ភ្នំពេញៈ មន្រ្តី​ជំនាញ​​របស់​សហព័ន្ធ​កីឡាវ៉ូស៊ូ​កម្ពុជា បានឱ្យដឹង​​ថា ក្រុម​ការងារ​បច្ចេក​ទេស​របស់សហព័ន្ធ​នឹង​ធ្វើការ​ពិនិត្យ និង​វាយ​តម្លៃ​ឱ្យបាន​ច្បាស់​លាស់​ទៅលើ​កីឡាករ កីឡា​ការិនី ដែល​ទើប​បាន​បញ្ចប់​ការ​ប្រកួត ក្នុង​ព្រឹត្តិ​ការណ៍​កីឡាជាតិ លើក​ទី​៣ ឆ្នាំ​ ២០២២ ​នេះ ដើម្បី​រក​អ្នក​មាន​សមត្ថ​ភាព និង​បច្ចេក​ទេស ចំនួន​ ៦ ​នាក់ សម្រាប់​ត្រៀម​ចូល​រួម​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ​ ២០២៣ ជាមួយ​កីឡាករ កីឡាការិនី​វ៉ូស៊ូ​ជម្រើស​ជាតិ​កម្ពុជា ១​ ក្រុម​ទៀត ដែល​កំពុង​​ធ្វើ​ការ​ហ្វឹក​ហាត់ នៅ​ប្រទេស​ចិន។

បើទោះបីជា​ការ​ប្រកួត​កីឡាវ៉ូស៊ូ ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ លើក​ទី​៣ នេះ ត្រូវបានធ្វើ​ឡើង ដោយ​មិនសូវមាន​អ្នក​ទស្សនា ហើយ​គ្មាន​អ្នក​មុខ​អ្នក​ការ​ចូល​រួមជួយឧបត្ថម្ភ​គាំ​ទ្រ​ ដូច​ប្រភេទ​​កីឡា​ផ្សេងៗ​ទៀត​ក្តី​ ប៉ុន្តែ​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡាវ៉ូស៊ូ​កម្ពុជា លោក ម៉ៅ ចន្ថាវុធ បាន​មើល​ឃើញ​ថា កម្រិត​បច្ចេក​ទេស​នៃការ​ប្រកួត​ប្រជែ​ង​របស់​កីឡាករ កីឡា​ការិនីវ៉ូស៊ូ ក្នុង​ព្រឹត្តិ​ការណ៍​នេះ មាន​ការ​កើន​ឡើង។

លោក ម៉ៅ ចន្ថាវុធ បាន​ប្រាប់ ​ភ្នំ​ពេញ ប៉ុស្តិ៍ នៅ​ក្រោយ​ពិធី​បិទ​ការ​ប្រកួត កាលពី​ថ្ងៃទី​ ២៧ ខែវិច្ឆិកាថា៖​ «​តាម​រយៈការ​ប្រកួត​​កីឡាជាតិ លើក​ទី​៣ ឆ្នាំ​ ២០២២​ នេះ កីឡាវ៉ូស៊ូ​របស់​យើង មាន​ការ​រីកចម្រើន ហើយការ​រីក​ចម្រើន​នេះ ​ធ្វើឱ្យ​យើង​បាន​ស្គាល់​​កីឡាករ កីឡាការិនី ដែល​មាន​សក្តានុ​ពល ឈាន​ឆ្ពោះ​ទៅ​ហ្វឹកហាត់ ត្រៀម​ចូល​រួមការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣»។

តាម​របាយ​ការណ៍​របស់គណៈកម្មការ​​ប្រកួត បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡាវ៉ូស៊ូ ក្នុងព្រឹត្តិការណ៍​កីឡាជាតិ លើក​ទី​៣នេះ មាន​ប្រតិភូ​កីឡា​ តំណាង​ឱ្យ​ក្រសួង និង​ខេត្ត​ចំនួន ​​៦ បាន​ចូល​រួម ហើយ​ពួកគេ​បាន​ធ្វើ​ការ​ប្រកួត​នៅលើ​វិញ្ញាសា​ចំនួន ១៥ ដោយ​បាន​ចាប់​ផ្តើម​ពី​ថ្ងៃទី ២២ ដល់​ថ្ងៃទី​ ២៧។

ជា​លទ្ធផល​នៃ​ការ​ប្រកួត ដែល​ធ្វើនៅ​​ក្នុង​វិមាន​ពហុកីឡ​ដ្ឋាន​ជាតិ​នេះ ក្រុម​អត្តពលិក​របស់​ក្រសួងមហាផ្ទៃ ដណ្តើម​បាន​មេដាយ​មាស​ច្រើនជាង​គេ គឺមេដាយ​មាស ៦ ប្រាក់ ៦ សំរឹទ្ធ ១ ដើម្បី​ឈរ​នៅលេខ​ ១ រីឯលេខ​ ២​ បាន​ទៅ​ក្រុម​អត្ត​ពលិក​ខេត្ត​កំពត ដោយ​ឈ្នះ​បានមេ​ដាយ​មាស​ ៤ ប្រាក់​ ១ សំរឹទ្ធ​៣ លេខ​៣ ខេត្ត​ព្រះវិហារ បានមាស ​២ ប្រាក់ ​៥ សំរឹទ្ធ​ ៤ លេខ​ ៤ ខេត្ត​សៀម​រាប បាន​មាស ​២ ប្រាក់​ ២ សំរឹទ្ធ​ ៤ លេខ​ ៥ ខេត្តប៉ៃ​លិន បាន​មាស ​១ សំរឹទ្ធ​ ៧ និង​លេខ​ ៦ ខេត្ត​កណ្តាល បាន​មេដាយ​ប្រាក់​ ១ សំរឹទ្ធ​ ៥។

ជាមួយ​គ្នា​នេះ សម្រាប់​អត្ត​ពលិក ដែល​មាន​សមត្ថ​ភាព​លេចធ្លោ និងទទួល​បាន​ជយលាភី នៅ​ក្នុង​ការ​ប្រកួត​កីឡាជាតិ លើក​ទី​៣​ នេះ គឺ​ក្រុម​ការងារបច្ចេក​ទេស​របស់សហព័ន្ធ​កីឡាវ៉ូស៊ូកម្ពុជា នឹង​ធ្វើការ​ពិនិត្យបន្ថែម​ទៀត ដើម្បី​ធ្វើ​ឱ្យមាន​ភាព​ប្រាកដ​ប្រជាទៅ​លើ​សមត្ថ​ភាព និ​ង​បច្ចេក​ទេស​របស់ពួកគេ ដើម្បី​ដាក់ឱ្យ​ចូល​ហ្វឹក​ហាត់ ក្នុងក្រុមជម្រើសជាតិ សម្រាប់ត្រៀមចូល​រួម​ប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ជាមួយ​ក្រុមជម្រើសជាតិវ៉ូស៊ូ​កម្ពុជា ចំនួន​ ៩ នាក់​ទៀត (ស្រី ​១ នាក់) ដែល​កំពុង​ធ្វើការ​ហ្វឹក​ហាត់​នៅ​ប្រទេស​ចិន។

លោក ម៉ៅ ចន្ថាវុធ បាន​បញ្ជាក់​ថា៖ «ដោយសារ​តែ​បច្ចុប្បន្ន​នេះ ក្រុម​ជម្រើស​ជាតិ​របស់យើង គាត់​កំពុង​ហ្វឹក​ហាត់ នៅ​ប្រទេស​ចិន អ៊ីចឹង​យើង​នឹង​ជ្រើស​រើស​អ្នកមាន​សមត្ថ​ភាព និងបច្ចេក​ទេស​ចំនួន​​៦នាក់ ចេញ​ពីការ​ប្រកួត​កីឡាជាតិ​លើកនេះ ដាក់​​ចូល​បន្ថែម នៅ​ក្នុង​ក្រុមជម្រើស​ជាតិ សម្រាប់​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ដោយ​យើង​ត្រូវ​ប្រឹង​ប្រែង​ធ្វើ​យ៉ា​ងណា ឈាន​ទៅយក​មេដាយ នៅ​ក្នុង​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ​​ឱ្យបាន​»។

ទន្ទឹម​នឹង​នេះ លោក ម៉ៅ សុផល អគ្គលេខា​ធិការ​រង​នៃ​អគ្គលេខា​ធិការដ្ឋាន​ក្រុម​ប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ ដែល​ជា​អធិបតី​ភាព ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡាវ៉ូ​ស៊ូ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ កាលពីថ្ងៃទី​ ២៧ ខែវិច្ឆិកា​នេះ ក៏បាន​មើល​ឃើញ​ដែរ​ថា កីឡា​ករ កីឡាការិនី​ទាំង​អស់ ​បាន​បង្ហាញ​ពីការ​ប្រកួត​ប្រជែង​គ្នា ដោយ​ស្មារតី​កីឡា និង​ចេញ​ពី​ឆន្ទៈ​ដ៏ពិត​ប្រាកដ ដែល​អាច​មាន​សមត្ថភាព​ទៅ​ប្រកួត​តំណាង​ឱ្យ​ជាតិ​បាន។

លោក ម៉ៅ សុផល បាន​ថ្លែង​ថា៖​ «តាម​រយៈសមិទ្ធ​ផល ដែល​កើតចេញ​ពីការ​ខិតខំ​ប្រឹង​ប្រែង​រៀបចំ​របស់​លោក​គ្រូ អ្នក​គ្រូ និង​មន្រ្តី​បច្ចេកទេស​ ក្នុង​រយៈពេល​៥​ថ្ងៃ​មក​នេះ បានបង្ហាញ​នូវឆន្ទៈ​របស់កីឡាករ កីឡាការិនី​គ្រប់​រូប ហើយ​សូម​ចូល​រួម​បន្ត​ហ្វឹក​ហាត់ ដើម្បី​ឈាន​ទៅ​ប្រកួត​តំណាង​ឱ្យ​ជាតិ ក្នុងស៊ី​ហ្គេម ឆ្នាំ​ ២០២៣»។

យ៉ាង​ណាក៏​ដោយ លោក សុផល បាន​ជំរុញ និង​លើក​ទឹកចិត្ត​ដល់​ក្រុមគ្រូ​បង្វឹក ត្រូវ​ខំប្រឹង​បន្ថែម​ជំនាញ​ដល់​កីឡា​ករ កីឡាការិនី​របស់​ខ្លួន ទើប​អាច​ឈាន​ទៅ​ដណ្តើម​យក​មេដាយ​ជូនជាតិ​បាន។ «ខ្ញុំសង្ឃឹម និង​ជឿ​ជាក់​ថា បន្ទាប់​ពីការ​ប្រកួត​កីឡាជាតិ លើក​ទី​៣ ​នេះ លោកគ្រូ អ្នក​គ្រូ និង​ខិតខំ​ប្រឹង​ប្រែង​បង្វឹក​ដល់​កីឡាករ កីឡាការិនី​របស់​យើង​ឱ្យបានកាន់តែ​ខ្លាំង និង​ល្អ​ថែម​ទៀត ដើម្បី​យើង​អាច​ឈាន​ទៅ​បង្កើត​ស្នាដៃ តាម​រយៈ​ការ​ដណ្តើម​បាន​មេដា​យ នៅ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣​»៕