចិត្ត​​របស់​លោក​រដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ដូចនេះ គឺ​កីឡាករ កីឡាការិនី​តេក្វាន់ដូ (WT)ទាំង​អស់ បាននាំ​គ្នា​ស្រែក​អបអរ​តប​ទៅកាន់​លោក ហង់ជួន ណារ៉ុន វិញ ​ប្រកប​ដោយភាព​ជឿជាក់ដែល​ជា​សញ្ញាណ​បង្ហាញ​​ថា ពួក​គេ បាននិងកំពុង​ប្រឹង​ប្រែង​ខ្លាំង ដើម្បី​​រួមគ្នា​បង្កើត​បាន​នូវស្នាដៃបន្ថែម​ទៀតជូនជាតិ គឺ​ការ​​ឆ្ពោះ​​ទៅ​​​ដណ្តើម​យក​​មេដាយមាស នៅ​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ក្នុងនាមជាប្រភេទ​កីឡា​ដ៏មាន​សក្តា​នុពលមួយ​របស់​កម្ពុជា។

តាម​របាយ​ការណ៍​របស់​លោក ជ្រិន សុធា អគ្គលេខា​ធិការ​ខេមរសហព័ន្ធ​តេក្វាន់ដូ បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​ជាតិ​ លើកទី​ ៣ ឆ្នាំ ​២០២២ លើ​ប្រភេទ​កីឡាតេក្វាន់ដូ (WT) នេះ​ មាន​ប្រតិភូ​កីឡា​ តំណាង​ឱ្យ​ក្រសួង​-មន្ទីរ យុវជន និង​រាជ​ធានី​-ខេត្ត ចូល​រួមចំ​នួន​ ១៤ ស្មើ​នឹង​ ១៣៣​ នាក់ ដោយ​អ្នក​ទាំង​នេះ បាន​ប្រកួត​ប្រជែង​គ្នា នៅ​លើ​វិញ្ញា​សា​សរុប​ចំនួន​ ២០ ។

តាម​រយៈ​ការ​ចុះ​ពិនិត្យ​មើល​ដោយ​ផ្ទាល់ ទាំង​ទៅលើ​ការ​ប្រកួត​សម្តែង​មេគុន និង​ប្រយុទ្ធ នៅសាលហ្វឹក​ហាត់​កីឡា​តេក្វាន់​ដូប៊ូ​យ៉ុង-ខ្មែរ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ តាំង​ពី​ថ្ងៃទី ​២៤ ដល់​ថ្ងៃទី​ ២៧ ខែវិច្ឆិកាលោក ជ្រិន សុធា បាន​មើល​ឃើញ​ថា កីឡាករ កីឡាការិនី​ទាំង​អស់ បាន​ខិតខំ​ប្រឹង​ប្រែង​ប្រកួត​អស់​ពីសមត្ថភាព ដើម្បី​ដណ្តើម​ជ័យ​ជម្នះ​ជូន​ដល់​ស្ថា​ប័ន និង​រាជ​ធានី-ខេត្ត​របស់​ពួក​គេ។

អគ្គ​លេខាធិការ​ខេម​រសហព័ន្ធ​តេក្វាន់ដូ លោក ជ្រិន សុធា បាន​បញ្ជាក់​ថា៖​ «ការ​ប្រកួត​​កីឡា​ជាតិ លើក​ទី​ ៣ ឆ្នាំ​ ២០២២ លើ​ប្រភេទ​កីឡា​តេក្វាន់ដូ (WT) នេះ ដំណើរ​ការ​ទៅ​ដោយ​រលូន និង​បាន​បញ្ច​ប់​ការ​​ប្រកួត​​ប្រកប​ដោយ​ជោគ​ជ័យ ហើយ​ព្រឹត្តិ​ការណ៍​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​វាស់ស្ទង់​បច្ចេក​ទេស និង​សមត្ថភា​ព របស់​ក្រុម​កីឡាករ​កីឡា​ការិនី​ទាំង​អស់ ក្នុងការ​ជ្រើសរើស​អ្នក​ឆ្នើមៗ​ឱ្យ​ចូលរួម ក្នុង​ក្រុម​ជម្រើសជាតិ សម្រាប់​ត្រៀម​ឆ្ពោះទៅ​ស៊ីហ្គេម​លើក​ទី ៣២ ឆ្នាំ ២០២៣ ដែល​កម្ពុជា ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ»។

សម្រាប់ល​ទ្ធផល​នៃ​ការ​ប្រកួត​តេក្វាន់ដូ ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ ​ចំនួន​ ៤ ​ថ្ងៃ​នេះ ក្រុម​កីឡាករ កីឡា​ការិនី​លេង​ឱ្យក្រសួង​មហាផ្ទៃ ដណ្តើម​បានមេដាយ​មាស​ច្រើនជាង​គេ ដើម្បី​ឈរ​នៅ​ចំណាត់​ថ្នាក់លេខ ​១ គឺ​ពួកគេ​ឈ្នះ​បានមេដាយ​មាស​១០ ប្រាក់​ ១ សំរឹទ្ធ​ ១ រីឯ​​ក្រុម​ក្រសួង​ការពារជាតិ បាន​ឈ្នះ​មេដាយមាស​៣ ប្រាក់​ ៥ និងសំរឹទ្ធ​ ២ ដោយ​ឈរ​នៅលេខ ​២ ហើយ​ក្រុម​អត្តពលិក​មកពី​ខេត្តបាត់ដំបង ឈរ​នៅលេខ ​៣ ដោយ​ឈ្នះ​បាន​មេដាយ​មាស ​​២ ប្រាក់​ ៣ និង​សំរឹទ្ធ​ ៣ ។

ចំណែក​ក្រុម​កីឡាករ កីឡាការិនី​របស់​ខេត្ត​កំពង់ចាម បាន​ឈរ​នៅលេខ​ ៤ ដោយ​​ឈ្នះ​បាន​មេដាយមាស ២ ប្រាក់ ១ សំរឹទ្ ធ​៤ ហើយ​តាម​ពី​ក្រោយ​ដោយ​ ខេត្ត​ព្រៃ​វែង ដែល​ឈ្នះ​បានមេដាយមាស​ ២ ប្រាក់ ​១ សំរឹទ្ធ​ ២ ខេត្តប៉ៃ​លិន ឈ្នះ​បានមាស​១ សំរឹទ្ធ​ ១ ខេត្ត​បន្ទាយមានជ័យ បាន​មេដាយ​ប្រាក់​ ៣ សំរឹទ្ធ​ ៤ ខេត្ត​សៀម​រាប បាន​ប្រាក់ ​៣​ សំរឹទ្ធ​៣ រាជធានី​ភ្នំពេញ បាន​ប្រាក់ ​១ សំរឹទ្ធ​ ៦ ខេត្ត​ត្បូង​ឃ្មុំ និង​ខេត្តកំពត បាន​មេដាយប្រាក់​ ១ ដូចគ្នា ខេត្តកណ្តាល បាន​មេដាយ​សំរឹទ្ធ​៣ និង​ខេត្ត​រតនគិរី បានមេដាយ​សំរឹទ្ធ​ ១ ប៉ុន្តែ​ក្រុមអត្តពលិក​មក​ពី​ខេត្ត​មណ្ឌល​គិរី ដណ្តើម​មិន​បាន​មេដាយ​នោះ​ទេ៕