ភ្នំពេញៈ មន្រ្តី​ក្រសួង​មហាផ្ទៃ ​ប្រាប់ទៅ​កីឡាករ ​កីឡាការិនី​សូហ្វតិន្នីស​ទាំងអស់ ​ដែល​ទើប​បានបញ្ចប់​ការប្រកួតក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ ​លើក​ទី៣ ​និង​កីឡា​ជនពិការ​ជាតិ ​លើក​ទី១ ​ឆ្នាំ ២០២២ ​ត្រូវ​ចៀសឆ្ងាយ​ពី​គ្រឿងញៀន​ជាដាច់​ខាត​ តែ​ត្រូវ​ផ្តោត​ឱ្យ​បាន​កាន់តែ​ខ្លាំង​ ទៅលើ​ការពង្រឹង​សមត្ថភាព​ខ្លួនឯង ​ដើម្បី​អាច​ឈាន​ទៅ​បង្កើតបាន​នូវ​មោទនភាព​ជូន​ជាតិ ​គឺ​ការដណ្តើម​យក​មេដាយ ​ពេល​កម្ពុជា ​ធ្វើជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ​លើក​ទី៣២ ​ឆ្នាំ ២០២៣។

លោក​ សរ សិទ្ធិ ​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​ទទួល​ជួយ​ការងារ​ដឹកនាំ​អគ្គលេខា​ធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ ​បាន​បង្ហាញ​ពី​មោទនភាព​ចំពោះ​កីឡាករ ​កីឡាការិនី​របស់​ក្រសួង​មហាផ្ទៃ ​ដែល​ដណ្តើម​បាន​មេដាយ​មាស​ច្រើន​ ជាង​គេ​ពី​ការប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី៣​នេះ។ ចំណែក​ក្រុមអត្តពលិក​ផ្សេង​ទៀត ​ក៏បាន​ប្រឹង​ប្រែង​ប្រកួត​ដោយ​ឆន្ទៈ ​ដើម្បី​ស្វែង​រក​បាន​មេដាយ​ជូន​ដល់​ក្រសួង ​និង​រាជធានី​-ខេត្ត​របស់​ពួកគេ​ដូច​គ្នា។

ទោះ​យ៉ាង​ណា ​លោក​បានជំរុញ​ឱ្យ​ក្រុម​អត្តពលិក​ទាំង​អស់ ​ត្រូវ​បង្កើន​ការហ្វឹកហាត់​ឱ្យ​បាន​ខ្លាំង​ថែម​ទៀត ​ទើប​អាច​ឈាន​ទៅ​ដណ្តើម​យក​ជ័យជម្នះ​កាន់តែ​ធំ ​និង​កាន់តែ​អស្ចារ្យ​ដែលជា​មោទនភាព​សម្រាប់​ប្រទេស​ជាតិ ​ក្នុង​ការប្រកួត​ស៊ីហ្គេម​លើក​ទី៣២​ ឆ្នាំ ២០២៣។ លោក​អះអាង​ថា ​ព្រឹត្តិការណ៍​នេះ​ នៅសល់​ពេល​មិនច្រើន​ទៀត​ទេ ​សម្រាប់​ក្រុមកីឡាករ ​កីឡាការិនី​សូហ្វតិន្នីស​កម្ពុជា ​ក្នុង​ការត្រៀម​ខ្លួន។

នៅ​ចំពោះ​មុខ​ប្រតិភូកីឡា​សូហ្វតិន្នីស ​លោក​សរ សិទ្ធិ ​បាន​ថ្លែងថា​៖ «ការប្រកួត​កីឡា​ជាតិ​នេះ​ជាការត្រៀម​ខ្លួន​របស់​កីឡាករ​ កីឡាការិនី​ សម្រាប់​ស៊ីហ្គេម​នៅ​ឆ្នាំក្រោយ ​ដែល​យើង​នៅសល់​ពេល​មិន​យូរ​ទេ។ បើ​គិត​ពីពេល​នេះ​ទៅ ​យើង​មាន​ពេល​ត្រៀម​ខ្លួនតែ ​៥ ខែ​ទៀត​ទេ»។

លោក​បន្តថា​៖«អ៊ីចឹង​កូនៗ​ក្មួយៗ​ជា​កីឡាករ ​កីឡាការិនី ​ត្រូវយក​ចិត្តទុក​ដាក់​ហ្វឹកហាត់​ទាំង​កាយសម្បទា ​និង​ស្មារតី ​ដើម្បី​យើង​ត្រៀមចូល​រួម​ការប្រកួត​ស៊ីហ្គេម ​ឆ្នាំ​ ២០២៣​។ នេះ​ជា​ព្រឹត្តិការណ៍​ ជាប្រវត្តិសាស្រ្ត ​ដែល​យើង​ត្រូវ​ខំ​ប្រឹង​ប្រែង​ទាំង​អស់​គ្នា ​ដើម្បី​មោទនភាព​ជាតិ​របស់​យើង ​ក្នុង​នាម​យើង​ជា​ខ្មែរ»។

ក្រៅពី​ជំរុញ​ឱ្យ​ក្រុមអត្តពលិក​ពង្រឹង​សមត្ថភាព ​តាមរយៈ​ការបង្កើន​ការហ្វឹកហាត់ ​ដើម្បី​ត្រៀម​ការប្រកួត​ស៊ីហ្គេម ​លោក ​សរ សិទ្ធិ ​បានប្រាប់​ក្រុមអត្តពលិក​ទាំងអស់​ ត្រូវ​ចៀសឱ្យ​ឆ្ងាយ​ដាច់ខាត​ពី​គ្រឿងញៀន។ «ប្អូនៗ ​ត្រូវ​តែ​ចៀស​ឆ្ងាយពី​គ្រឿង​ញៀន ​ជាដាច់ខាត ​ព្រោះ​កាលណា​ប្អូនៗ​ទៅ​ចូលរួម​ការប្រកួត​ស៊ីហ្គេម ​គេ​ធ្វើ​តេស្ត។ អ៊ីចឹង​យើង​ត្រូវ​លាង​ខ្លួន ​និង​សម្អាត​ខ្លួន​ពី​ឥឡូវ​នេះ​ទៅ​ឱ្យ​ហើយ ​បើសិន​ជា​យើង​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន»។

លោក​អនុរដ្ឋលេខាធិការ​បន្ថែម​ថា​៖ «ខ្ញុំ​សូម​ផ្តាំ​ផ្ញើ​ដល់​ប្អូនៗ​ជា​កីឡាករ ​កីឡាការិនី ​ជាពិសេស​តែម្តង ​គឺ​បញ្ហា​គ្រឿង​ញៀន​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ ​ព្រោះ​បើ​កាលណា​ប្អូនៗ​ជាប់ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ វា​នឹង​ធ្វើ​ឱ្យ​អនាគត​របស់​យើង​អាប់អួ ​នាំ​ឱ្យ​បាត់បង់​នូវ​កិត្តិយស​ខ្លួន​យើង ​សង្គម​គ្រួសារ ​និង​កិត្តិយស​របស់​ប្រទេស​ជាតិ​យើង។ ដូច្នេះ​យើង​ត្រូវ​ចៀសវាង​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ជា​ដាច់​ខាត»។

របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​ការប្រកួត ​ឱ្យ​ដឹង​ថា ​ការប្រកួត​កីឡា​សូហ្វតិន្នីស ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ ​លើក​ទី៣​ ឆ្នាំ ២០២២ ​នេះ ​បានចាប់​ផ្តើម​តាំងពី​ថ្ងៃ​ទី២៣ ​និង​បាន​បញ្ចប់​ កាលពី​ល្ងាច​ថ្ងៃទី ២៧​ ខែវិច្ឆិកា​ ដោយ​មាន​ប្រតិភូ​ចូលរួម​សរុប​ចំនួន​ ៨១ នាក់​ ក្នុង​នោះ​មាន​កីឡាករ​ ៣៨ នាក់ ​កីឡាការិនី​ ២៥ នាក់ ​ព្រមទាំង​អ្នក​ដឹកនាំ​ និង​គ្រូ​បង្វឹក​ចំនួន​ ១៨ នាក់​ តំណាង​ឱ្យ​ក្រសួង ​និង​រាជធានី-​ខេត្ត​ចំនួន៧។

ជា​លទ្ធផល ​សម្រាប់​ការប្រកួត​លើ​វិញ្ញាសា​ទាំង​៧ ​រយៈពេល​ ៥ ថ្ងៃ​ កីឡាករ ​កីឡាការិនី​របស់​ក្រសួង​មហាផ្ទៃ ​បាន​ក្រសោប​យក​មេដាយ​ស្ទើរ​ទាំងអស់​តែម្តង ​ដោយ​ពួកគេបានមេដាយ​មាស​ ៦ ​និង​សំរឹទ្ធ​ ១ ​ដើម្បី​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ១។ រីឯ​លេខ ២ ​ខេត្តត្បូងឃ្មុំ ​ដោយ​បាន​មេដាយ​មាស​ ១ ​សំរឹទ្ធ​ ២ ​លេខ​ ៣ ​ខេត្តកណ្តាល ​បានមេដាយ​ប្រាក់​៣ ​សំរឹទ្ធ ១ ​លេខ​ ៤​ ក្រសួង​ការពារជាតិ ​បាន​មេដាយ​ប្រាក់​២ ​លេខ​៥ ​ខេត្តកំពង់ស្ពឺ ​បានប្រាក់​ ១​ សំរឹទ្ធ​ ២ ​លេខ ​៦ ​ខេត្តព្រៃវែង ​បាន​ប្រាក់ ​១ ​និង​លេខ​ ៧ ​ចុងក្រោយ​គេ ​ក្រុម​អត្តពលិក​ខេត្តកំពង់​ឆ្នាំង ​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ ១។

ជាមួយ​គ្នានេះ ​លោក ​តុង សុផល ​អគ្គលេខាធិការ​រង ​និងជា​ប្រធានស្តីទី​របស់​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជាបាន​ថ្លែង​ ក្នុង​ពិធី​ប្រកួត ​កាលពី​ថ្ងៃ​ទី ២៧ ​ខែវិច្ឆិកា​ថា ​ការប្រកួត​កីឡា​សូហ្វតិន្នីស ​ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ ​រយៈពេល​ ៥​ ថ្ងៃ​មក​នេះ​ ជាការផ្តល់​ឱកាស​ឱ្យ​កីឡាករ ​កីឡាការិនី​ម្នាក់ៗ​ បានបញ្ចេញ​នូវ​ទេពកោសល្យ ​និង​សមត្ថភាព ​ក៏​ដូចជា​វាស់ស្ទង់​គុណភាព​បច្ចេកទេស ​ដែល​បាន​ហ្វឹកហាត់​កន្លងមក ​និង​ជាដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម ​លើក​ទី៣២ ​ឆ្នាំ ២០២៣​។

លោក​បន្ថែមថា​៖ «លទ្ធផល​របស់​កីឡាករ ​កីឡាការិនី ​ដែល​ទទួល​បាន​ជយលាភី ​នា​ពេលនេះ ​ពិតជា​បានមក​ពី​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ជា​ប្រចាំ ​មាន​ការព្យាយាម​តស៊ូ ​គោរព​វិន័យ​បាន​ល្អ ​យកចិត្ត​ទុកដាក់ ​និង​គោរព​តាម​បទដ្ឋាន​បច្ចេក​ទេស​ក្នុង​ការប្រកួត។ ចំណែក​គណៈកម្មការ​រៀបចំ​ការប្រកួត​របស់​យើង ​ក៏​ទទួលបាន​ឱកាស​ដកស្រង់ ​និង​ពង្រឹង​នូវ​បទពិសោធន៍​ ជាពិសេស​បានបំពេញ​នៅ​ចំណុច​ខ្វះខាត ​ក្នុង​ការគ្រប់​គ្រង​ការរៀបចំ​ការប្រកួត​បន្ថែម ​ដើម្បី​ត្រៀម​ឆ្ពោះ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ​ឆ្នាំ ២០២៣ ​ដូច​គ្នា»៕