ភ្នំពេញៈ ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​អាយ​ធី​អែ​ហ្វ​កម្ពុជា (ITF) លោក កែវ រ៉េមី បានបង្ហាញ​ការខកចិត្ត​ជុំវិញ​ការដក​ ITF របស់​កូរ៉េខាងជើង​ចេញពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​។​

លោក រ៉េមី ថ្លែង នៅក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​ ២០២២ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ថ្ងៃទី​ ២៣ ខែវិច្ឆិកា​ថា​៖ «​វា​ជា​រឿង​ដែល​សោកស្តាយ​បំផុត​សម្រាប់​កម្ពុជា ដែល​ប្រភេទ​កីឡា​មាន​សក្តានុពល​បំផុត​របស់ខ្លួន ត្រូវបាន​ដកចេញ​វិញ នៅក្នុង​ការកំណត់​ប្រភេទ​កីឡា​ចុងក្រោយ​របស់​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ កាលពីដើម​ខែតុលា ឆ្នាំ ​២០២២ ​នេះ ប៉ុន្តែ​ដំណឹង​ដ៏​ក្តៅគគុក​នេះ មិន​ត្រូវបាន​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ជា​សាធារណៈ​នោះទេ​»​។​

លោក កែវ រ៉េមី បានថ្លែងដោយ​សម្តែង​ការខកចិត្ត​ខ្លាំង ដែល​ការព្យាយាម​របស់​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​អាយ​ធី​អែ​ហ្វ​កម្ពុជា ព្រមទាំង​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) និង​ភាគី​ពាក់ព័ន្ធ​មួយចំនួនទៀត ក្នុង​ការដាក់​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF ចូលក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ជា​លើកដំបូង នៅ​ឆ្នាំ​ ២០២៣ អស់​រយៈពេល​ជាង​ ៣​ ឆ្នាំ​មកនេះ ​ត្រូវបាន​រលាយបាត់​ទៅវិញ​ទាំង​បែបនេះ​។

លោក​បាន​ថ្លែងថា​៖ «​ពេលវេលា ស្ថិរភាព និង​សន្ដិភាព ពិត​ជាមាន​សារៈសំខាន់ ដែល​ធ្វើឱ្យ​កីឡា​របស់​យើង កំពុងតែ​បោះពួយ​នៅលើ​ឆាក​អន្ដរជាតិ គេ​ទទួលស្គាល់ ហើយ​យើង​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំក្រោយ ក៏ប៉ុន្ដែ​អ្វីដែល​អកុសល​សម្រាប់​ស​ហ​ព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF របស់​យើង មិនបាន​ចូលរួម​ស៊ី​ហ្គេម ហើយ​ការ​មិនបាន​ចូលរួម នៅ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣​ នេះ មិនមែន​មានន័យថា យើង​ខ្សោយ​ទេ តែដោយសារ​យើង​ខ្លាំងពេក​»​។ «ITF មាន​ភាពល្បីល្បាញ តាមរយៈ​ការឈាន​ទៅ​ដណ្តើមបាន​មេដាយមាស ទាំង​កម្រិត​អាស៊ាន អាស៊ី និង​ការប្រកួត​ជើងឯក​ពិភពលោក​»​។​

គួររំឭកថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​អ្នក​ផ្តួចផ្តើម និង​គាំទ្រ​ខ្លាំង​បំផុត ក្នុង​ការដាក់​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF របស​កូរ៉េខាងជើង ចូលទៅក្នុង​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣​ នេះ ដោយ​លោក​បាន​បញ្ជាក់ថា ការដាក់បញ្ចូល​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ​កូរ៉េខាងជើង (International Taekwondo Federation) និង​តេ​ក្វាន់​ដូ​កូរ៉េខាងត្បូង (World Taekwondo Federation) នៅក្នុង​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ​នេះ ដើម្បី​បង្រួម​បង្រួប​ឧបទ្វីប​កូរ៉េ​។​

ថ្លែង​ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​ដល់​កីឡាការិនី អ៊ុក ស្រីមុំ កាលពី​ថ្ងៃទី ​៥ ខែមករា ឆ្នាំ​ ២០២២ លោក ហ៊ុន សែន បាន​បញ្ជាក់ថា៖ «​យើង​ដាក់ឱ្យ​ប្រកួត​ទាំង​ ITF របស់​កូរ៉េខាងជើង និង WT​ របស់​កូរ៉េខាងត្បូង ព្រោះនេះ​ជា​ផ្នែក​មួយ​នៃ​ការខិតខំ ដើម្បីឱ្យ​កូរ៉េ​ទាំង ​២ ឈាន​ខ្ពស់​ទៅរក​ការបង្រួបបង្រួម​ជាតិ​»​។

លោកនាយក​រដ្ឋមន្ត្រីបាន​បន្ថែមថា ការដាក់បញ្ចូល​ប្រភេទ​កីឡា​ទាំង ​២ ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​ ២០២៣​ នេះ ក៏​ស្របតាម​គោលបំណង​របស់​ប្រធាន​ធិបតី​កូរ៉េខាងត្បូង លោក មូន ជេអុីន ដែល​ខិតខំ​ប្រឹងប្រែង​ឱ្យមាន​កិច្ចព្រមព្រៀង​សម្របសម្រួល​រវាង​កូរ៉េ​ទាំង​ ២ មុន​ខ្លួន​ចប់​អាណត្តិ​។ «​ក្នុង​ដំណើរការ​ឆ្ពោះទៅកាន់​ការសម្របសម្រួល​នេះ វា​គួរតែ​យើង​ដែលជា​អ្នក​ខាងក្រៅ ដែល​ចង់ឃើញ​ឧបទ្វីប​កូរ៉េ មាន​សុខសន្តិភាព គួរ​គាំទ្រ​ឱ្យ​កីឡា​ទាំង​ ២​ នេះ បាន​ចូលទៅ​ប្រកួត​។ បើ​ ១ ​បាន​ចូល ហើយ​ ១ ​អត់​បាន​ចូល វា​មាន​ចរិត​រើសអើង​របស់​វា​»​។​

តែ​ទោះបីជា​យ៉ាងណា ការព្យាយាម​សម្រុះសម្រួល​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន រវាង​ប្រទេស​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង តាមរយៈ​រូបភាព​ជាការ​ប្រកួត​កីឡា​នេះ នៅតែ​មិនអាច​ទៅរួច ដោយសារតែ​វិវាទ​របស់​ប្រទេស​ទាំង​២​នេះ ចាប់ផ្តើម​ឡើងក​ម្តៅ​ជាថ្មី​ធ្វើឱ្យ​ទំនាក់​ទំ​នង​របស់​ប្រទេស​ជា​បងប្អូន​មួយ​នេះ មិនអាច​ស្រោចស្រង់់ ក្នុងការ​ឈានទៅរក​ការបង្រួបបង្រួម​ឧបទ្វីប​កូរ៉េ បាន​នោះទេ​។​

គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​នេះ បានកំណត់​យក​៣៨​ប្រភេទ​កីឡា​ឱ្យ​ប្រកួត រួមមាន​អត្តពលកម្ម (Track&Field​និង ម៉ា​រ៉ា​តុង​) កីឡា​លើទឹក (​ហែល​ទឹក​, លោតទឹក​, បាល់​ទឹក និង​ហែល​ទឹក​ជើង​ទា​) វាយ​សី បាល់បោះ (៥×៥ និង ៣×៣) ប៊ីយ៉ា ស្នូកឃ័រ ប្រដាល់សកល កាយ​វប្បកម្ម​អុក​(​អុកចត្រង្គ និង​អុក​ចិន​) ទោចក្រយាន (​កង់​គួ​ក និង​កង់​ភ្នំ​) គ្រី​ក​ឃី​ត (T20/Sixes និង T50/T20) កីឡា​រាំ កីឡា​អេឡិចត្រូនិក គុន​ដាវ Floorball​ បាល់ទាត់ (​បុរស​-​នារី​) វាយកូនគោល​កាយសម្ព័ន្ធ (Aerobic និង Artistic)​។

​ចំណែក ​១៨ កីឡា​ហុក​គី (​រួមបញ្ចូល​ក្នុង​សាល និង​ក្រៅ​សាល​) ម៉ូតូ​ទឹក យូ​ដូ កា​រ៉ា​តេ យុទ្ធ​គុន​ចម្រុះ (​គុន​ល្បុក្កតោ​, Arnis​ គុនដំបង​របស់​ហ្វីលីពីន​, ជឺ​ជី​តស៊ូ​, ឃី​ក​បុក​សី​ង​, វ៉ូ​វី​ណា​ម​, គុន​ខ្មែរ​)​ កីឡា​ឧបសគ្គ បញ្ច​សីលា ប៉េតង់ ទូកក្ដោង សីដក់ សូ​ហ្វ​តិ​ន្នី​ស វាយ​កូនឃ្លី​លើ​តុ តេ​ក្វាន់​ដូ WT វាយ​កូន​បាល់ ប្រណាំងទូក​ប្រពៃណី ទ្រី​យ៉ា​ត្លុង (​រួមទាំង អា​គ័​រ​ត្លុង និង​ឌូ​អា​ត្លុង​) ​បាល់ទះ (​ក្នុង​សាល និង​លើ​ឆ្នេរ​ខ្សាច់​) លើក​ទម្ងន់ ចំបាប់ វ៉ូ​ស៊ូ និង​ទី​៣៨ គឺជា​កីឡា​សម្ដែង (Demonstration Sport) ឬ​កីឡា Teqball៕

​ ​