ខ្សែ​ប្រយុទ្ធ Lionel Messi និង Robert Lewandowski នឹង​ធ្វើ​ដំណើរ​ទៅកាន់​ការ​ប្រកួត​កាត់សេច​ក្តី​រវាងក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់​ទីន និង​ប៉ូឡូញ នៅ​រា​ត្រី​ថ្ងៃពុធ ទី​ ៣០ ខែ​វិច្ឆិកា នេះ ស្រប​ពេល​ដែល​អនា​គត​​របស់​កីឡាករ​ទាំង​ ២​​ ក្នុង​ World Cup ដែល​អាច​ជា​យុទ្ធ​នា​ការ​លើក​ចុងក្រោយ​របស់​ពួកគេ កំពុង​តែ​ស្ថិ​តក្នុង​ភាព​មិនច្បាស់​។

ម្នាក់​ក្នុង​ចំណោម​កីឡាករ​ទាំង​ ២ ដែល​ជា​កីឡាករ​ដ៏​​ឆ្នើម​បំផុត​ក្នុង​កីឡា​បាល់​ទាត់​​ទ្វីប​អឺ​រ៉ុប អាច​​នឹង​ខក​ខាន​ក្នុងការ​ឈាន​ទៅ​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​នៅ​ប្រទេស​កាតា និង​បញ្ចប់​​អាជីព​របស់​ខ្លួន ដោយ​មិន​ធ្លាប់​បាន​ភ្លក្ស​រស​ជាតិនៃ​ការ​ឈ្នះ​ពាន​ដ៏​មាន​កិត្យា​នុភាព​បំផុត​ក្នុង​កីឡា​បាល់ទាត់​។ Messi បាន​ស៊ុត​បាល់បញ្ចូល​ទី​២​ គ្រាប់​រួចជាស្រេច​ក្នុង​​ការ​ខិត​ខំព្យាយាម​របស់​​គេ​ ដើម្បី​​តាម​ស្មើ​កំណត់​ត្រា​របស់​លោក Diego Maradona និង​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​​អាហ្សង់ទីន ឈ្នះ​ពាន World Cup ហើយ​រូប​គេ​កំពុង​តែ​ព្យាយាម​ជួយ​ឲ្យ​អាហ្សង់ទីន ឆ្លង​ឲ្យ​ផុត​វគ្គ​ចែកពូល ជាមុន​សិន ក្រោយពី​ពួកគេ​បាន​រង​បរាជ័យ​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​​អា​រ៉ាប៊ី​សាអ៊ូឌីត ក្នុង​ការ​ប្រកួត​បើកឆាក​របស់​ពួកគេ​។

ក្រុម​ជម្រើស​ជាតិ​​អាហ្សង់ទីន បាន​ផ្តួល​ក្រុ​មជម្រើស​ជាតិ​ម៉ិក​ស៊ិក ក្នុងលទ្ធ​ផល ២-០ ដើម្បី​សង្គ្រោះ​យុទ្ធ​នា​ការ​របស់​ខ្លួន និង​កំពុង​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ ២ ដោយ​មាន ​៣ ពិន្ទុ ស្មើ​ជាមួយនឹងក្រុម​​អា​រ៉ាប៊ីសា​អ៊ូឌីត ​និង ​១ ពិន្ទុ​តាម​ពីក្រោយ​ប៉ូឡូញ ហើយ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ នឹង​​ធ្វើ​ឲ្យ​យុទ្ធ​នា​ការ​របស់ Messi វ័យ​ ៣៥ ​ឆ្នាំ នៅ​ប្រទេស​កាតា បន្ត​រហូត​ដល់​ខែ​ធ្នូ​។

ការ​ធ្លាក់​ចេញ​របស់​អាហ្សង់ទីន នឹងក្លាយ​ជា​លទ្ធផល​ដ៏​សោក​ស្តាយមួយ​សម្រាប់​អ្នក​គាំទ្រ​របស់​ពួកគេ​ទាំង​ក្នុង​ប្រទេស និង​ទូ​ទាំង​ពិភព​លោក ដោយ​អ្នក​គាំទ្រ​ជាច្រើន​ ចង់​ឃើញ Messi លើក​ពាន World Cup។

ក្រោយ​ពី​ក្រុ​ម​ខ្លួន​បាន​យកឈ្នះលើ​ក្រុម​ជម្រើស​​ជាតិម៉ិក​ស៊ិក ដើម្បី​សង្គ្រោះ​យុទ្ធ​នា​ការ​របស់​ខ្លួន​វិញ​លោក Lionel Scaloni គ្រូបង្វឹក​របស់​អាហ្សង់ទីន បាន​និយាយ​ថា៖ «វា​ពិត​ជាលំបាក​ក្នុងការ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​យល់​ថា ព្រះ​អាទិត្យ នឹង​រះ​នៅ​ថ្ងៃ​ស្អែក ឈ្នះ ឬ​ចាញ់​។ មិន​ថា បែប​ណា​ក៏ដោយ យើ​ងត្រូវ​តែ​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​»​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប៉ូឡូញ Robert Lewandowski អប​អរ ក្រោយពី​រក​បាន​គ្រាប់​បាល់​ទី​២​សម្រាប់​ក្រុមរបស់​ខ្លួន អំឡុង​ការ​ប្រកួត World Cup កាលពីថ្ងៃទី​ ២៦​ ខែ​វិច្ឆិកា​។ AFP

ជាមួយ​គ្នានេះ Lewandowski បាន​រំភើប​រហូត​ដល់​ហូ​រទឹក​ភ្នែក ក្រោយពី​បាន​បំពេញក្តី​សុបិនតាំង​ពីកុមារ​ភាព​របស់​ខ្លួន តាមរយៈ​ការ​ស៊ុត​បាល់បញ្ចូល​ទី​ជាលើក​ដំបូង​របស់​គេ​ក្នុង​ព្រឹត្តិការណ៍ World Cup ក្នុងការ​បង្ហាញខ្លួន​ជាលើក​ទី​៥​ របស់​គេ ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​នេះ ក្នុង​ពេលក្រុមខ្លួន​បាន​យកឈ្នះក្នុងលទ្ធ​ផល ២-០ លើ​ក្រុម​ជម្រើស​ជាតិ​អា​រ៉ា​ប៊ី​សាអ៊ូឌីត​។

ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Barcelona រូបនេះ ដឹង​ថា រូប​គេ​អាច​នឹង​មិនមាន​ឱកាស​មួយ​ផ្សេង​ទៀត​ក្នុង World Cup ឡើយ ប្រសិន​បើ​ប៉ូឡូញ ធ្លាក់​ចេញ​ពី​យុទ្ធនាការ​​នេះ នៅ​ត្រឹម​ថ្ងៃ​ពុធ​ ទី ​៣០ ខែ​វិច្ឆិកា​នេះ​។ កីឡាករ​វ័យ​៣៤​ឆ្នាំ​រូប​នេះ​បាន​ឲ្យដឹងថា៖ «ខ្ញុំ​​ដឹង​ថា វា​អាច​នឹងក្លាយ​ជា​ World Cup លើក​ចុងក្រោយ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​បាន​លេង និង​បាន​ស៊ុត​បាល់បញ្ចូល​ទី​ក្នុង World Cup»​៕ AFP

កម្ម​វិធីប្រកួតនៅ​រាត្រីនេះ៖

អូស្ត្រាលី​ v ដា​ណឺ​ម៉ាក ម៉ោង ១០ យប់

ទុយនីស៊ី v បារាំង ម៉ោង ១០ យប់

ប៉ូឡូញ v អាហ្សង់ទីន ម៉ោង ២ ទៀប​ភ្លឺ

អា​រ៉ា​ប៊ី​ សា​អ៊ូឌីត v ម៉ិក​ស៊ិក ម៉ោង ២ ទៀប​ភ្លឺ