លោក Luis Enrique បាននិយាយ​ថា ក្រុម​បាល់ទាត់​ជម្រើស​​អេ​ស្ប៉ាញ នឹង​មិន​ពឹង​ផ្អែក​លើ​លទ្ធផល​ពីការ​ប្រកួត​ផ្សេង​ឡើយ នៅពេល​ដែលពួក​គេ​ប៉ះ​ជាមួយ​នឹងក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ១​ ខែ​ធ្នូ​នេះ ដោយ​ពួក​គេ​នឹង​សម្លឹង​រក​​ការ​ដណ្តើមយក​ជ័យ​ជម្នះ និង​ឈ្នះកៅអី​ទៅ​វគ្គ​ ១៦​ ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup​។

អេ​ស្ប៉ាញ ដែលមាន​រហស្ស​នាម​ថា La Roja កំពុង​តែនាំមុខ​លើ​កំពូល​តា​រាង​នៃ​ពូល E ដោយ​មាន ​៤ ពិន្ទុ ហើយ​នឹង​ត្រូវ​ឈ្នះកៅអី​ទៅ​​លេង​ក្នុង​វគ្គ​​បន្ត បើ​ទទួល​បាន​ត្រឹម​លទ្ធផល​ស្មើ ប៉ុន្តែពួក​គេ​កំពុង​តែ​ដាក់​គោល​ដៅ​លើ​ការ​​ដណ្តើម​ឲ្យ​បាន​៣ពិន្ទុ នៅកីឡដ្ឋាន​​អន្តរ​ជាតិ Khalifa។

មនុស្ស​មួយ​ចំនួន​បាន​គិត​ថា ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ អាច​នឹង​រីក​រាយ​​ជាមួយនឹង​ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ២ ដើម្បី​​គេច​ឲ្យ​ផុត​ពីការ​ជួប​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ក្នុង​វគ្គ ​៨ ​ក្រុម​ចុងក្រោយ ប៉ុន្តែ គ្រូ​បង្វឹក​របស់​ពួក​គេ មិន​​គិតបែប​នោះឡើយ​។

លោក Luis Enrique បាន​ប្រាប់​សន្និ​សីទសារ​ព័ត៌​មាន កាលពីថ្ងៃពុធ ទី​៣០ ខែ​វិច្ឆិកាថា៖ «យើង​​ក៏​បានគិត​លើ​ករណី​នេះ​ដែរ ប៉ុន្តែ មតិ​ជាច្រើន គិត​ថា យើង​ចាប់​អារម្មណ៍​ទៅលើ​ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​២​។ យើង​​កំពុង​តែ​ស្ថិត​ក្នុង​នាទី ទី​៩០ នាទី​បន្ថែម​ក៏មក​ដល់ ហើយ​ការ​ប្រកួត​ទាំង​២គូ ស្ថិតក្នុងលទ្ធផលស្មើ ០-០ ដូចគ្នា​។ ហើយ​នៅ​នាទី ទី​៩៥ ខណៈ​ដែល​នៅ​សល់​ពេល​១៥​វិនាទី​ទៀត ជប៉ុន និង​កូស្តារីកា បាន​​ស៊ុត​បាល់បញ្ចូលទី​ដូចគ្នា​»​។

គ្រូបង្វឹក​រូបនេះ​បាន​ប្រាប់​បន្ត​​ថា៖ «អ្នក​បាន​គិត​ពីការ​ប្រកួត​រយៈពេល​៩៥នាទី ហើយ​បាន​ធ្លាក់​ចេញនៅ​នាទី ទី​៩៥​។ ច្រាស់​មក​វិញ​ ប្រសិន​បើ​អាល្លឺ​ម៉ង់ កំពុង​តែនាំមុខ​ ៥-០ ហើយ​យើង​កំពុង​តែ​ស្ថិ​តក្នុងលទ្ធផល​ស្មើ ០-០ ដែល​ជា​រឿងល្អ​សម្រាប់​យើង ហើយ​បន្ទាប់មក យើង​របូត​គ្រាប់បាល់ ហើយ​យើង​ធ្លាក់​ចេញ​»​។

លោក Enrique បាន​បន្ថែម​ទៀត​ថា៖ «នៅពេល​ដែល​អ្នក​ជឿជាក់​ថា ក្រុម​របស់​អ្នក​ខ្លាំង ហើយ​គិត​ថា យើងចង់​លេង​​ការ​ប្រកួត​ចំនួន​ ៧​ លើក ហេតុនេះ យើង​មិន​ចង់​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ឡើយ​​។ យើង​ចង់​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​»។

ការ​ប្រកួតនៅ​រាត្រីនេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង ​២ ​ទៀប​ភ្លឺ (ម៉ោង​នៅកម្ពុជា)៕ AFP

ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ជប៉ុន Maya Yoshida (កណ្តាល) ចូលរួម​ការ​ហ្វឹកហាត់ នៅ​លើ​ទីលាន Al Sadd SC ក្នុង​ទីក្រុង​ដូហា កាលពីថ្ងៃទី​ ៣០ ខែ​វិច្ឆិកា ឆ្នាំ​ ២០២២​។ AFP