ភ្នំពេញៈ ​លោក ភិរម្យ ដា​រ៉ា ធ្លាប់​ប្រកួតប្រជែង​នៅ​អក្សរសិល្ប៍​ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ​ ២០២១ បានទទួល​ជយលាភី​លេខ ​២ ផ្នែក​កំណាព្យ​រឿង និង​នៅ​ឆ្នាំ​ ២០២២ ​នេះ​លោក​បានទទួល​ជយលាភី​លេខ​៣​ផ្នែ​កំណាព្យ​រឿង​សម្រាប់​ការប្រកួត​អក្សរសិល្ប៍​នៅ​ពុទ្ធសាសនបណ្ឌិត្យ ​ប៉ុន្តែ​លោក​បានទទួល​ជយលាភី​លេខ ​១ ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី ឆ្នាំ​ ២០២២ ផ្នែក​កំណាព្យ​រឿង «​គុណ​ការងារ​»​។

លោក​បាន​ប្រាប់​ពីបទ​ពិសោធន៍​ដែល​ឈានដល់​ការដណ្ដើម​បាន​ជយលាភី​បន្តបន្ទាប់​ដូច្នេះ​ថា ៖ «​សម្រាប់​បទពិសោធន៍​ខ្លួន​ខ្ញុំ​ផ្ទាល់​ដើម្បី​យកពាន​មួយ​នេះ ខ្ញុំ​ត្រូវ​គិត​ទៅលើ​ឆ្អឹង​រឿង​ជាមុន ថា​តើ​មាន​រូបារម្មណ៍​កម្រិតណា អត្ថន័យ​បែបណា អត្ថរស​បែបណា​? បាន​ជួយ​អ្វី​ខ្លី​ដល់​ខ្លួនឯង ដល់​គ្រួសារ ជាពិសេស​ដល់​សង្គមជាតិ​»​។

លោក​ថា ការ​សង្កត់ធ្ងន់​លើ​តម្លៃ​វប្បធម៌ អភិរក្ស និង​អភិវឌ្ឍន៍​ក្រោយ​ពេលចេញ​ឆ្អឹង​រឿង​ហើយ ពិនិត្យ​ខ្លួនឯង​ថា​គ្រប់គ្រាន់​ហើយ​ទើប​បញ្ចូល​ជា​ភាសា​កាព្យ ដោយ​ចែក​តាម​វគ្គ តាម​បទ​ឱ្យស្រប​នឹង​បរិយាកាស​បទ​នីមួយៗ​។ ការប្រើប្រាស់​សម្ផស្ស​កាព្យ​ឱ្យ​ល្អិតល្អន់ តែ​មិន​រឹតត្បិត​ពេក​ទេ​ខ្លាច​ខូច​រូបារម្មណ៍​សាច់រឿង និយាយ​រួម​កុំឱ្យ​ណែងណង​ជ្រុល​ដូច​គោះត្រឡោក ព្រោះនេះ​ជា​កំណាព្យ​រឿង មិនមែន​កំណាព្យ​ឧបទេស​កថា​ទេ​។ មួយទៀត​គឺ​ការយកចិត្តទុកដាក់​លើ​អក្ខរាវិរុទ្ធ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។

លោក​ក៏បាន​ផ្ដាំ​ផ្ញើជូន​អ្នក​ដែលមាន​បំណង​ចង់​ចូលរួម​ប្រកួតប្រជែង​ដណ្ដើម​ពានរង្វាន់​ផ្នែក​និពន្ធ​ផងដែរ​ថា ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​តែង​និពន្ធ យុវជន​គួរ​មាន​ស្នាដៃ​ចូលរួម​ប្រកួត​ឱ្យ​ច្រើន ស្នាដៃ​នោះ ទោះជា​កំណាព្យ​រឿង​ក៏ដោយ ជា​ប្រលោមលោក​ក៏ដោយ ក៏ត្រូវ​ផ្ដោត​សំខាន់​លើ​សាច់រឿង​ដូចគ្នា គ្រាន់តែ​ផ្នែ​កំណាព្យ​គិត​ពិន្ទុ​ពិសេស​លើ​រចនាប័ទ្ម និង​ភាព​ត្រឹម​របស់​កំណាព្យ​ថែម​មួយកម្រិត​ទៀត​។​

លោក ភិរម្យ ដា​រ៉ា បាន​បន្តថា ចំពោះ​បេក្ខជន​ដែល​ចូល​ប្រឡង​ដើម្បី​បាន​ជយលាភី គួរតែ​សម្រិតសម្រាំង​សាច់រឿង​ឱ្យ​ស៊ីជម្រៅ ឱ្យបាន​គ្រប់​ចំណុច​ដែលមាន​ក្នុង​សេចក្ដីប្រកាស​ប្រកួតប្រជែង​។​

សម្រាប់​ឆ្នាំ​ថ្មី​នេះ​ផ្នែក​កំណាព្យ​រឿង លោក​ភិរម្យ ដា​រ៉ា នឹងមិន​ចូលរួម​ប្រកួត​ប្រ​ប្រជែង​ទៀត​ទេ ដោយឡែក​ផ្នែក​ប្រលោមលោក​ខ្នាត​ខ្លី លោក​មិនទាន់​សម្រេចចិត្ត​នៅឡើយ​។​

​សូម​រំឭកថា លោក​ភិរម្យ ដា​រ៉ា កើត​នៅ​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។ ក្រោយពេល​បញ្ចប់​មធ្យម​សិក្សា​ក្នុង​ឆ្នាំ​ ២០០២ នៅ​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច ក្នុង​ខេត្តស្ទឹងត្រែង លោក​បាន​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឯកទេស​គណិតវិទ្យា ហើយ​បានបញ្ចប់​បរិញ្ញាបត្រ​ក្នុង​ឆ្នាំ​ ២០០៦ ​។

លុះដល់​ឆ្នាំ​ ២០១៤ លោក​បាន​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បន្ថែមទៀត​ពី​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ នៅ​ខេត្តស្ទឹងត្រែង ឯកទេស​គ្រប់គ្រង​ធុរកិច្ច​។ លោក ភិរម្យ ដា​រ៉ា ចេះ​និង​អាច​ប្រើ​ភាសាបរទេស​បាន​ដូចជា អង់គ្លេស ថៃ និង​ឡាវ​។ បច្ចុប្បន្ន​លោក ជា​មន្ត្រីរាជការ​នៅ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្ទឹងត្រែង​ផងដែរ​។​

ក្រៅពី​ស្នាដៃ​ចូលរួម​ប្រកួត​ប្រ​ប្រជែង លោក​ភិរម្យ ដា​រ៉ា ក៏មាន​ស្នាដៃ​ដែល​បាន​ចូលរួមចំណែក​ក្នុង​វិស័យ​តែង​និពន្ធ​នេះ​បន្ថែម​ដែរ គឺ​នៅ​ឆ្នាំ​ ២០២០ លោក​បាន​ចូលរួម​ចងក្រង​សៀវភៅ​ប្រលោម​កំណាព្យ​ ១ ក្បាល មាន​អ្នកនិពន្ធ​ ១០​ នាក់ និង​មាន​រហូតដល់ ១០​ រឿង​ក្នុងនោះ ហើយ​លោក​ក៏មាន​បំណង​ចងក្រង​បោះពុម្ព​បន្ថែមទៀត​ដែរ​។​

សូមបញ្ជាក់​ផងដែរ​ថា ការប្រឡង​ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី លើ​ស្នាដៃ​តែង​និពន្ធ​សម្រាប់​ឆ្នាំ ​២០២២ ​នេះ​មាន​បេក្ខជន​ដាក់​ស្នាដៃ​ប្រឡង ចំនួន ១០៤ ​ស្នាដៃ ហើយ​ឆ្នាំនេះ ក៏​ជា​ឆ្នាំ​ទី​ ២២ នៃ​ការប្រឡង​ស្នាដៃ​តែង​និពន្ធ​ប្រលោមលោក និង​កំណាព្យ​រឿង ហើយក៏​ជា​ឆ្នាំ​ទី​ ៨ នៃ​ការប្រគល់​ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រី​ទេវី​ផងដែរ​៕