ភ្នំពេញ៖ ក្រុមប្រណាំងរថយន្តការ៉ាកម្ពុជា ដែល​បើកបរដោយ​កីឡាករ សោម សុកុសល និងជំនួយការអ្នកបើកបរ កីឡាករ វង្ស គីមហួត បាន​ទទួលចំណាត់លេខ ១ នៅ Class រថយន្តប្រើសាំង ពីព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Asia Cross Country Rally 2022 និងទទួល​បាន​ចំណាត់ថ្នាក់លេខ ១១ ក្នុងចំណោមរថយន្តសរុប ៣៤ ដែលបាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​កម្រិត​អាស៊ី​មួយនេះ។

សម្រាប់ការ​ទទួល​បានតំណែង​ជើងឯក ផ្នែក​រថយន្ត​ប្រើសាំង​នេះ គឺ​កីឡាករ សោម សុកុសល និងកីឡាករ វង្ស គីមហួត បាន​ធ្វើការប្រណាំងជាមួយ​រថយន្ត​មកពី​តាមបណ្តា​ប្រទេស​ផ្សេងៗ​ទៀត នៅ​លើរយៈ​ចម្ងាយផ្លូវសរុប​ចំនួន ១ ៧០០ គីឡូម៉ែត្រ ដោយ​ក្នុង​នោះ មានការ​ប្រណាំង​ចំនួន ​៥ ដំណាក់កាល នៅលើទឹកដីថៃ និងបាន​បញ្ចប់នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀម​រាប ទឹកដីកម្ពុជា ជាមួយ​ការ​ប្រណាំង ​១ ដំណាក់កាល កាលពីចុងសប្តាហ៍មុន។

ជាមួយ​​ការ​ឈ្នះពានរង្វាន់ Asia Cross Country Rally 2022 នេះ កីឡាករ វង្ស គីមហួត បានឱ្យ​ដឹង​ថា អ្នកប្រណាំងអន្តរជាតិ បានសរសើរ​ពី​ស្ថាន​ភាព​ផ្លូវ នៃ​ការ​ប្រកួត​ដំណាក់កាលចុងក្រោយ នៅលើ​ទឹក​ដី​កម្ពុជា ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា ទោះ​បីជា​ផ្លូវប្រកួតនៅ​កម្ពុជា​មានចម្ងាយខ្លី ប៉ុន្តែ​មា​នឧបសគ្គច្រើន ធ្វើឱ្យ​​ការប្រណាំងកាន់តែស្វិតស្វាញ និងជក់ចិត្ត ហើយ​នេះជាឱកាសមួយ ដែលធ្វើឱ្យ​កីឡាករយានយន្តយើង ទទួលបានបទពិសោធថ្មីៗ និងបង្កើនបច្ចេកទេសបាន​ខ្លាំងបន្ថែមទៀត ក្នុងការប្រកួតកម្រិតរថយន្តអន្តរជាតិនេះផងដែរ។

កីឡាករ វង្ស គីមហួត បញ្ជាក់ពីស្ថាន​ភាព​ប្រកួតជាក់​ស្តែង​​របស់​រថយន្តការ៉ា​កម្ពុជា​ បែប​នេះ​ថា៖ ​«សម្រាប់ប្រភេទរថយន្តប្រើសាំង គឺយើធ្វើបានល្អជាងគេ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមប្រភេទរថយន្តសាំង ដែលសុទ្ធ​សឹងតែជាជើងខ្លាំងមកបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមកពីតំបន់អាស៊ី»។

យ៉ាង​ណា​ក៏​ដោយ កីឡាករពោរពេញដោយបទពិសោធរូបនេះ ថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំពុះពារការលំបាក គ្រប់ពេលវេលា ក្នុងអំឡុងពេលប្រកួត ទាំងផ្តល់សេវាថែទាំរថយន្ត ជាពិសេសថ្លែងអំណរគុណចំពោះក្រុមហ៊ុនជាដៃគូឧបត្ថម្ភ ព្រម​ទាំង​អ្ន​ក​ពាក់ព័ន្ធ​នឹងវិស័យកីឡាយានយន្ត ដែលបានឧបត្ថម្ភ និង​ផ្តល់ការគាំទ្រ កម្លាំងចិត្ត សម្រាប់ការចូលរួមប្រកួតរបស់ក្រុមកីឡាយានយន្តកម្ពុជា ក្នុងព្រឹត្តិការណ៍នេះឱ្យ​ដំណើរការដោយរលូន និងជោគជ័យ។

ដោយឡែកលោក ហូ សិទ្ធីគុណ ប្រធានក្លិប KARA បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តសៀមរាប ដែលតែងតែអនុញ្ញាត និងគាំទ្រយ៉ាងពេញទំហឹងឱ្យ​ក្លិប ការ៉ាបានរៀបចំព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិមួយនេះ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាយានយន្ត នៅ​កម្ពុជា ឱ្យ​កាន់តែរីកចម្រើនជាបន្តបន្ទាប់។

សម្រាប់​ព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Asia Cross Country Rally 2022 នេះ មានប្រទេសចូលរួមចំនួន ​៩ គឺ​មាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម តៃវ៉ាន់ ជប៉ុន កូរ៉េ បារាំង និងប្រទេសថៃ។ ជាលទ្ធផលក្រុមប្រណាំងការ៉ាកម្ពុជា បានចំណាត់ថ្នាក់​លេខ ១ លើប្រភេទរថយន្តប្រើ​សាំង និងលទ្ធផលរថយន្តសរុបទាំងសាំង និងម៉ាស៊ូត បានលេខ ១១ ចំណែក​​ក្រុមសាយ៉ាមប្រូតូថាយ​របស់​កម្ពុជា​ដែរ​នោះ បានទទួល​​លេខ ១២ ក្នុងចំណោម​រថយន្ត​សរុប ៣៤ គ្រឿង៕