ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​​​អង់គ្លេស បានកក់​កៅអី​​របស់​ខ្លួន​ទៅ​វគ្គ ​១៦ ​ក្រុម​ចុងក្រោយ​នៃព្រឹត្តិ​ការណ៍ World Cup ដើម្បី​ទៅ​ជួប​​ក្រុម​ជម្រើស​ជាតិ​សេ​ណេ​ហ្គាល់ ក្រោយពី​ខ្សែ​ប្រយុទ្ធ Marcus Rashford និង Phil Foden បាន​ជួយ​ឲ្យ​អង់គ្លេស ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ៣-០ លើ​ក្រុម​ជម្រើស​ជាតិ​វេលស៍ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ប្រទេស​ជិត​ខាង​របស់​ពួក​គេ ធ្លាក់​ចេញពី​យុទ្ធនាការ​នេះ កាលពីថ្ងៃ​​អង្គារ ទី​ ២៩ ខែ​វិច្ឆិកា​។

ក្រុម​របស់​លោក Gareth Southgate បាន​បញ្ចប់​ដោយ​ការ​ឈរលេខ​ ១ ក្នុងពូល B ក្រោយពីការ​រក​បាន​គ្រាប់បាល់​ ២ ​គ្រាប់​ពី Rashford និង ​១ ​គ្រាប់​ពី Foden ក្រោយពី​កីឡាករ​ទាំង​ ២ ត្រូវ​បាន​ដាក់​ឲ្យ​លេង​ក្នុង​ជម្រើស​ដំបូង​វិញ​។

ជ័យ​ជម្នះ​នេះ មានន័យ​ថា ក្រុម​ជម្រើស​ជាតិ​អង់គ្លេស នឹង​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម​ឈរលេខ ​២ ​ក្នុង​ពូល A សេ​ណេហ្គាល់ ក្នុងការ​ប្រកួត​វគ្គ​ ១៦ ក្រុម​ចុងក្រោយនៅ​ថ្ងៃ​អាទិត្យ​ ក្រោយពី​ក្រុម​ជម្រើស​ជាតិ​សេណេ​ហ្គាល់ បាន​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​អេ​ក្វាទ័រ ក្នុងលទ្ធ​ផល ២-១​។

ស្រប​ពេល​ជាមួយ​គ្នានេះ លោក Gregg Berhalter គ្រូបង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ​​អាមេរិក បាន​​និយាយ​ថា ក្រុម​របស់​លោក​សម​នឹង​​ឈ្នះកៅអី​ទៅវគ្គ​ ១៦ ក្រុម​​ចុងក្រោយ ក្រោយ​ពី​ពួកគេ​បានផ្តួលក្រុម​ជម្រើស​ជាតិ​​អុីរ៉ង់ ក្នុងលទ្ធ​ផល ១-០ ដើម្បី​ឡើង​ទៅ​ជួប​ជាមួយនឹងក្រុម​​ជម្រើស​ជាតិហូ​ឡង់ ក្នុង​វគ្គ​បន្ត​​។

រយៈពេល​ ៥ ​ឆ្នាំ ក្រោយពី​អាមេរិក​បាន​ជួប​ការ​ខក​ចិត្ត​ដោយ​សា​រតែ​ការ​ខក​ខានក្នុង​ការ​ឈ្នះកៅអី​ទៅ​ប្រកួត World Cup ឆ្នាំ​ ២០១៨ ក្នុងប្រទេស​រុស្ស៊ី លោក Berhalter បាន​ដឹកនាំក្រុម​​អាមេរិក​ដែលប្រជុំ​ដោយ​កីឡាករ​វ័យ​ក្មេង ទៅកាន់​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​។

ខ្សែ​ការ​ពារ​អុីរ៉ង់ RaminRezaeian (ឆ្វេង) ប្រជែង​ដណ្តើម​បាល់​​ជាមួយនឹង​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​អាមេរិក Christian Pulisic ក្នុង​ការ​ប្រកួត World Cup កាលពីថ្ងៃ​អង្គារ ទី​ ២៩ ខែ​វិច្ឆិកា​។AFP

ការ​ដណ្តើម​បាន​លទ្ធផល​ស្មើ​ជាមួយ​នឹងក្រុម​ជម្រស​ជាតិ​វេលស៍ និង​អង់គ្លេស មុន​ពេល​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ១-០ លើ​អុីរ៉ង់ បាន​ជួយ​ឲ្យ​អាមេរិក​ទៅ​វគ្គ​បន្ត​តែម្តង​។ ប៉ុន្តែទោះ​បី​ការ​ជួប​ជាមួយនឹងហូ​ឡង់ ក្នុង​វគ្គ​ ១៦​ក្រុមចុងក្រោយ នឹងក្លាយ​ជា​ការ​ប្រកួត​ដ៏​តាន​ដឹង​ក៏ដោយ លោក Berhalter បាន​និយាយ​ថា ក្រុម​របស់​លោក មិន​ត្រូវ​គិត​ថា ខ្លួន​ជាក្រុម​អន់​ជាង​ឡើយ​។

លោក Berhalter បាន​ឲ្យដឹងថា៖ «វា​ជា​ឱកាស​ដ៏​​អស្ចារ្យ​មួយ ប៉ុន្តែ វា​មិនមែន​ជា​ការ​ប្រកួត​ដែលយើង​នឹង​គិត​ថា វា​ជា​គិត្តិ​យស​មួយឡើយ​»​៕ AFP