ភ្នំពេញ៖ គណៈកម្មការ​រៀបចំការ​ប្រកួត​កីឡាការ៉ាតេ​​របស់​កម្ពុជា បាន​ទៅ​លោក​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុន្នីរ័ត្ន ជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា និ​ង​ថ្នាក់​ដឹកនាំ ជាគណៈកម្មាធិការ​ប្រតិបត្តិ​ផ្សេងៗ​ទៀត​របស់សហព័ន្ធ​នេះ ​ឱ្យ​ធ្វើ​ការ​ជ្រើស​រើស​យក​កីឡាករ កីឡការិនី​ ដែលមានម​សមត្ថ​ភាព និងឆន្ទៈ​ខ្ពស់ ដាក់​ចូល​ហ្វឹកហាត់​បន្ថែម នៅ​ក្នុង​ក្រុមជម្រើសជាតិ​ ដើម្បី​ត្រៀម​ចូល​រួមការ​ប្រកួតស៊ីហ្គេម លើក​ទី​២៣ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

គណៈកម្មការ​រៀបចំការ​ប្រកួត​កីឡាការ៉ាតេ ដោយមាន​លោក ណុប វណ្ណថារ៉ូ ជាប្រធាន និង​លោក​ ដែក ភារៈ ជា​អ្នក​ធ្វើ​របាយការណ៍ បាន​រួមគ្នា​ ដាក់​សំណូមពរ​បែបនេះ ទៅ​កាន់​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា បន្ទាប់ពី​ក្រុម​មន្រ្តី​បច្ចេក​ទេស​ទាំងនេះ បាន​មើល​ឃើញ​ពីភាព​រីក​ចម្រើន​របស់កីឡាករ កីឡាការិនី ដែល​ទើប​បាន​បញ្ចប់​ការ​ប្រកួត ក្នុងព្រឹត្តិការណ៍​កីឡាជាតិ លើក​ទី​៣ ឆ្នាំ ​២០២២ កាលពី​ថ្ងៃទី ​២៩ ខែវិច្ឆិកា​នេះ។

តាម​របាយការណ៍​ស្តីពី​ការ​ប្រកួត​កីឡាការ៉ាតេ ក្នុងព្រឹត្តិកការណ៍​កីឡា​ជាតិ លើក​ទី​ ​៣ ឆ្នាំ​២០២២នេះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡាការ៉ាតេ បាន​កត់សម្គាល់​ឃើញ​ថា កម្រិត​បច្ចេកទេស កីឡាករ កីឡាការិនី​ភាគ​ច្រើន មានការ​រីកចម្រើនជាង​មុន បើ​ប្រៀប​ធៀប​នឹង​ឆ្នាំមុនៗ ហើយការ​រីក​ចម្រើន​នេះ មកពីកីឡាករ កីឡាការិនី​ទាំង​អស់ ទាំង​ផ្នែកកាតា និង​ប្រយុទ្ធ មានបទពិសោធ​ច្រើន ដោយ​បានចូល​រួម​​ប្រកួត​ជា​ច្រើន​លើក គួប​ផ្សំនឹ​ង​គ្រូ​បង្វឹក​មានបទពិសោធ​ និងទេព​កោសល្យបង្ហាត់ ធ្វើ​ឱ្យ​​អត្តពលិក​ឆាប់យល់ និងឆាប់ទទួល​​បាន​នូវ​បច្ចេក​ទេស ដែល​គ្រូ​បង្ហាត់។

ជាមួយ​គ្នានេះ គណៈកម្មការ​រៀបចំ​ការ​ប្រកួតកីឡា​​ការ៉ាតេ បាន​ធ្វើ​ការ​វាយតម្លៃ​ជារួម ជុំ​វិញ​ការ​ប្រកួត​កីឡាជាតិ លើក​ទី​៣ ឆ្នាំ​២០២២នេះ​ថា៖​ «តាម​រយៈការ​ប្រកួតនេះ កីឡាករ កីឡាការិនី មាន​កម្រិត​បច្ចេក​ទេស ឆន្ទៈ ថាមពល​ខ្លាំ​ក្លា ព្រមទាំង​ចេះ​សាមគ្គី​គ្នា មានសុជីវធម៌ និងចេះ​គោរព​ឱ្យ​តម្លៃ​គ្នា។ ចំណែក​អាជ្ញាកណ្តាល ចៅ​ក្រម មានចំណេះ​ដឹង និងសមត្ថ​ភាពខ្ពស់ ធ្វើ​ឱ្យ​ការ​ប្រកួត​មាន​សាមគ្គីគ្នា ដែល​ធ្វើ​ឱ្យការ​ងារ​ទទួលបានជោគជ័យគួរជាទី​មោទនភាព»។

ក្រុម​អត្តពលិក​រប​ស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពេល​តជាមួយគណៈអធិបតី នៅក្នុងពិធីការ​ប្រកួត កាលពីថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២។ រូប​ថត ឈន ណន

ជាមួយការ​មើលឃើញ​ពី​ភាព​រីកចម្រើន ទៅលើ​គុណ​ភាព និងសមត្ថ​ភាព​នៃ​ការ​ប្រកួត​ប្រជែង​របស់កីឡាករ កីឡាការិនីការ៉ាតេ​កម្ពុជា ក្នុងព្រឹត្តិការណ៍​កីឡាជាតិ លើក​ទី​៣នេះ គណៈកម្មការ​រៀបចំ​ការ​ប្រកួតកីឡា​ការ៉ាតេ បាន​ធ្វើការ​សំណូមពរទៅប្រធានសព័ន្ធ​កីឡាការ៉ាតេ​កម្ពុជា បែបនេះ​ថា៖​ «យើង​ស្នើ​សុំ​ជ្រើស​រើស​បន្ថែម​នូវ​ចំនួនកីឡាករ កីឡាការិនី​ ដែល​មានសមត្ថ​ភាព និង​ឆន្ទៈខ្ពស់​ ចូល​ទៅ​ក្នុង​ក្រុម​ជម្រើសជាតិ ឱ្យបាន​គ្រប់​ចំនួន​វិញ្ញាសា​ប្រកួត​នៅស៊ីហ្គេម ដើម្បីត្រៀម​លក្ខណៈ​កីឡាស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែលកម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ»។

ការ​ស្នើសុំ​បែបនេះរបស់​​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ការ៉ាតេ ត្រូវបាន​ធ្វើ​ឡើង នៅក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡាជាតិ លើក​ទី​៣ ឆ្នាំ ​២០២២ លើប្រភេទ​កីឡាការ៉ាតេ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ក្រោម​អធិបតី​ភាពលោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធ​កីឡាការ៉ាតេ​កម្ពុជា ដែលតំណាង​ឱ្យលោក ​អូន ព័ន្ធមុន្នីរ័ត្ន ជាប្រធានសហព័ន្ធ។

​​បន្ថែម​លើ​នេះ គណៈកម្មការ​រៀបចំ​ការ​ប្រកួតកីឡា​​ការ៉ាតេ ក៏​បានសំណូមពរ​ទៅ​សហព័ន្ធ​កីឡាការ៉ាតេ​កម្ពុជា នៅចំណុច​សំខាន់ចំនួន៤ទៀត​ផងដែរ ទី​១ ត្រូវ​បែង​ចែក​ភារកិច្ច​ឱ្យ​បានច្បាស់​លាស់នូវគណៈកម្មការ​នីមួយៗ ដើម្បី​ងាយ​ស្រួល ក្នុងការបំពេញការងារឱ្យកាន់តែ​មាន​ប្រសិទ្ធភាព ទី​២ ស្នើ​សុំ​ឱ្យមាន​រៀបចំវគ្គ​សិក្ខាសាលា​បច្ចេក​ទេស កម្រិត​អន្តរជាតិ ឱ្យ​បាន​ម្តង ក្នុង​១​ឆ្នាំ​ផងដែរ។

ចំណែក​ចំណុចទី​៣ ស្នើសុំ​ផ្តល់​បើក​វគ្គ​បង្រៀន​អាជ្ញាកណ្តាល ចៅ​ក្រម​ថ្នាក់ជាតិ គ្រូ​បង្វឹក និងច្បាប់​ប្រកួត​ដល់​កីឡាករ កីឡាការិនី​ជម្រើសជាតិ ដើម្បី​ឱ្យ​មាន​ចំណេះ​ដឹង​លើ​ច្បាប់​ប្រកួត​ពិភព​លោក សម្រាប់ពេល​ប្រកួត គឺ​យ៉ាង​ហោចណាស់​ ១ ​ឆ្នាំ​ឱ្យបានមួយ​វគ្គ ដែល​មាន​ចំនួន ​៣ ​ថ្ងៃ​យ៉ាតិច​បំផុត ក្នុង​១​វគ្គ រីឯ​ទី ​៤ ស្នើ​សុំ​ឱ្យកីឡាករ កីឡាការិនី​នៅតាម​ក្លិប​មួយចំនួន ដែលមាន​លទ្ធ​ភាព​​អាច​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស ដើម្បី​ឱ្យ​កីឡាករ កីឡាការិនី​កាន់តែ​មានបទពិសោធ​ច្រើន ក្នុងការ​ប្រកួត។

យ៉ា​ងណា​មិញ សម្រាប់​ការ​ប្រកួតកីឡាជាតិ លើកទី​៣ ឆ្នាំ​២០២២ លើ​ប្រភេទកីឡា​ការ៉ាតេ​នេះ ក្រុម​អត្តពលិក​របស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់​លោក​ប្រធានសហព័ន្ធ អូន ព័ន្ធមុន្នីរ័ត្ន ដណ្តើម​បានមេដាយ​មាស​ច្រើនជាង​គេ ក្នុងការ​ប្រកួត​នៅលើវិញ្ញាសា​ទាំង ១២ ដើម្បី​ឈរនៅ​ចំណាត់​ថ្នាក់លេខ ​១ គឺ​ពួកគេ​ បាន​ឈ្នះ​មេដាយមាស ​៧ ប្រាក់ ​១ សំរឹទ្ធ​ ៤ និងតាមពី​ក្រោយ​ដោយ​ខេត្តកំពង់ស្ពឺ ដែល​ដណ្តើម​បានមេដាយមាស ​២ ប្រាក់ ​៤ និងសំរឹទ្ធ ​២។

ចំណែក​ក្រុម​អត្តពលិក​របស់​ក្រសួងការពារជាតិ បាន​ឈរ​នៅលេខ​៣ ដោយ​ឈ្នះ​បានមេដាយមាស​២ ប្រាក់​២ សំរឹទ្ធ​៤ លេខ​៤ ក្រសួង​មហាផ្ទៃ បានមេដាយមាស​១ ប្រាក់២ សំរឹទ្ធ​៣ លេខ​៥ រាជធានីភ្នំពេញ បានមេដាយ​ប្រាក់​២ សំរឹទ្ធ​៣ និងខេត្តកណ្តាល បានមេដាយ​ប្រាក់​១ និងសំរឹទ្ធ​៤៕