The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ធឿន ធារ៉ា បាន​ក្លាយ​ជា​កីឡាករ​គុនខ្មែរ​ដំបូងគេដែល​បាន​ឈ្នះ​ ខ្សែ​ក្រវាត់​នៅ Thai Fight ក្រោយ​វ៉ៃ Saiyok ឱ្យ​ពេទ្យ​បញ្ឈប់

ធឿន ធារ៉ា បាន​ក្លាយ​ជា​កីឡាករ​គុនខ្មែរ​ដំបូងគេដែល​បាន​ឈ្នះ​ ខ្សែ​ក្រវាត់​នៅ Thai Fight ក្រោយ​វ៉ៃ Saiyok ឱ្យ​ពេទ្យ​បញ្ឈប់

Content image - Phnom Penh Post
កីឡាករ ធឿន ធារ៉ា ពេលទទួលពានរង្វាន់និងខ្សែក្រវាត់កាលពីយប់ថ្ងៃទី២៤ ធ្នូ ។ រូបថត សហការី

ធឿន ធារ៉ា បាន​ក្លាយ​ជា​កីឡាករ​គុនខ្មែរ​ដំបូងគេដែល​បាន​ឈ្នះ​ ខ្សែ​ក្រវាត់​នៅ Thai Fight ក្រោយ​វ៉ៃ Saiyok ឱ្យ​ពេទ្យ​បញ្ឈប់

ភ្នំពេញៈ អ្នក​លេង​ផ្លែ​​កែង ធឿន ធារ៉ា បាន​ក្លាយជា​​កីឡាករ​គុន​ខ្មែរ​ដំបូង​គេដែល​ដណ្តើម​បាន​ខ្សែ​ក្រវាត់ Thai Fight និងពាន​រង្វា​ន់ស្តេច​ថៃ ឆ្នាំ​២០២២ ​បន្ទាប់​ពី​រូបគេ​បាន​វាយ​កែង​បណ្តាល​ឱ្យ​ជើង​ខ្លាំង​​ចាស់​វស្សា​របស់​​ថៃ Saiyok Sakchainrong បែក​ធំ និង​ត្រូវ​បាន​គ្រូ​ពេទ្រ​បញ្ឈប់​ត្រឹម​ទឹក​១ សម្រាប់​ការ​ប្រកួត​​ផ្តាច់​ព្រ័ត្រ​ដណ្តើម​​ខ្សែ​ក្រវាត់​នេះ​ក្នុង​ប្រភេទ​ទម្ងន់​៧២,៥​គីឡូក្រាម ​ប៉ុន្តែ​ អេលីត​ ហ៊ុន​កង ត្រូវ​បាន​ខ្លា​ចាស់​ សែន ឆ័យ ទាត់​ឱ្យសន្ល​ប់ធំ នៅទឹកទី​២។

តាម​រយៈការ​ប្រកួត ​ដែល​ធ្វើ​នៅ​ប្រទេស​ថៃ​ កាលពី​យប់​ថ្ងៃ២៤ ​ខែធ្នូ​ ធឿន ធារ៉ា ធ្វើ​បាន​ល្អ​បំផុត ​ដោយ​រូប​គេ បាន​​វាយ​លុក​ទៅ​លើ​ខ្លា​ចាស់ Saiyok ដោយ​គ្មាន​ញ​ញើត​នោះ​ទេ បើទោះបី​ជា Saiyok ជា​ខ្លា​កំណាច​របស់ Thai Fight ដែល​ទើប​ទាត់​ឱ្យ​មិត្ត​រួម​ជាតិ​របស់​គេ​ ធន់ រិទ្ធី សន្លប់​ក្នុង​ទឹក​ទី​២​​ ក៏ដោយ។

ការ​ប្រើ​កណ្តាប់​ដៃ​ឆ្វេង​ស្តាំ ម៉ាត់​ទៅ​លើ​កណ្តៀត​ក្អម​របស់​ ធឿន ធារ៉ា ​បាន​ធ្វើ​ឱ្យ Saiyok ហាក់​គ្មាន​ឱកាស​ដក​ឃ្លា ​ទាល់​តែ​សោះ ក្នុង​ការ​ប្រើ​ស្នៀត​ជើង​ដ៏​ខ្លាំង​របស់​គេ ​ព្រោះកា​រ​វាយ​សន្ធាប់​​មិន​ដក​​ថយ​របស់​ ធឿន ធារ៉ា បាន​ធ្វើ​ឱ្យ​កីឡាករ​ចាស់​​វិស្សា​របស់​ថៃ​រូបនេះ​ រងសម្ពាធ​ខ្លាំង ហើយ​​​ស្ថិត​ក្នុងស្ថាន​ភាព​ដ៏អំណោយ​ផល​នេះ ​ធារ៉ា បាន​វាយ​កែង​ខ្លីថែម​យ៉ាង​លឿន ​បណ្តាល​ឱ្យ Saiyok បែក​លើ​​ចិញ្ចឹម​ខាង​ស្តាំ ហូរ​ឈាម​ស្រោច​ពេញ​មុខ។

ភ្លាមៗនោះ ​គ្រូ​ពេទ្យ​ប្រចាំ​សង្វៀន Thai Fight បាន​ចាប់​ឃាត់​ Saiyok ដើម្បី​ធ្វើការ​ពិនិត្យ​មុខ​របួស​បែកនេះ ​រួច​ក៏​បញ្ឈប់​ការ​ប្រកួត និង​ផ្តល់​ជ័យ​ជម្នះ​ឱ្យ ធឿន ធារ៉ា តែ​ម្តង។ ធឿន ធារ៉ា បាន​បង្ហាញ​ក្តី​រំភើបខ្លាំង ​រហូត​យំ ព្រោះ​ជ័យជម្នះ​នេះ វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​​ជួយ​លើក​មុខ​មា​ត់គុ​នខ្មែរ​នៅលើ​ឆាក​អន្តរ​ជាតិ ហើយ​​វាក៏​ជាពេ​ល​ដែល ធឿន ធារ៉ា បាន​ឈ្នះ​ខ្សែ​ក្រវាត់ ​និង​ពាន​លេខ​១នេះ ជា​លើក​ដំបូង ក្នុ​ងអាជីព​ផង​ដែរ។

ធឿន ធារ៉ា បាន​និយាយ​ក្រោយ​ការ​ប្រកួត​​ថា៖​ «ខ្ញុំមានអា​រម្មណ៍​ក្តុក​ក្តួល​ខ្លាំង ព្រោះ​វាជា​លើកទី​១ ដែល​ខ្ញុំ​ទទួលបាន​ខ្សែ​ក្រវាត់​ ហើយ​ខ្ញុំមិន​ស្មាន​ដល់​ថា អាច​បាន​ខ្សែ​ក្រវាត់​នេះ​ទេ​ ព្រោះ​គេ​ល្អ។ ​វ័យគេ​ចាស់​មែន តែ​ក្បាច់​របស់​​គេ​នៅល្អ គឺ​គាត់​ទាត់​ធ្ងន់ ​និងកែង​ខ្លី​បាន​លឿន ​ប៉ុន្តែខ្ញុំ​វាយដៃ​ចូល​មុន ហើយ​ឃើញ​ថា ​គាត់​​ចុក​ អ៊ីចឹង​ខ្ញុំ​​ក៏​វាយកែ​ង​ថែម​ទៀត ដែល​ការ​បត់​កែង​របស់​ខ្ញុំ​នេះ ចូល​ពេញ​ល្អ»។

ជាមួយ​ការ​ឈ្នះ​ខ្សែ​ក្រវាត់ Thai Fight នេះ ធឿន ធារ៉ា ទទួល​បាន​ប្រាក់​រង្វាន់​សរុប​ជិត​៣ម៉ឺន​ដុល្លារ ​ហើយ​រួមគេ​ក៏​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ជន​រួមជាតិ​ជា​ច្រើន​ទៀត​ផង​ដែរ​ ព្រោះ​គ្រប់​គ្នា ពិត​ជា​​រំភើប​ខ្លាំង​បំផុត​ ដែល ​ធារ៉ា​ បាន​ផ្តួល​​ខ្លា​កំណាច​​ប្រចាំ​នៅ Thai Fight សៃ​យុគ បាន​សម្រេច​ ខណៈ​​​កីឡាករ​កម្ពុជា​ច្រើន​នាក់​ណាស់ បាន​សន្លប់ និង​ចាញ់ នៅ​លើ​សង្វៀន​មួយ​នេះ ​ពោលគឺ​មានតែ សេន ប៊ុនថេន និង កែវ ​រំចង់ ប៉ុណ្ណោះ ដែល​ធ្លាប់​ឈ្នះ​នៅ Thai Fight កន្លង​មក ប៉ុន្តែនោះ​គ្រាន់​តែជា​ការ​ប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ​ប៉ុណ្ណោះ ​មិនមែន​ជា​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ដូច ​ធឿន ​ធារ៉ា នោះ​ឡើយ​។

យ៉ាង​ណា​ក៏​ដោយ នៅ​មុន​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រជា​មួយ Saiyok នេះ ធឿន ធារ៉ា បាន​ហ្វឹក​ហាត់​ខ្លាំង​ណាស់ ក្រោម​ការ​បង្ហាត់​ផ្ទាល់​ពី​លោក​គ្រូ ​អេ ភូថង។ ធារ៉ា បាន​បញ្ជាក់​ថា៖​«​សម្រាប់​ការ​ប្រកួត​នេះ ​ខ្ញុំបាន​ត្រៀម​ខ្លួន​រួច​រាល់​មុន ​ដោយ​ខ្ញុំ​ចាំ​ឈរ​បាំង​ឆ្វេង និង​កាត់​ជើង​មុខ​របស់គា​ត់។ ​ខ្ញុំបាន​ដាក់​ក្តី​សង្ឃឹម​ថា នឹង​យក​ឈ្នះ​ឱ្យ​បាន ​ប៉ុន្តែ​​ខ្ញុំ​ពិតជា​មិន​នឹក​ស្មាន​ដល់​ថា ខ្ញុំ​ធ្វើ​បាន​ល្អ​ដល់​ថ្នាក់​ហ្នឹង​នោះ​​ទេ»។

ជាមួយ​គ្នា​នេះ​លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ ក៏​បាន​សម្តែង​ការ​អបអរ​សាទរ​ដល់ ធឿន​ ធារ៉ា ផង​ដែរ។ កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន រូបនេះ បាន​បង្ហោះ​សារ​នៅលើ​ផេក​ហ្វេស​ប៊ុក​របស់​លោក​ថា៖ ​«អប​អរ​សាទរ​កីឡា​ករ ធឿន ធារ៉ា ដែល​បាន​ឈ្នះខ្សែ​ក្រវាត់ Thai Fight និង​ពាន​រង្វាន់​ស្តេច​ថៃ ឆ្នាំ​២០២២ ដោយ​ផ្តួល​កីឡា​ករ សៃ​យុគ ក្នុង​ទឹកទី​១»​។

ផ្ទុយ​ពីនេះ ​កីឡាករ​កម្ពុជា ​អេលីត ហ៊ុនកង ដែល​ប្រកួត​ផ្តាច់​ព្រ័ត្រ ​ដណ្តើម​ខ្សែ​ក្រវាត់​ជា​មួយ​ជើង​ខ្លាំង Saenchai កាលពី​យប់​ថ្ងៃសៅរ៍​​នោះ​ដែរគឺ​មិន​អាច​ទប់​ទល់​ជាមួយ​តារា​ប្រយុទ្ធ​ជើង​ចាស់ប្រ​ចាំនៅ Thai Fight ម្នាក់​នេះបា​ន​នោះ​ទេ។ ទោះ​បីជា ហ៊ុនកង បាន​តាម​វាយ​លុក​ទៅ​លើ Saenchai ដោយ​គ្មាន​ការ​ញញើត​ក៏ដោយ ​ប៉ុន្តែ​ការទា​ត់ឆ្វេង​ចូល​កញ្ចឹងក​ពេញ​ទំហឹង​ និង​ម៉ាត់​ថែម​១​ដៃ​របស់ ​Saenchai បាន​ធ្វើ​ឱ្យ ហ៊ុន​កង ដួល​ទាំង​វង្វេង​ ហើយ​ត្រូវ​បាន​អាជ្ញា​កណ្តាលរា​ប់តាំងពី​​ទឹក​ទី​១។

យ៉ាង​ណាមិ​ញ សម្រាប់​ការ​ព្យាយាម​ចូល​វាយ​កណ្តាប់ដៃ​ដោយខ្វះ​ការ​ប្រុង​ប្រយ័ត្ន​របស់​ អេលីត ​ហ៊ុនក​ង នាំ​ឱ្យ Saenchai ​អាច​ទាត់​ឆ្វេង ចូលក​ញ្ចឹងក​ ជា​លើក​ទី​២ និង​ធ្វើ​ឱ្យ ហ៊ុន​កង​ ដួល​សន្លប់ ​នៅពា​ក់កណ្តា​លទឹកទី​២​តែ​ម្តង ​ហើយ​នេះ​ជាជ័យ​ជម្នះ​៦៨​លើក​ជាប់ៗ​គ្នា​របស់ សែន​ឆ័យ​។

ជា​មួយ​គ្នា​នេះ លោក ស៊ន អេលីត គ្រូ​បង្វឹក ​អេលីត ​ហ៊ុន​កង បាន​លើក​ឡើង​បែប​ការ​ពារ​ ដល់​ការ​ចាញ់​របស់ ហ៊ុន​កង ​ថា៖ ​«​អ្នក​គាំ​ទ្រ​ស្ដី​បន្ទោស ហ៊ុន​កង ធ្វើអី ​បើសូម្បី ណងអូ​ ម្ចាស់ខ្សែក្រ​វាត់ ONE ក៏ទទួល​ស្គាល់ថា​ ខ្លួន​មិន​ដល់ សែន​ឆ័យ ដែរ (ចាញ់​៤ លើក​ជាប់​គ្នា)។ យើង​រៀន​បើក Wikip​edia មើល សិក្សា​ពីគេ​បន្ថែម ​គឺ​៦៨​នាក់​ហើយ ដែល​ចាញ់ សែន​ឆ័យ កន្លង​មក មិន​មែន​ដំឡូង​មូល​ទាំងអ​ស់ទេ ក្នុងនោះ​ក៏​មាន ផល សោ​ភ័ណ្ឌ ដែរ»។​

ចំណែក​កីឡាករ​ អេលីត ហ៊ុន​កង ដែល​ជា​បេក្ខ​ភាព ​ធ្លាប់​ឈ្នះមេដា​យសំរឹទ្ធ​ផ្នែក​កីឡាប្រ​ដាល់សក​ល ជូនក​ម្ពុជា នៅស៊ី​ហ្គេមប្រ​ទេស​វៀត​ណាមឆ្នាំ​២០២២នេះ ​បាន​និយាយ​ក្រោយ​ការ​ប្រកួត​​ថា៖ «ថ្ងៃនេះ ខ្ញុំ​ធ្វើ​អត់​សូវបានល្អ​ទេ ដោយ​សារតែ​យើង​ធ្លាក់ដៃ​ពេក​ ហើយ​ខ្ញុំ​នឹង​យក​​ចំណុច​​ខ្វះខាតនេះ​​ទៅកែ​ប្រែ​ និងខំប្រឹង​ធ្វើ​ឱ្យអស់ពី​លទ្ធ​ភាព សម្រាប់​ការ​ប្រកួត​ក្រោយៗ​​ទៀត»៕​

អត្ថបទគួរចាប់អារម្មណ៍